ព័ត៌មានទាន់ហេតុការណ៍៖

សហភាពអឺរ៉ុបនឹងប្រារព្ធខួបទី៣០ឆ្នាំ នៃកម្មវិធី Erasmus

ចែករំលែក៖

ភ្នំពេញ៖ សហភាពអឺរ៉ុប នឹងប្រារព្ធខួបទី៣០ឆ្នាំនៃកម្មវិធី Erasmus របស់ខ្លួននៅឆ្នាំនេះនឹងមានការរៀបចំសន្និសីទនិស្សិតនៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) នៅថ្ងៃទី១៧ខែកក្កដាខាងមុខនេះដោយមានការបង្ហាញពីបទពិសោធន៍នៃការសិក្សានិងវប្បធម៌ដ៏សម្បូរបែបរបស់អតីតនិស្សិតដែលធ្លាប់សិក្សាក្រោមកម្មវិធីErasmus ហើយសង្ឃឹមថានឹងមានការជំរុញលើកទឹកចិត្តដល់និស្សិតជាច្រើនថែមទៀតឲ្យចាប់យកឱកាសនេះដើម្បីទៅសិក្សានៅតាមបណ្ដាសកលវិទ្យាល័យល្បីៗរបស់អឺរ៉ុប។

ក្នុងឱកាសនោះ លោកបណ្ឌិតហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាក៏នឹងអញ្ជើញចូលរួមដើម្បីថ្លែងសុន្ទរកថាផងដែរ។

កម្មវិធីErasmus ដែលបានចាប់ផ្ដើមដំបូងនៅឆ្នាំ១៩៨៧ក្នុងនាមគំនិតផ្ដួចផ្ដើម ដើម្បីជំរុញការបម្លាស់ទីនៃការសិក្សារបស់និស្សិតអឺរ៉ុបត្រូវបានដាក់ឈ្មោះតាមលោកErasmus of Rotterdam ជាអ្នកប្រាជ្ញមនុស្សនិយមជនជាតិហុល្លងដ៏ល្បីល្បាញដែលមានជីវិតរស់នៅក្នុងអំឡុងសម័យRenaissance នៅចុងសតវត្សទី១៥និងដើមសតវត្សទី១៦។ក្នុងពេលបច្ចុប្បន្នកម្មវិធីErasmus+ បានផ្ដល់លទ្ធភាពដល់និស្សិតទូទាំងពិភពលោកទៅសិក្សានៅតាមសកលវិទ្យាល័យនានាទូទាំងទ្វីបអឺរ៉ុប។និស្សិតកម្ពុជាត្រូវបានបញ្ចូលក្នុងកម្មវិធីនេះនៅឆ្នាំ១៩៩៥ហើយចាប់តាំងពីពេលនោះមកមាននិស្សិតកម្ពុជាចំនួនច្រើនជាង៦០០នាក់ដែលមានឱកាសទៅសិក្សានៅទ្វីបអឺរ៉ុប។

លោកស្រីបណ្ឌិតGenoveva Hernandez Urizភារៈធារីស្តីទី នៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជាមានប្រសាសន៍ថា ៖“ដើម្បីអបអរខួប៣០ឆ្នាំនៃកម្មវិធីErasmus និងខួប២០ឆ្នាំនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយកម្ពុជាសហភាពអឺរ៉ុបរៀបចំសន្និសីទនេះឡើងដើម្បីជួយដល់និស្សិតនិងគ្រឹះស្ថានសិក្សានានាអោយបានស្វែងយល់អំពីឱកាសសិក្សាដែលផ្ដល់ជូនដោយកម្មវិធីErasmus+ នាពេលបច្ចុប្បន្ន។យើងមានមោទនភាពក្រៃលែងដែលកម្មវិធីErasmus+ បានដើរតួនាទីដ៏សំខាន់ក្នុងការផ្ដល់ឱកាសដល់និស្សិតឆ្នើមៗបំផុតរបស់កម្ពុជាជាច្រើននាក់ដើម្បីបានទទួលនូវជំនាញនិងចំណេះដឹងបន្ថែមតាមរយៈការទៅសិក្សានៅសកលវិទ្យាល័យល្អៗបំផុតនៅអឺរ៉ុប”។

អឺរ៉ុបគឺជាមូលដ្ឋាន ដែលមានសកលវិទ្យាល័យមួយចំនួនដែលមានអាយុកាលចំណាស់និងមានកិត្យានុភាពបំផុត ក្នុងសកលលោកហើយក្នុងរយៈកាលជាច្រើនឆ្នាំមកនេះនិស្សិតកម្មវិធីErasmus របស់កម្ពុជាបានសិក្សាយកជំនាញឯកទេសជាច្រើនពីសកលវិទ្យាល័យនៅទូទាំងទ្វីបអឺរ៉ុបនេះ។

លោកសារគិនវិឌីនាយករង នៃនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានមានប្រសាសន៍ថា៖“ខ្ញុំបានទទួលសញ្ញាបត្រអនុបណ្ឌិតអន្តរជាតិផ្នែកវិទ្យាសាស្ត្រអភិវឌ្ឍន៍ជនបទនៅប្រទេសបារាំងហុល្លង់ស្លូវ៉ាគីនិងអាឡឺម៉ង់។បន្ទាប់ពីបញ្ចប់ការសិក្សានិងវិលមកមាតុភូមិកម្ពុជាវិញខ្ញុំមានចំណង់ចំណូលចិត្តចង់ធ្វើការនៅក្នុងវិស័យរដ្ឋ (ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ) ដែលខ្ញុំអាចប្រើប្រាស់បទពិសោធន៍និងចំណេះដឹងរបស់ខ្ញុំបានល្អ”៕ វឌ្ឍនា


ចែករំលែក៖