ប្រជានេសាទសមុទ្រខេត្តកំពតបានខ្សឹបថា ការដែលជនជាតិវៀតណាមអាចចូលមកនេសាទក្នុងដែនសមុទ្រខ្មែរតាមអំពើចិត្តសព្វថ្ងៃនេះ សុទ្ធតែត្រូវចំណាយលុយឲ្យសមត្ថកិច្ចដែនទឹក ជាពិសេសរដ្ឋបាលជលផល ។ ប្រភពបានបន្ថែមថា មន្ត្រីរដ្ឋបាលជលផល ទទួលបានផលប្រយោជន៍យ៉ាងក្រាស់ក្រែលពីអ្នកនេសាទវៀតណាម ដែលចូលមកនេសាទក្នុងដែនទឹកខ្មែរ ហើយវាមិនមែនទើបតែកើតនៅពេលនេះទេ ។
លោក ស សូរិន្ទ នាយខណ្ឌរដ្ឋបាលជលផលកំពត ដែលកាន់តំណែងនេះជាងមួយទសវត្សរ៍ ហើយក៏ធ្លាប់មានរឿងអាស្រូវជាច្រើនលើដែនទឹកសមុទ្រខេត្តកំពតនោះ ត្រូវបានប្រជានេសាទខ្មែរអះអាងថា ជាអ្នកដែលបានឃុបឃិតជាប្រព័ន្ធ ក្នុងការអនុញ្ញាតឲ្យមានបទល្មើសនេសាទក្នុងដែនសមុទ្រខ្មែរនេះ ។ និយាយឲ្យខ្លី ក្រុមអ្នកនេសាទវៀតណាម ដែលចូលមកនេសាទក្នុងដែនទឹកខ្មែរ សុទ្ធតែត្រូវបង់ប្រាក់ឲ្យលោកស សូរិន្ទទាំងអស់ ។ ប្រសិនបើមិនបង់ប្រាក់ទេ មិនអាចចូលមកនេសាទបានដោយស្រួលទាំងយប់ ទាំងថ្ងៃនោះឡើយ ។
ប្រជានេសាទបានសម្តែងការសោកស្តាយថា មន្ត្រីជលផលខេត្តកំពត តែងតែដាស់តឿនប្រជាពលរដ្ឋមិនឲ្យឆ្លងដែនទឹកទៅនេសាទលើសមុទ្រវៀតណាមនោះឡើយ ។ នៅពេលដែលអ្នកនេសាទខ្មែរធ្វើសកម្មភាពលើដែនសមុទ្រខ្មែរ ពេលខ្លះត្រូវអ្នកនេសាទវៀតណាមព្រមាន និងខ្លះមានអំពើហិង្សាទៀតផង ។ និយាយរួមទៅ អ្នកនេសាទខ្មែរ មិនទទួលបានការគាំពារពីស្ថាប័នជំនាញ និងអាជ្ញាធរខេត្តកំពតនោះឡើយ ។ ផ្ទុយទៅវិញអ្នកនេសាទវៀតណាម បានចូលនេសាទក្នុងដែនទឹកខ្មែរដោយសេរី ។
ករណីនេះ បានកើតឡើងជាយូរយារមកហើយក្នុងអំណាចជានាយខណ្ឌរដ្ឋបាលជលផលកំពតរបស់លោក ស សូរិន្ទ ។ ជាមួយនោះ ប្រជានេសាទខ្មែរក៏ធ្លាប់បានធ្វើបាតុកម្មប្រឆាំងចំពោះអ្នកនេសាទវៀតណាមចូលមកនេសាទក្នុងដែនទឹកខ្មែរនេះដែរ ប៉ុន្តែគ្មានដំណោះស្រាយសម្រាប់អ្នកនេសាទខ្មែរនោះឡើយ ៕