រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson និងរដ្ឋមន្ត្រីការបរទេសកាតារ លោក Sheikh Mohammed Bin Abdulrahman Al Thani បានចុះហត្ថលេខាលើ កំណត់ហេតុនៅទីក្រុងដូហា កាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៧ ក្រោយពីមន្ត្រីជាន់ ខ្ពស់ប្រទេសទាំង២បានជួបពិភាក្សាគ្នា។
លោក Rex Tillerson បានបញ្ជាក់ ថា «ខ្ញុំមានវត្តមាននៅក្នុងប្រទេសកាតារ ថ្ងៃនេះ គឺនាំមកនូវអ្វីដែលប្រធានាធិបតី ដូណាល់ ត្រាំ បានបំពេញពេលធ្វើទស្សនកិច្ចនៅទីក្រុង Riyadh កាលពីខែឧសភា កន្លងមក។ អាមេរិកមានបំណងកម្ចាត់ ក្រុមភេរវកម្មចេញពីភពផែនដីនេះ»។
រដ្ឋមន្ត្រីការបរទេសអាមេរិកបានធ្វើ ដំណើរចុះឡើងរវាងទីក្រុង Kuwait city នឹង Doha កាលពីថ្ងៃទី១១ ខែកក្កដា ដើម្បី ស្វែងរកដំណោះស្រាយ ហើយកាលពីថ្ងៃទី ១២ ខែកក្កដា លោកបានធ្វើដំណើរទៅកាន់ ទីក្រុង Jeddah ប្រទេសសាវឌីអារ៉ាប៊ី ដើម្បី ពិភាក្សាស្តីពីវិបត្តិ និងស្វែងរកដំណោះស្រាយ បញ្ចប់វិបត្តិ។
កាលពីថ្ងៃទី៥ ខែមិថុនា ប្រទេសសាវ ឌីអារ៉ាប៊ីអារ៉ាប់រួម បារ៉ែន និងអេហ្សុីប បានកាត់ផ្តាច់ទំនាក់ទំនងជាមួយប្រទេសកាតារ ដោយចោទប្រកាន់ប្រទេសនេះគាំទ្រក្រុមភេរវកម្ម។ ប្រទេសទាំង៤បានចេញសេចក្តី សម្រេចដាក់លក្ខខណ្ឌ១៣ចំណុចឲ្យ កាតារអនុវត្តតាម។ ប៉ុន្តែកាតារបានច្រានចោលលក្ខខណ្ឌទាំងនោះ ហើយក៏ដាក់ លក្ខខណ្ឌត្រឡប់ទៅកាន់ប្រទេសទាំង៤ វិញឲ្យបញ្ចប់ការឡោមព័ទ្ធ បើមិនដូច្នោះ ទេកាតារនឹងដកខ្លួនចេញពី GCC។
កាតារជាប្រទេសអ្នកមាននៅលើពិភព លោក ហើយមានប្រាក់តម្កល់ជាច្រើនទុកសម្រាប់ពេលមានអាសន្ន ដូច្នេះប្រទេសនេះមិនខ្វល់ពីវិបត្តិកើតឡើងនោះឡើយ។ ទាំងនោះហើយទើបកាតារមិនខ្វល់ពីការដាក់គំនាបរបស់ប្រទេសជិតខាង ដោយ តបតវិញយ៉ាងស័ក្តិសមបំផុត។
កាតារជាប្រទេសតូច និងប្រជាជនតិច ក៏ពិតម៉ែន តែជាប្រទេសអ្នកមាន ហើយ ពលរដ្ឋមានប្រាក់ចំណូលខ្ពស់ និងមាន ស្ថិរភាពនយោបាយ។ កាតារជាប្រទេស ដែលមានចំនួនពលរដ្ឋឡើងចុះខុសប្រក្រតី ដូច្នេះការត្រួតពិនិត្យពីចំនួនពលរដ្ឋនៅក្នុងប្រទេសនេះធ្វើឡើងជារៀងរាល់ខែ។
កាតារមានផ្ទៃដីតែ ១១.៥០០គីឡូម៉ែត្រ ក្រឡា មានប្រភពធនធានធម្មជាតិសម្បូរបែបលំដាប់ទី៣លើពិភពលោក។ ពលរដ្ឋ កាតារមានប្រមាណ ២,៥លាននាក់ប៉ុណ្ណោះ ប្រាក់ចំណូលមធ្យមរបស់ពលរដ្ឋម្នាក់ៗ ក្នុងមួយឆ្នាំ គឺ ១៤៦.០០០ដុល្លារអាមេរិកឈរលំដាប់ទី១នៅលើពិភពលោក។ ចំណែកពលរដ្ឋអាមេរិកវិញមានប្រាក់ ចំណូលមធ្យមតែជាង ៥៧.០០០ប៉ុណ្ណោះ៕ ម៉ែវ សាធី