ខេត្តតាកែវ៖ បុរស់ម្នាក់បានស្លាប់នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីត្រូវ ជនមិនស្គាល់មុខកាប់មួយកំបិតចំកញ្ចឹងក ពេលចេញពីច្រៀងខារ៉ាអូខេ ។
ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១ រំលងអធ្រាត្រ ស្ថិតនៅលើផ្លូវជាតិលេខ២ ត្រង់ចំណុចមុខហាងលក់គ្រឿងសង្ហារឹមយីហោ ” មិត្តចាន់សោភា ” ស្ថិតក្នុងភូមិ សីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។
យោងតាមរបាយការណ៍របស់នគរបាលស្រុកបាទីបានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់ឈ្មោះ ឈ្មោះកង ថារិទ្ឋ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ។
នៅមុនពេលកើតហេតុជនរងគ្រោះមានគ្នា៩នាក់ជិះម៉ូតូ៣គ្រឿង បាននាំគ្នាចេញពីពិធីជប់លៀងបង្កក់កូនរបស់មិត្តភក្តិ នៅភូមិ-ឃុំ កើតហេតុខាងលើ រួចក៏បាននាំគ្នាទៅច្រៀងខារ៉ាអូខេ យីហោ K.T.V ណាវីម្លប់ស្វាយ ស្ថិតក្នុងភូមិរុន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។
តាមរបាយការណ៍ដដែលបានបញ្ជាក់ថា ពួកគេបានចូលច្រៀងបាន២ ម៉ោងក៏ឈប់ហើយជិះម៉ូតូត្រទ្បប់មកផ្ទះវិញលុះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានជនសង្ស័យជិះម៉ូតូ២គ្រឿមានគ្នា៤នាក់តាមពីក្រោយ ដោយម៉ូតូមុនជិះហួស ឯម៉ូតូក្រោយជិះឆាបមកកាប់ត្រូវជនរងគ្រោះ ចំកញ្ចឹងកផ្នែកខាងឆ្វេងមួយកាំបិតបណ្ដាលឲ្យរងរបួសធ្ងន់ ហើយក៏បានស្លាប់តាមផ្លូវនៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
ក្រោយពេលធ្វើសកម្មភាពកាប់រួចហើយជនល្មើសបានជិះម៉ូតូបង្ហួសទៅទិសខាងជើងបាត់ស្រមោលតែម្ដង។
បច្ចុប្បន្នសមត្ថកិច្ចកំពុងស៊ើបអង្កេតដើម្បីចាប់ជនដៃដល់មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ចំណែកសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕ ភ្នំដា