ភ្នំពេញ៖ អតីតមន្ត្រីសាលារាជធានីភ្នំពេញពីររូប ត្រូវបាននាំខ្លួនមកសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ដើម្បីជំនុំជម្រះបទល្មើសប្រព្រឹត្តអំពើពុករលួយ ពោលគឺជំរិតទារប្រាក់ពីម្ចាស់ក្រុមហ៊ុនវិនិយោគលើសច្បាប់កំណត់ ។
មន្ត្រីទាំងពីររូបឈ្មោះ រ័ត្ន បុរី អាយុ៣៤ឆ្នាំ មុខងារប្រធានការិយាល័យវិនិយោគសាលារាជធានីភ្នំពេញ និង ឈ្មោះ ម៉ៃ វ៉ាន់ណារុំ អាយុ៣៣ឆ្នាំ មុខងារបុគ្គលិកការិយាល័យវិនិយោគសាលារាជធានីភ្នំពេញ ជាប់ចោទបទ ” វិតិក្រម ” តាមមាត្រា៥៩២និងមាត្រា៥៩៣នៃក្រមព្រហ្មទណ្ឌ ។
ក្នុងសវនាការជនជាប់ចោទ រ័ត្ន បុរី សារភាពថា នៅអំឡុងខែសីហា ឆ្នាំ២០១៥ មានក្រុមហ៊ុនរ៉ាយធិចបានមកទំនាក់ទំនងការិយាល័យផែនការវិនិយោគដើម្បីសុំចុះបញ្ជីបើកក្រុមហ៊ុនវិនិយោគ ។ ពេលនោះលោកបានបង្គាប់អោយក្រុមហ៊ុនបង់ប្រាក់ចំនួន២១លានរៀលដោយបូកបញ្ចូលទាំងប្រាក់ពន្ធចុះបញ្ជី និងប្រាក់ពន្ធចុះពិនិត្យទីតាំងចំនួន៦លានរៀលដោយប្រាក់ទាំង២១លានរៀលនេះលោកបានឲ្យឈ្មោះ ម៉ៃ វ៉ាន់ណារុំ ជាអ្នកទទួលទុកដោយ មិនមានចេញវិក័យប័ត្រឲ្យក្រុមហ៊ុនវិញទេ ។
ពេលរៀបចំបែបបទរួចលោកក៏បានឲ្យឈ្មណារុំជាមួយនិងតំណាងក្រុមហ៊ុនដកប្រាក់ដែលក្រុមហ៊ុនបានបង់ចំនួន៧លានរៀលយកទៅបង់នៅទីចាត់ការហិរញ្ញវត្ថុនិងទទួលមកវិញនូវវិក័យប័ត្រដែលបានបង់តែ៧លានរៀលប៉ុណ្ណោះ ។ ចំពោះប្រាក់នៅសល់១៤លានរៀលគឺរក្សាទុកនៅការិយាល័យផែនការវិនិយោគដើម្បីទុកបង់ពន្ធលើតម្រូវការផ្សេងទៀតដូចជាបង់ឲ្យក្រុមប្រឹក្សាវិនិយោគកម្ពុជានិងបង់ចូលមន្ទីរហិរញ្ញវត្ថុជាដើមរហូតដល់ក្រុមហ៊ុនបានប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ។
ទោះបីយ៉ាងណា ក្រោយការសួរដេញដោល តុលាការសម្រេចលើកពេលប្រកាសសាលក្រមទៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ខាងមុខនេះវិញ ។
បទល្មើស”វិតិក្រម”កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំនិងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល ៕ ចេស្តា