ភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក ចុះបង្ក្រាបអ្នកជួញដូរគ្រឿងញៀន២នាក់កាលពីវេលាម៉ោង៧ និង៥០នាទីយប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចតាមបណ្តោយផ្លូវលេខ៥៩៨ ភូមិ៧ ក្រុម៣៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយរកឃើញថ្នាំញៀនចំនួន៤៧កញ្ចប់តូច ក្នុងនោះមាន៣កញ្ចប់ធំល្មម និងលុយចំនួន១០មឺុនរៀល។
មន្ត្រីចុះបង្ក្រាបបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនទី១.ឈ្មោះ ប៉ិច ច័ន្ទមុន្នី ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ចាប់ហួយ ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ និងទី២.ឈ្មោះ សុត ស្រីវីន ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរអ៊ុតសក់ ស្នាក់នៅផ្ទះកើតហេតុខាងលើ។
មន្ត្រីដដែលបានឲ្យដឹងទៀតថា នៅមុនពេលចុះបង្ក្រាបទីតាំងខាងលើ គឺមានបងប្អូនប្រជាពលរដ្ឋដែលនៅក្បែរបានរាយការណ៍ជាសម្ងាត់ថា ទីតាំងខាងលើជាកន្លែងចែកចាយថ្នាំញៀនរាល់ថ្ងៃ ទើបកម្លាំងស្រាវជ្រាវរហូតឈានដល់ការចុះឆែកឆេរតែម្តង។
ក្នុងប្រតិបត្តិការខាងលើនេះ កម្លាំកងរាជអាវុធហត្ថបានរកឃើញថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លា៤៧កញ្ចប់ ក្នុងនោះ៣កញ្ចប់ធំល្មម និងលុយ១០ម៉ឺនរៀល រួមទាំងថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួនផង។
ក្រោយពីបង្ក្រាបរួចជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថបញ្ជូនទៅការិយាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀនអវុធហត្ថរាជធានីចាត់ការបន្ត៕ សុខាសែនជ័យ