ខេត្តកំពង់ស្ពឺៈ ថ្នាំញៀនជាច្រើនកញ្ចប់ ត្រូវបានសមត្ថកិច្ចដកហូត ពីក្រុមសង្គមងងឹត ដែលជាមុខសញ្ជាជួញដូរដ៏សកម្ម សមត្ថកិច្ចតាមដានអស់រយៈពេលជាយូរមកហើយ។
ពេលនេះក្រុមជនសង្ស័យត្រូវបានសមត្ថកិច្ចសាកសួរ និងកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀនចាត់ការបន្ត។
ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចភូមិដែកភ្លើង ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ជនសង្ស័យមានឈ្មោះស្រូយ គឹមហុង ភេទប្រុស អាយុ៣៣ឆ្នាំ ឈ្មោះណុំ វិសាល ភេទប្រុស អាយុ២៣ឆ្នាំ ឈ្មោះសន ក្រឹម ភេទប្រុស អាយុ៣០ឆ្នាំ ពួកគេរស់នៅភូមិដែកភ្លើង ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
អធិការនគរបាលស្រុកសំរោងទងលោកវរសេនីយ៍ឯកឃុត សុផល បានឲ្យដឹងថា ដោយអនុវត្តតាមការណែនាំរបស់លោកឧយ្តមសរនីយ៍ត្រីសម សាមួន ស្នងការនគរបាលខេត្ត រូបលោកបានដឹកនាំកម្លាំងក្រោមឱវាទចុះល្បាតក្នុងភូមិសាស្ត្រស្រុក ដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងតាមដានមុខសញ្ញាចាស់ជាប្រចាំផងដែរ។
ពេលកំពុងល្បាតបានប្រទះឃើញមុខសញ្ញា ដែលកម្លាំងរបស់លោកបានតាមដានកំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀននៅចំណុចខាងលើ ក៏បានឃាត់ខ្លួនដើម្បីត្រួតពិនិត្យ។ ជាលទ្ឋផលក្រោយការឆែរឆេរ សមត្ថកិច្ចរកឃើញថ្នាំញៀននៅជាប់ខ្លួនពួកគេចំនួន២១៥កញ្ចប់ ក៏សុំគោលការណ៍ថ្នាក់ដឹកនាំដើម្បីយកមកកាន់អធិការដ្ឋានស្រុកសាកសួរ និងស្វែងរកបក្ខពួកបន្ត។
នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពចែកចាយថ្នាំញៀនពិតប្រាកដមែន។ វត្ថតាងរួមមានថ្នាំញៀន២១៥កញ្ចប់ ទូរស័ព្ទ២គ្រឿង និងម៉ូតូ១គ្រឿង ព្រមទាំងជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន១។
ពេលនេះ សមត្ថកិច្ចកំពុងសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅកានការិយាល័យបករឆាំងគ្រឿនញៀនចាត់ការបន្តនីតិវិធី៕សេនាស័ក្តិ