ខេត្តកណ្តាល៖ កាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅឃុំជើងកើប បានយកគ្រែគល់ឈើមកដាក់រាំងផ្លូវមិនឲ្យរថយន្តដឹកដីរបស់លោក អ៊ុក ឡាឌីន ធ្វើចរាចរណ៍ចេញចូលដូចរាល់ដង បន្ទាប់ពីផ្លូវដែលពួកគាត់តែងតែធ្វើដំណើរត្រូវបានបំផ្លាញដោយសារសកម្មភាពដឹកដី ចំណែកក្មេងៗសិស្សសាលាមិនអាចទៅរៀនបាន ។
ក្នុងមួយថ្ងៃៗរថយន្តដឹកដីធុនធំមាន រាប់រយគ្រឿងនៅពេលផ្លូវស្ងួតបានបើកបរលឿនហុយដីទ្រលោមធ្វើឲ្យប្រជាពលរដ្ឋពិបាករស់នៅណាស់។ រីឯនៅពេលមាន ភ្លៀងធ្លាក់ម្តងៗវិញគឺបែកល្បាប់វ៉ល់ដែលសូម្បីតែដើរក៏ដើរមិនបានផង។ មានថ្ងៃខ្លះក្បួនរថយន្តដឹកដីនេះធ្វើចរាចរណ៍រហូត ដល់ម៉ោង១០យប់បង្កសំឡេងរំខានដល់ ដំណេករបស់ប្រជាជន ។
ការបាំងផ្លូវនេះគឺដើម្បីទាមទារឲ្យអាជ្ញាធរនិងមន្ត្រីជំនាញពិនិត្យមើលរណ្តៅដី របស់ អ៊ុក ឡាឌីន ឡើងវិញ ព្រោះការតវ៉ា បិទផ្លូវបែបនេះមិនមែនជាលើកទី១ទេមានរហូតចំនួនប្រាំដងរួចមកហើយដោយមិនមានដំណោះស្រាយអ្វីទាំងអស់។ ដូច្នេះ ពួកគាត់នឹងបន្តតវ៉ាបិទផ្លូវទៀត លុះត្រាណាមានដំណោះស្រាយជូនពួកគាត់ដែលរស់នៅតាមដងផ្លូវនេះ ។
លោក សន ថា រស់នៅភូមិស្រីស្នំ ឃុំ ជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល បានមានប្រសាសន៍ថា សព្វថ្ងៃពួកគាត់ដែល រស់នៅតាមដងផ្លូវនេះពិបាកណាស់ ព្រោះ រាល់ពេលហូបបាយម្ដងៗទាល់តែហូបក្នុងផ្ទះបិទទ្វារជិត។ បើមិនដូច្នេះទេដីហុយចូល បាយសម្ល ហើយហូបមិនកើតនោះទេ ។
លោកបានសំណូមពរថា បើក្រុមហ៊ុន ចង់បន្តបើកបរលើផ្លូវនេះសូមឲ្យចាក់ក្រួសក្រហមដើម្បីកុំឲ្យពេលភ្លៀងមកបែកល្បាប់ ភក់រកតែធ្វើដំណើរមិនបាន ហើយនៅពេល ផ្លូវស្ងួតវិញសូមឲ្យស្រោចទឹកផងដើម្បីការពារកុំឲ្យធូលីហុយខ្លាំងពេក។ ផ្ទុយទៅវិញ ប្រសិនបើក្រុមហ៊ុនមិនព្រមធ្វើទេពួកគាត់នៅតែយកគ្រែនិងគល់ឈើមកបាំងបន្ត ទៀត ។
ចំណែកមន្ត្រីអាជ្ញាធរមូលដ្ឋានវិញមិន ដែលចុះមកពិនិត្យដោះស្រាយសំណូមពរ របស់ប្រជាពលរដ្ឋនោះទេហើយបើនៅតែបន្តដឹកដីរបៀបនេះទៀតនោះផ្លូវមួយខ្សែនេះនឹងខូចគ្មានសល់នោះទេ ។
លោក សន ថា បានបន្ថែមថា នៅតាម ផ្លូវនេះមានរថយន្តតូច និងរថយន្តយីឌុប ធុនធំរាប់រយគ្រឿងដឹកដីរញ្ជួយផ្លូវរកតែ សម្រាកពេលថ្ងៃក៏មិនបានផងដឹកគ្មានពេល ម៉ោងសម្រាកទេ។ ចំណែកនៅថ្ងៃខ្លះក្បួន រថយន្តនេះបន្តដឹករហូតដល់យប់ជ្រៅ ។ ម្យ៉ាងទៀតរណ្តៅដ៏ជ្រៅនេះបានស្រូបយកទឹកអស់ពីដីស្រែរបស់ប្រជាកសិករនៅជុំ វិញធ្វើឲ្យទឹកភ្លៀងមិនអាចដក់នៅក្នុងស្រែ ដើម្បីបង្កបង្កើនផលស្រូវរដូវវស្សាបានឡើយ។ ជាពិសេសរណ្ដៅដីដ៏ជ្រៅដែល អ្នកស្រុកហៅថា ជ្រៅដល់ក្បាលប្រេតនេះ បានស្រូបយកទឹកពីអណ្ដូងរបស់អ្នកភូមិស្ទើររីងអស់ផងដែរ ។
ចំពោះការលើកឡើងរបស់ប្រជាពល រដ្ឋនេះនគរវត្តមិនអាចសុំការបកស្រាយពីលោក អ៊ុក ឡាឌីន ដែលជាម្ចាស់អាជីវកម្មបាននៅឡើយទេខណៈដែលអ្នកសារព័ត៌មានចុះទៅដល់លោកមិនមានវត្តមាននៅការដ្ឋានទេ ។
ពាក់ព័ន្ធនឹងករណីខាងលើនេះលោក ចក់ គង់ ប្រធានមន្ទីររ៉ែ និងថាមពល និង លោក ស៊ុំ សុធន់ ប្រធានការិយាល័យធន ធានរ៉ែ និងថាមពល ខេត្តកណ្តាលមិនអាច សុំការបំភ្លឺបានឡើយ ៕ ហេង សូរិយា