ព័ត៌មានទាន់ហេតុការណ៍៖

កសិកររាប់រយនាក់នៅស្រុកកំរៀងយកត្រាក់ទ័របិទផ្លូវសំណូមពរឲ្យអាជ្ញាធរជួយរកទីផ្សារកសិផល

ចែករំលែក៖

ខេត្តបាត់ដំបង៖ ប្រជាកសិកររាប់រយនាក់នៅស្រុកកំរៀង ខេត្តបាត់ដំបងបានយកត្រាក់ទ័រ និងគោយន្តជាច្រើនគ្រឿងដាក់បិទផ្លូវដើម្បីសំណូមពរសុំឲ្យសម្តេចជួយរកទីផ្សារកសិផលដោយតម្លៃពោត និងដំឡូងដែលធ្លាក់ថ្លៃមិនអាចទទួលយកបាន ។

ការបិទផ្លូវនេះបានធ្វើឡើងកាលពីវេលាម៉ោង១០និង១០នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្លូវបំបែកសាមសិប ស្ថិតក្នុងភូមិសាមសិប ឃុំតាគ្រី ស្រុកកំរៀង

ប្រជាកសិករបានឲ្យដឹងថា ការយកត្រាក់ទ័របិទផ្លូវនាពេលនេះគឺក្នុងគោល បំណងសំណូមពរដល់សម្តេចជួយរកទី ផ្សារកសិផល ព្រោះតម្លៃពោត និងដំឡូង ធ្លាក់ថ្លៃមិនអាចទទួលយកបាន។ ពួកគាត់ សុំឲ្យតម្លៃពោត និងដំឡូងមានតម្លៃខ្ពស់ សមរម្យសុំឲ្យច្រកទ្វារនានាយកតម្លៃតាម រដ្ឋកំណត់សុំឲ្យរដ្ឋត្រួតពិនិត្យជញ្ជីងតាម សាយឡូនិងសុំឲ្យមានថៅកែច្រើនចូល ទិញកុំឲ្យមានតែមួយទិញតម្លៃថោក​។

ពួកគាត់លើកឡើងទៀតថា បើសម្ភារ កសិកម្មចេះតែឡើងថ្លៃរាល់ឆ្នាំហើយកសិផលដែលពួកគាត់ធ្វើបានលក់មិនរួចដើម ដោយពូជពោតទិញពីឈ្មួញ១គីឡូក្រាម តម្លៃ១៧៥បាត ពេលកសិករលក់ចេញ តម្លៃបានត្រឹមតែ៣បាតប៉ុណ្ណោះ ។

សូមបញ្ជាក់ផងដែរថា ក្រោយពីមាន ការដាក់ត្រាក់ទ័របិទផ្លូវជាច្រើនម៉ោងរួច មកអាជ្ញាធរស្រុក និងអាជ្ញាធរខេត្តបាត់ដំបងបានចុះទៅដោះស្រាយសម្របសម្រួលទទួលយកសំណើរបស់ពួកគាត់ដើម្បីយកមក ពិភាក្សារកដំណោះស្រាយ ។

ស្ថិតក្នុងសភាពដ៏វឹកវរនេះដែរគេសង្គេតឃើញមានវត្តមានលោកអភិបាលស្រុកនិងលោកអភិបាលស្រុករងដែលរួមដំណើរដោយលោក គឹម ពន្លក អធិការនគរបាល ស្រុកកំរៀងផងនោះបានចុះទៅដល់ទីតាំងខាងលើដើម្បីចង់ដឹងអំពីបញ្ហាដែលបានកើតឡើង និងដើម្បីរកវិធីណាមួយក្នុងការ រកដំណោះស្រាយជូនពួកគាត់ ។

ប្រជាកសិករទាំងអស់បានលើកឡើងពីសំណូមពរមួយចំនួនដើម្បីឲ្យអាជ្ញាធរ ជួយដោះស្រាយបន្ទាន់ដោយសំណើទាំងនោះរួមមាន ទី១-សុំឲ្យពោតមានតម្លៃ ៣,៥បាតក្នុងមួយគីឡូក្រាមថេរ, ទី២-សុំឲ្យ ច្រកចេញចូលទៅកាន់ទីផ្សារប្រទេសថៃ យកតម្លៃឲ្យសមស្របតាមរដ្ឋកំណត់, ទី៣-សុំឲ្យរដ្ឋត្រួតពិនិត្យឡើងវិញទៅលើ ជញ្ជីងដែលដាក់នៅតាមសាយឡូដោយធ្វើយ៉ាងណាឲ្យមានភាពសុក្រិត និងទី៤-សុំឲ្យមានថៅកែច្រើននាក់ចូលទៅទិញ កសិផលរបស់ពួកគាត់កុំឲ្យមានតែថៅកែម្នាក់គឺវាអាចទម្លាក់តម្លៃឲ្យចុះថោកទៅ តាមបបូរមាត់ ។

រហូតមកទល់ម៉ោង១និង៣០នាទី រសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ប្រជាកសិករទាំងនោះនៅមិនទាន់រំសាយទៅកាន់លំនៅឋានរបស់ពួកគាត់វិញនៅឡើយទេដោយសារតែការរកដំណោះស្រាយនៅមិនទាន់មានតម្លាភាព និងតុល្យភាព ដែលពួកគាត់អាចទទួលយកបាន ៕ ហេង សូរិយា


ចែករំលែក៖