ខេត្តកំពង់ឆ្នាំង៖ ឈ្មួញជនជាតិវៀតណាមម្នាក់ឈ្មោះ ង្វៀង យ៉ាំងបូ ប្រើឥទ្ធិពល ទឹកលុយគ្របដណ្ដប់សមត្ថកិច្ចរដ្ឋបាលជលផល និងអាជ្ញាធរស្រុកជលគិរីបង្កឲ្យឈ្មួញ រូបនេះមានលទ្ធភាពផ្ដល់លុយកម្ចីឲ្យប្រជាពលរដ្ឋប្រព្រឹត្តបទល្មើសនេសាទ នៅស្រុកជលគិរី ហើយទទួលទិញផល មច្ឆជាតិទុច្ចរិតមកវិញទាំងរដូវបើកនិងបិទនេសាទដោយមិនខ្លាចរអាច្បាប់ឡើយ។
តាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅឃុំពាមឆ្កោក ស្រុកជលគិរីបានឲ្យដឹង ថា បទល្មើសនេសាទដែលឈ្មួញឈ្មោះ ង្វៀង យ៉ាំងបូ ជួយផ្ដល់លុយ ហើយទទួល ទិញផលទុច្ចរិតនោះមាន ឆក់ សម្រាស់ របាំងធ្នស់ ដាក់ភ្ជិត ព្រែក របាំងសាច់អួន និងស្បៃមុងជាដើម។ ចំណែកនៅរដូវបិទ នេសាទនេះមានរបាំងធ្នស់ដាក់ភ្ជិតព្រែក និងរបាំងសាច់អួន និងរបាំងស្បៃមុងដែល មានរាប់ពាន់របាំងនៅឃុំពាមឆ្កោកនេះ។
សេចក្ដីរាយការណ៍នេះបានបញ្ជាក់ថា ឈ្មួញវៀតណាម ង្វៀង យ៉ាំងបូ បានជួយ លុយឲ្យមានការចិញ្ចឹមកូនត្រីឆ្ដោ ហើយគេ បន្តជួយលុយការដាក់របាំងស្បៃមុងនិងរត់ការរបាំងស្បៃមុងទៀតផងដើម្បីឲ្យរបាំង នេះដំណើរការចាប់ត្រីបានដោយរលូន ហើយត្រីធំខ្លួនទិញយក។ ចំណែកកូនត្រីតូចៗយកទៅធ្វើចំណីត្រីឆ្ដោជាប្រយោជន៍ជួយជ្រោមជ្រែងលុយដែលខ្លួនជួយឲ្យ ចិញ្ចឹមកូនត្រីឆ្ដោនោះកុំឲ្យបាត់បង់ ម្យ៉ាង ទៀតត្រីឆ្ដោនឹងរហ័សធំហើយគេនឹងឆាប់បានទិញយកវិញ ។
សេចក្ដីរាយការណ៍ដដែលនេះបានបន្តទៀតថា កន្លងមកនិងបច្ចុប្បន្នដោយការ ផ្ដល់លុយកម្ចីទៅឲ្យប្រជាពលរដ្ឋដើម្បី ប្រព្រឹត្តបទល្មើសនេសាទគឺឈ្មួញរូបនេះ ចំណេញយ៉ាងកប់ក្ដោង រីឯប្រជាពលរដ្ឋ ប្រឈមមុខនឹងផ្លូវច្បាប់នឹងមានជីវភាព កាន់តែលំបាក ។
ប្រភពព័ត៌មានផ្សេងមួយទៀតចេញពីសមត្ថកិច្ចដែលមិនពាក់ព័ន្ធនឹងលាភសក្ការៈបានបង្ហើបឲ្យដឹងថា ឈ្មួញ ង្វៀង យ៉ាំងបូ បានអួតថា ខ្លួនមានទំនាក់ទំនងជាមួយ សមត្ថកិច្ចរដ្ឋបាលជលផល និងសមត្ថកិច្ចអាជ្ញាធរស្រុកជលគិរីអស់ហើយៗខ្លួនជា ប្អូនធម៌ឈ្មោះ សោម ភិរុណ នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងទៀតផង ។
ទោះជាយ៉ាងណាក្ដីនេះជាប្រភពព័ត៌មានម្ខាងតែប៉ុណ្ណោះ ព្រោះលោក ង្វៀង យ៉ាំង បូ មិនបានឆ្លើយបំភ្លឺនោះទេ ដោយលោកមិនទទួលទូរស័ព្ទអ្នកសារព័ត៌មាន ព្យាយាមសុំផ្ដល់បទសម្ភាសន៍។ ចំណែក លោក ឃីម ឡុង នាយផ្នែករដ្ឋបាលជល ផលកំពង់ប្រាសាទបានឲ្យអ្នកសារព័ត៌មាន សួរលោក សុង សារឿន នាយសង្កាត់រដ្ឋ បាលជលផលពាមឆ្កោក ប៉ុន្តែលោក សុង សារឿន មិនអាចសុំការបំភ្លឺបានទេ ដោយ លោកបញ្ជាក់ថា លោកជាប់រវល់ពិធីបុណ្យ ខួប៧ថ្ងៃភរិយាលោកដែលបានទទួល អនិច្ចកម្មកាលពីពេលថ្មីៗនេះ ។
ប្រជាពលរដ្ឋសុំឲ្យអាជ្ញាធរខេត្តកំពង់ ឆ្នាំងមេត្តាពិនិត្យមើលសកម្មភាពនេះដោយ ឈ្មួញដែលមានឥទ្ធិពលតែម្នាក់បង្កសាបព្រោះបទល្មើសពេញទឹកនៅតំបន់ឃុំពាមឆ្កោក ស្រុកជលគិរី ផ្ទុយទៅវិញអ្នករង គ្រោះពិតប្រាកដគឺប្រជាពលរដ្ឋ។ ពាក់ព័ន្ធ ព័ត៌មាននេះដែរអ្នកព័ត៌មានយើងមិនទាន់សុំការបំភ្លឺពីលោក សោម ភិរុណ នាយ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបាននៅឡើយទេ ៕ ហេង សូរិយា