ព័ត៌មានទាន់ហេតុការណ៍៖

ព្រះសង្ឃ១អង្គគង់នៅវត្តប្រយូរវង្សដាច់ធម៌ខន្តី

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នៅនគរបាលប៉ុស្តិ៍ទន្លេបាសាក់ មានស្ត្រីម្នាក់បានដឹកដៃកូនប្រុសម្នាក់ផងដែរ បាននាំគ្នាមកដាក់ពាក្យបណ្តឹងចំពោះព្រះសង្ឃមួយអង្គ ដែលគង់នៅវត្តប្រយូរវង្ស ក្រោយបានប្រើអំពើរហិង្សាទៅលើរូបនាង និងកូនប្រុសជាបន្តបន្ទាប់បណ្តាលឲ្យរងរបួស ដើម្បីឲ្យជួយរកយុត្តិធម៌។

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់បានប្រាប់ឲ្យដឹងថា ជនរងគ្រោះជាម្តាយមានឈ្មោះ ហែម ស្រីភក្តិ អាយុ៣១ឆ្នាំ និងកូនប្រុសឈ្មោះ សំ ណារ៉ាន់ អាយុ១២ឆ្នាំ មានទីលំនៅក្បែរវត្តប្រយូរវង្ស ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ចំណែកឯព្រះសង្ឃរងការចោទប្រកាន់មានព្រះនាម សុខ ភារម្យ ព្រះជន្ន២០ព្រះវស្សា គង់នៅវត្តប្រយូរវង្ស។

មុនពេលកើតហេតុ កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែកក្កដា ក្រោយពីកូនប្រុសរបស់នាងបានប្រាប់ថា ព្រះសង្ឃមួយអង្គខាងលើបានវាយរូបគេចំនួន២ឆត្រ និងទាត់ចំនួន២ជើងទៀតនោះ រូបនាងក៏បាននាំកូនទៅសួរនាំព្រះសង្ឃអង្គនោះឲ្យបានដឹងពីមូលហេតុ។

តាមប្រភពដដែលបានប្រាប់បន្តទៀតថា ពេលដែលនាងដឹកដៃកូនប្រុសរបស់នាងទៅដល់ក្នុងវត្ត ក៏បានជួបនឹងព្រះសង្ឃអង្គនោះ និងបានសួរនាំ ព្រមទាំងមានការឈ្លោះប្រកែកតឹងសរសៃកដាក់គ្នា និងរុញច្រានគ្នាទៅវិញទៅមកផងដែរ។ ស្របពេលដែលមានការរុញច្រានគ្នាទៅវិញទៅមករវាងស្ត្រីជាម្តាយ និងព្រះសង្ឃអង្គនោះ ក៏បានធ្វើឲ្យនាងដួល ហើយក៏ត្រូវព្រះសង្ឃនោះស្ទុះទៅចាប់ក្របួចសក់ និងដាល់ទៅលើផ្ទៃមុខរបស់នាងចំនួន៣ដៃពកតែម្តង។

ក្រោយពេលកើតហតុ ស្ត្រីរងគ្រោះក៏បានដឹកដៃកូនមកកាន់នគរបាលប៉ុស្តិ៍ទន្លេបាសាក់ ដើម្បីឲ្យជួយអន្តរាគមន៍ និងរកយុត្តិធម៌ឲ្យដល់រូបនាង និងកូនប្រុសរងគ្រោះផងដែរ៕ ស រស្មី


ចែករំលែក៖