ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋម្ខាងប្តឹងសុំឲ្យសុរិយោដីចេញប្លង់ពលរដ្ឋម្ខាងទៀតប្តឹងថាក្រុមហ៊ុនរំលោភដីតែជំនាញថាកើតចេញពីពលរដ្ឋមិនយល់ច្បាប់

ចែករំលែក៖

ខេត្តកំពត ៖ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ក្រុមប្រជាពលរដ្ឋ ប្រមាណ១០៣គ្រួសារ នៅក្នុងភូមិព្រៃ ពាយ ឃុំត្រពាំងផ្លាំង ស្រុកឈូក ខេត្តកំពត ដោយក្នុងដៃមានកាន់រូបសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផងនោះ បាននាំគ្នា មកទាមទារនៅសាលាខេត្ត ដើម្បីសុំឲ្យ អាជ្ញាធរ និងសុរិយោដីចេញបណ្ណកម្មសិទ្ធិដីធ្លីជូនពួកគាត់។

ការទាមទារចេញបណ្ណកម្មសិទ្ធិនេះធ្វើឡើងស្របពេលដែលដីត្រៀមចេញបណ្ណ នោះ កំពុងមានទំនាស់យ៉ាងក្តៅគគុករវាងពលរដ្ឋនឹងពលរដ្ឋ និងរវាងពលរដ្ឋនឹងក្រុមហ៊ុនដ៏ល្បីឈ្មោះមួយដែលគ្រប់គ្រងដោយលោក អ៊ាំ ផល្លីន និងអ្នកស្រី ហ៊ាង គន្ធី។

ពលរដ្ឋម្នាក់តំណាងឲ្យពលរដ្ឋជាង១០០គ្រួសារ បានលើកឡើងនៅក្នុងការតវ៉ាថា មូលហេតុដែលពួកគាត់លើកគ្នាមកផ្តុំនៅសាលាខេត្តបែបនេះ ព្រោះតែចង់ឲ្យអាជ្ញា ធរ និងជំនាញចេញប្លង់រឹងកម្មសិទ្ធិជូនពួកគាត់ ព្រោះផ្ទៃដីរបស់ពួកគាត់បានវាស់វែង រួចរាល់ហើយ ហើយមន្ត្រីសុរិយោដីម្នាក់ឈ្មោះ អ៊ុក ចាន់ បានសន្យាថានឹងប្រគល់ប្លង់ជូនពួកគាត់នៅក្រោយពេលចូលឆ្នាំខ្មែរតែមកដល់ពេលនេះទៅហើយនៅពុំទាន់បានទៀតហើយថែមទាំងមានពលរដ្ឋមកពីឆ្ងាយ ចូលដណ្តើមដីទាំងនោះថែមទៀតផង។

សូមរំលឹកថាកាលពីពេលថ្មីៗនេះ ពល រដ្ឋប្រមាណ១៨៨ គ្រួសារផ្សេងទៀត ធ្លាប់ បានលើកគ្នាតវ៉ារួចមកហើយចំពោះទីតាំង ដីខាងលើនេះ បើនិយាយទៅគឺជាទំនាស់ស្ទួនលើដីតែមួយ ហើយតវ៉ាបែបនេះ គឺជា រឿងដដែលជាច្រើនលើកច្រើនសាទៅ ហើយ និងរឹតតែឡើងកម្តៅកាន់តែខ្លាំងថែមទៀត ខណៈដែលពលរដ្ឋដែលមាន ទំនាស់ខាងលើ ហាក់បង្ហាញពីទឹកចិត្តអស់ជំនឿលើអាជ្ញាធរឃុំ និងស្រុក និងជំនាញ ខេត្តទៅហើយ ។

បើតាមការបញ្ជាក់ពីពលរដ្ឋដែលធ្លាប់លើកគ្នាមកតវ៉ានៅសាលាខេត្តកាលពី លើកមុនៗបានឲ្យដឹងថា វិវាទដីធ្លីនៅក្នុងឃុំត្រពាំងផ្លាំង និងឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក នាពេលបច្ចុប្បន្ននេះកើតចេញ ពីប្រភពតែមួយគត់ គឺពីក្រុមហ៊ុនលោក អ៊ាំ ផល្លីន និងអ្នកស្រី ហ៊ាង គន្ធី ។ ដោយ ឡែកប្រភពពីក្រុមហ៊ុនថា បង្កឡើងដោយ សារពលរដ្ឋ។ យ៉ាងណាក៏ដោយពលរដ្ឋ ដដែលបាននិយាយថា ក្រុមហ៊ុនគឺមាន អំណាចលើប្រជាពលរដ្ឋ និងមានបក្ខពួក រំលោភលើអាជ្ញាធរខេត្តទៅទៀត ទើបទំនាស់មួយនេះគ្មានថ្ងៃបញ្ចប់បន្តរហូតមកដល់ សព្វថ្ងៃនេះ។

ទាក់ទងករណីវិវាទដីធ្លីដ៏សែនរ៉ាំរ៉ៃមួយនេះលោក វ៉ែន ស៊ីថា នាយករដ្ឋបាល សាលាខេត្តកំពតបានមានប្រសាសន៍ថា អាជ្ញាធរកំពុងតែដោះស្រាយជូនពលរដ្ឋហើយមិនទុកឲ្យពលរដ្ឋនៅពិបាកនោះទេ ។

ជាមួយគ្នានេះ លោក យិន វុឌ្ឍ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពតមានប្រសាសន៍ថា ការមិនទាន់ចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋខាងលើដោយសារមានបណ្តឹងផ្សេងទៀតលើផ្ទៃដីខាងលើ ដូច្នេះក្រសួងត្រូវតែផ្អាក​ចេញនិងត្រូវពិនិត្យម្តងទៀត ។ លោកបាន​បញ្ជាក់ថាការប្តឹង ទាមទារដីខាងលើនេះ គឺ​កើតចេញពីពលរដ្ឋមិនយល់ពីច្បាប់ ៕ សហការី


ចែករំលែក៖