ប្រភពពីមន្ត្រីរាជការនៅក្នុងក្រសួងធម្មការ និងសាសនា បានឲ្យដឹងថា អ្នកស្រី កែវ សុធារី អគ្គនាយិកានៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ គឺជាមេខ្លោងប្រព្រឹត្តអំពើពុករលួយធំបំផុតនៅក្នុងក្រសួងធម្មការ ។ ប្រភពបានឲ្យដឹងទៀតថា ក្រោយពេលលោក ហ៊ឹម ឆែម ឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា គឺអ្នកស្រី កែវ សុធារី ប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងថែមទៀត ព្រោះលោក ហ៊ឹម ឆែម នៅតែបណ្ដោយឲ្យអ្នកស្រី កែវ សុធារី ធ្វើអ្វីៗតាមអំពើចិត្ត។
មន្ត្រីតូចតាចនៅក្នុងក្រសួងធម្មការ បានឲ្យដឹងថា មួយរយៈកន្លងទៅនេះអ្នកស្រី កែវ សុធារី និងបក្ខពួកមួយចំនួនបានឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងក្នុងខណៈដែលលោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ បើកដៃឲ្យពួកគេធ្វើអ្វីៗតាមអំពើចិត្ត។ ប្រភពបានឲ្យដឹងទៀតថាអ្នកស្រី កែវ សុធារី និងបក្ខពួកដូចជា លោក លន់ មុនីរតនា និងលោក ផ្លោក ផន ជាដើមកំពុងតែប្រព្រឹត្តអំពើពុករលួយតាមរយៈការប្រឡងមន្ត្រីក្របខ័ណ្ឌក្រសួងផង និងតាមរយៈការបញ្ចូលឈ្មោះមន្ត្រីកិច្ចសន្យាឲ្យទៅជាមន្ត្រីក្របខ័ណ្ឌផង។ ប្រភពបង្ហើបឲ្យដឹងថា អ្នកចង់ប្រឡងជាប់ក្របខ័ណ្ឌមន្ត្រីក្រសួងធម្មការ និងមន្ត្រីជាប់កិច្ចសន្យាដែលចង់ក្លាយជាមន្ត្រីក្របខ័ណ្ឌត្រូវចំណាយលុយម្នាក់ៗពី៤០០០ទៅ៥០០០ដុល្លារ។
មន្ត្រីក្រសួងធម្មការ បានឲ្យដឹងថា អ្នកស្រី កែវ សុធារី កំពុងប្រើអំណាចប្រព្រឹត្តអំពើពុករលួយនិងកាងមន្ត្រីពុករលួយតាមបណ្ដាខេត្តមួយចំនួនយ៉ាងក្រអឺតក្រទម ហើយក៏អាចមានការបើកដៃពីលោករដ្ឋមន្ត្រី ហ៊ឹម ឆែម ផងដែរ។ ជាក់ស្ដែងលោក ហាក់ ហុន ប្រធានមន្ទីរធម្មការខេត្តត្បូងឃ្មុំ ដែលល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយ ត្រូវបានគេដឹងថាជាកូនធម៌របស់អ្នកស្រី កែវ សុធារី ដែលជាអគ្គនាយិកានៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុក្រសួងធម្មការ៕