ព័ត៌មានទាន់ហេតុការណ៍៖

​ក្មេង​ស្រី​អនាថា​តែងខ្លួនធ្វើជាមនុស្សប្រុសម្នាក់ ត្រូវក្រុមក្មេងស្ទាវ​បែក​ថ្នាំ​ ព្រួតកាប់ជាច្រើនដាវរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ ក្មេង​ស្រី​អាយុ១៥ឆ្នាំម្នាក់ បានតែងខ្លួន​ធ្វើ​ជា​មនុស្សប្រុស ដោយសារខ្លួន​កំព្រា​ឪពុក​ម្តាយ ដោយរស់នៅ​អនាថា​តាម​ចិញ្ចើម​ផ្លូវតែម្នាក់ឯង ស្រាប់តែត្រូវក្រុម​ក្មេង​ស្ទាវមួយក្រុម​សង្ស័យ​បែក​ថ្នាំ នាំគ្នាធ្វើសកម្មភាពប្រើ​​ដាវ​សាំ​ម៉ូ​រ៉ៃ​កាប់ប្រហារទៅលើរូននាងជាច្រើនដាវ បណ្ដាលឲ្យរង​របួស​ធ្ងន់ ។

ករណីកាប់ប្រហារខាងលើនេះ បានធ្វើឡើង កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ផ្លូវ​១៣២​កែង​នឹង​ផ្លូវ​រថភ្លើង ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជន​រង​គ្រោះឈ្មោះ គង់ ផានិត ភេទ​ស្រី (តែងខ្លួន​ធ្វើ​ប្រុស) អាយុ​១៥​ឆ្នាំ ជា​ក្មេង​កំព្រា​ឪពុក​ម្តាយ​ស្លាប់​ចោល​តាំងពី​តូច មុខរបរអ្នករើស​អេ​ត​ចាយ ស្នាក់នៅមិនពិតប្រាកដ ។

ប្រភពព័ត៌មានពី ក្មេងស្រីរង​គ្រោះ​ បានប្រាប់ឲ្យដឹងថា នៅ​មុន​ពេល​កើតហេតុ​រូបនាង បានដើររើសអេតចាយតាមផ្លូវដូចសព្វថ្ងៃ ស្រាប់តែដើរមកដល់ចំណុចទីតាំងខាងលើ រូបនាងបាន​អង្គុយ​លេង​​ម្នាក់ឯង លុះដល់​ម៉ោង​កើតហេតុ​ស្រាប់តែ​មាន​ក្រុម​ក្មេង​ស្ទាវ​២​នាក់​បានដើរមកក្បែរ ដោយសង្ស័យ​បែក​ថ្នាំ​ដែល​នាង​មិន​ដែល​ស្គាល់​នោះទេ បាន​ដើរចូល​ជិត​រូបគេ​ហើយ​ដក​ដាវ​សាំ​ម៉ូ​រៃ​កាប់​ប្រហារ​ទាំងកំរោលជាច្រើនដាវទៅ​លើ​រូបនាង បណ្ដាលឲ្យរងរបួសធ្ងន់ ​ឈាម​ហូរ​ស្រោច​ខ្លួន ។ ចំណែកឯ​ជន​ដដៃដល់​រត់គេច​ខ្លួន​បាត់​ស្រមោលតែម្តង ។

ជនរងគ្រោះបានបន្តទៀតថា រូបគេ​មិន​ដែល​ស្គាល់ និង​ឈ្លោះ​គ្នា​ជាមួយក្រុមជនសង្ស័យពី​មុន​នោះទេ ហើយក៏មិនដឹងមូលហេតុអ្វីនោះឡើយ ។

ក្រោយ​​កើតហេតុ​ជន​រង​គ្រោះ ​ត្រូវ​បាន​សមត្ថកិច្ចនិងប្រជាពលរដ្ឋ​ ធ្វើការ​ទំនាក់ទំនង​ជាមួយ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​តភ្លាមៗផងដែរ ៕ស តារា


ចែករំលែក៖