ព័ត៌មានទាន់ហេតុការណ៍៖

ឆក់បានហើយរត់មិនរួចត្រូវបានសមត្ថកិច្ច និងអាវុធហត្ថដេញឃាត់បានភ្លាមៗ

ចែករំលែក៖

 

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាឆក់កាបូបយ៉ាងសកម្ម បានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់បានសម្រេច ធ្វើឲ្យជនរងគ្រោះដួល ត្រូវបានប្រជាពលរដ្ឋស្រែកបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង១៥នាទីព្រឹកថ្ងៃទី១២ខែកក្កដាឆ្នាំ២០១៧ តាមផ្លូវសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ភ្លាមនោះក៏ត្រូវបានកម្លាំងអាវុធហត្ថ និងនគរបាលនៅក្បែរដេញចាប់បានភ្លាមៗតែម្តង។

ជនសង្ស័យទី១ ឈ្មោះ អៀ មករា ហៅយ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ជាអ្នកបើកបរម៉ូតូ ម៉ាក សង់ ប៊ិច សេ១១០ សេរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BM-8761 ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។ ចំណែកបក្ខពួកម្នាក់ទៀតដែលត្រូវបានកម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួនបាន មានឈ្មោះ ប៉ាក់ ម៉ាហាន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ជនរងគ្រោះ មានឈ្មោះ សុន យ៉ា ភេទស្រី អាយុ៣២ឆ្នាំ មុខរបរកាត់ដេរនៅផ្ទះ រួមដំណើរជា​មួយ​ប្អូន​ស្រី​ម្នាក់ទៀត ឈ្មោះ ស្រី វី អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះ ។ ជនរងគ្រោះទាំង២នាក់មានទីលំនៅ ភូមិច្រេស សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ ជិះម៉ូតូមួយគ្រឿង ម៉ាកធូដេ ពណ៌ត្រួយចេក ពាក់ស្លាក​លេខ ភ្នំពេញ 1DE-2390 ។

តាមសម្តីស្ត្រីរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ គាត់ទាំង២នាក់ជិះម៉ូតូឌុបគ្នាចេញពីផ្ទះឆ្ពោះ ទៅផ្សារពោធិ៍ចិនតុង ជិះតាមផ្លូវខាងលើ ដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យទាំង២នាក់ ជិះម៉ូតូ មកធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីស្មា បានសម្រេចហើយ ព្យាយាមបើកម៉ូតូរត់ គេចខ្លួនតាមផ្លូវសហព័ន្ធរុស្សី ឆ្ពោះទៅកើត តែពួកគាត់ស្រែកចោរៗផ្អើល កម្លាំងនគរបាលនិង អាវុធហត្ថ ជាច្រើននាក់កំពុងការពារក្បួនប្រតិភូតាមដងផ្លូវ ឃើញដូចនេះស្រាប់ តែដេញចាប់បានភ្លាមៗ ។

ក្រោយឃាត់ខ្លួន បានជនសង្ស័យម្នាក់នាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍កាកាប រីឯជនសង្ស័យម្នាក់ទៀត​ក្រោយ​ពីអាវុធ​ហត្ថឃាត់ខ្លួនបាននាំទៅសាកសួរនៅទីបញ្ជាការអាវុធហត្ថខណ្ឌពោធិ៍សែនជ័យដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖