ភ្នំពេញ៖ ថ្មីៗនេះតារាសម្តែង និងកំប្លែង លោក ម៉ា ដូណា និងគ្រួសារបានលេចចេញជម្លោះរឿងព្រំដីជាមួយអ្នកជិតខាង។ ក្រោយផ្ទុះជម្លោះ និងបង្ករបួសស្នាមទៅវិញទៅមក ក្រុមគ្រួសារលោក ត្រូវភាគីម្ខាងទៀត ដាក់ពាក្យប្តឹង និងទាមទារសំណងចំនួន៨ម៉ឺនដុល្លារអាមេរិក។
បន្ទាប់ពីតារាកំប្លែង ម៉ាដូណា បានចេញវីដេអូខ្លីមួយដើម្បីប្រកាសស្វែងរកមុខក្មេងស្រី ដែលគប់បងស្រីបង្កើតរបស់ខ្លួនឲ្យរយះត្រង់ភ្នែក និងជូនសគុណទៀតផង នោះស្រាប់តែពេលនេះ រឿងរ៉ាវកាន់តែរីកធំ ព្រោះតែជនបង្កថែមទាំងដាក់ពាក្យប្តឹងចោទប្រកាន់បងស្រីលោកប្រើហិង្សាដាក់ និងទាមទារជំងឺចិត្តដល់៨ម៉ឺនដុល្លារអាមេរិក។
ម៉ាដូណាបញ្ជាក់ថា៖ “គេអាងខ្សែអ្នកធំ ហើយបំពានច្បាប់មកវាយលើក្រុមគ្រួសារខ្ញុំទៀត សុំជួយរកមុខក្មេងស្រីអាវស ខោស និងក្រុមគ្រួសារនេះផង ព្រោះបានរត់គេចពីថ្ងៃបន្ទាប់ពីបង្ករបួសស្នាមដោយចេតនាដើម្បីចូលមកបំភ្លឺទាំងអស់គ្នា” ។ លោកបញ្ជាក់ទៀតថា ហេតុការណ៍ដែលកើតឡើងនេះ គឺបណ្ដាលមកពីលោកនិងភាគីម្ខាងទៀតមានជម្លោះរឿងពុះចែកព្រំរបងផ្ទះហើយម្សិលមិញនេះ កូនស្រីរបស់ភាគីជម្លោះបានគប់បងស្រីរបស់លោក ដោយកែវទឹកចំត្រង់ភ្នែក និងបណ្ដាលឲ្យរយះហើយរត់គេចបាត់តែម្ដង។ នៅល្ងាចនេះដែរ អ្វីដែលលោកកាន់តែហួសចិត្ត គឺក្រោយពេលបង្ករបួសស្នាមហើយ ថែមទាំងបំបិទភស្តុតាង និងបែរជាមកចោទប្រកាន់បងស្រីលោកថា ជាអ្នកបង្ករបួសស្នាមទៅវិញ។
លោកថា ពេលនេះភាគីម្ខាងទៀតនោះ បានទាំងដាក់ពាក្យបណ្តឹង និងទាមទារជំងឺចិត្តចំនួន៨ម៉ឺនដុល្លារអាមេរិកថែមទៀតដែលធ្វើឲ្យក្រុមគ្រួសារលោកមិនសុខចិត្ត និងទាមទាររកយុត្តិធម៌ ។ លោកថាពួកនេះល្បិចកលច្រើនណាស់ ធ្វើពុតជាមានស្នាមរបួស នៅត្រង់ពោះ គ្រាដែលបងស្រីលោកជាំភ្នែកខ្លាំង ព្រោះតែភាគីម្ខាងទៀតនោះគប់កែវចំគ្រាដែលមានជម្លោះរឿងព្រំដីនៅជិតរង្វង់មូលចោមចៅ។ រឿងនេះ ក៏បានធ្វើឲ្យតារារូបនេះកើតទុក្ខមិនសុខចិត្ត និងស្នើឲ្យមានការដោះស្រាយតាមផ្លូវច្បាប់។
ម៉ា ដូណា លើកឡើងថា ទោះភាគីបង្កហេតុលួចបំពានច្បាប់ ប្រើហិង្សា ហើយប្រើហិង្សាលើបងស្រីលោក បានអួតអាងថាខ្លួនមានខ្សែជាអ្នកធ្វើការធំក្តី ក៏លោកនៅតែប្រឹងប្រែងគ្រប់មធ្យោបាយដើម្បីកិត្តិយស និងស្វែងរកយុត្តិធម៌ជូនបងស្រីលោកដល់ទីបំផុត ព្រោះតែលោកមានភស្តុតាងគ្រប់គ្រាន់ដើម្បីដាក់បន្ទុកភាគីម្ខាងទៀតផងដែរ៕ វឌ្ឍនា