ភ្នំពេញ៖ ក្មេងស្រីវ័យជំទង់ម្នាក់ប្រហែល១៦ឆ្នាំបានមកអង្គុយនៅក្បែរស្ពានព្រែកជ្រៃ ហើយប្រជាពលរដ្ឋឃើញសភាពមិនស្រួល ក៏បានរាយការណ៍ដល់សមត្ថកិច្ចថា មានក្មេងស្រីម្នាក់បម្រុងលោតទឹកសម្លាប់ខ្លួន តាមពិតនាងមិនមានបំណងដូច្នោះទេ គឺនាងឡើងមកពីខេត្តពោធិ៍សាត់ មកដល់ភ្នំពេញស្វែងរកជីដូន របស់នាងនៅម្តុំផ្សារដើមគរ ។
ក្មេងស្រីរូបនេះបានបញ្ជាក់ប្រាប់កាលពីថ្ងៃទី១៣ ខែកក្កដាថា រូប នាងមិនមានបំណងលោតទឹកនោះទេ។ នាងថា នាងឈ្មោះ រីរស្មី ចាន់ចរិយា មានអាយុ១៦ឆ្នាំ។ នាងថា នាងឡើងមកពីខេត្តពោធិ៍សាត់ ព្រោះនាងរស់នៅជាមួយគេ ហើយនាងជាកូនកំព្រារ នាងមកដល់ភ្នំពេញ៣ថ្ងៃហើយ។ ចាន់ចរិយាបន្តថា នាងឡើងមកភ្នំពេញក្នុងគោលបំណងរកយាយរបស់នាងដែលនៅម្តុំផ្សារដើមគរ ហើយនាងរកអត់ឃើញទេ។ ព្រោះថា នាងធ្លាប់មកលេងយាយនៅភ្នំពេញតាំងពីនាងមានអាយុ៥ទៅ៦ឆ្នាំ។
ចាន់ចរិយាបន្តថា ៣ថ្ងៃហើយនាងអត់មានអីហូបទេ ។ នាងថា មិនហ៊ាននៅជាមួយគេទេ ព្រោះខ្លាចគេធ្វើបាប។ នាងថា រកយាយឲ្យឃើញសិន។ ក្រោយមក សមត្ថកិច្ចខណ្ឌដង្កោ ក៏បាននាំនាងទៅសាលាសង្កាត់ដង្កោ ដើម្បីជួយនាងឲ្យរកជីដូន ។ សមត្ថកិច្ចថា នឹងប្រគល់នាងឲ្យទៅខាងផ្នែកកិច្ចការនារីខណ្ឌ។
គួរបញ្ជាក់ឲ្យដឹងផងដែរថា ករណីនេះរូបនាងត្រូវបានពលរដ្ឋប្រទះឃើញឈរតែម្នាក់ឯងនៅលើស្ពានព្រែកជ្រៃ ស្ថិតក្នុងព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ កាលពីវេលា៩និ៣០នាទីព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ដោយនៅក្នុងដៃរបស់នាងកាន់កាបូបខ្មៅ១ផងដែរ៕ តាឡឹម