ខេត្តស្វាយរៀង៖ យុវជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងបាវិត សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ច្រកម្ទេសឃាត់ខ្លួនបាននៅចំណុចទួលខ្មោចចិន ពាក់ព័ន្ធនឹងករណីជូញដូរគ្រឿងញៀនបញ្ជូនមកអធិការនគរបាលក្រុងដើមបីសាកសួរ។
ការបង្ត្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទីថ្ងៃ១២ ខែកក្កដា ឆ្នាំ ២០១៧ នៅចំណុចទួលខ្មោចចិន ភូមិទួលអំពិល សង្កាត់ច្រកម្ទេស ក្រុងបាវិត ។
សមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថា ជនសង្ស័យមានឈ្មោះសឹង ទូច អាយុជាង២០ឆ្នាំ មុខរបរមិនពិតប្រាកដ និងឈ្មោះ នុរ ធឿន អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ដោយអ្នកទាំង២មានទីលំនៅសង្កាត់ច្រកម្ទេសក្រុងបាវិត។
ប្រភពបន្តថា ចំពោះវត្ថុតាងដែលដកហូតពីជនសង្ស័យ រួមមានម្សៅក្រាមពណ៌ស ០២ កញ្ចប់(ធំ ១ កញ្ចប់ តូច ១ កញ្ចប់)និងទូរស័ព្ទ ១ គ្រឿង។
បន្ទាប់ពីសាកសួររួចសមត្ថកិច្ចនគរបាលបានកសាងសំណុំរឿងបន្តមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងចាត់ការតាម ច្បាប់ ៕ យឹម សុថាន