ភ្នំពេញ៖ គួរឲ្យខ្លោចផ្សាណាស់ ខណៈ ដែលប្តីប្រពន្ធ២នាក់បណ្តើរគ្នាមកពីរកត្រីនៅពេលយប់បែរជាមានគេបង្អើលឆ្កែឲ្យ ដេញខាំភ័យពេកក៏នាំគ្នាទៅរត់ពួនក្នុងបឹងមួយកន្លែង។ លុះព្រឹកឡើងឃើញប្តីនៅ រស់ ឯប្រពន្ធបានលង់ទឹកស្លាប់យ៉ាងវេទនា បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងទឹកបឹងដីឡូត៍គ្មានលេខមួយកន្លែងស្ថិតនៅ ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារ អំពៅ រាជធានីភ្នំពេញ ។
នារីរងគ្រោះឈ្មោះកាល់ ស្រីមុំ អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបររកត្រី ស្នាក់ នៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌ ច្បារអំពៅ។
តាមការរៀបរាប់ពីបុរសជាប្តីបានឲ្យ ដឹងថា កាលពីថ្ងៃទី៩ ខែក្កដា ឆ្នាំ២០១៧ វេលារំលងអធ្រាត្រនារីរងគ្រោះនិងគាត់ជាប្តីបាននាំគ្នាទៅរកត្រីនៅស្រះដីឡូត៍ទុកចោលមួយកន្លែងក្នុងភូមិព្រែកធំ សង្កាត់ ក្បាលកោះ ខណ្ឌច្បារអំពៅ។ លុះពេលរក ត្រីបានប្រហែល៤គីឡូក្រាមក៏បានក៏នាំគ្នាត្រឡប់មកផ្ទះវិញ។ ពេលមកដល់ដីឡូត៍ឈ្មោះគង់ក៏មានឆ្កែព្រុសដេញខាំដោយសារម្ចាស់ផ្ទះបង្អើល។ ពេលនោះប្រពន្ធ និងរូបគាត់ភ័យពេកក៏នាំគ្នារត់បែកគ្នាចូលក្នុងបឹងដើម្បីសំងំពួនយករួចខ្លួន។ ក្រោយ មករូបគាត់ក៏ឡើងទៅដល់ផ្ទះមុនស្រាប់តែបាត់ប្រពន្ធមិនដឹងរត់គេចដល់ត្រង់ណា ។
បុរសជាប្តីបន្តថា លុះព្រឹកឡើងថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៧ គាត់បានទៅរាយការណ៍ប្រាប់សមត្ថកិច្ចអំពីរឿងនេះរួចក៏នាំគ្នាទៅរាវក្នុងទឹកបឹងកន្លែងរត់ចុះទឹកសំងំពួនកាលពីយប់ ស្រាប់តែរកឃើញ សពប្រពន្ធនៅក្នុងបឹងកើតហេតុខាងលើ គួរឲ្យរន្ធត់ណាស់ ។
តាមការពិនិត្យរបស់សមត្ថកិច្ចនគរបាលការិយាល័យបច្ចេកទេស និងតាមការបញ្ជាក់ ពីគ្រូពេទ្យផ្នែកកោសល្យវិច័យបានឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយលង់ទឹកប្រាកដមែនរួចបានប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ សណ្តោស