ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋ២៤គ្រួសាររស់នៅលើដីខ្លួនជាង២០ឆ្នាំ ស្រាប់តែមានអ្នកប្តឹងចោទថា រស់នៅលើដីក្រុមហ៊ុនឯកជនទៅវិញ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋ២៤គ្រួសារ ដែលមានលំនៅឋានចំណុចខាងត្បូងវត្តអូរត្រេះ ស្ថិតក្នុងភូមិគគីរ ឃុំបិទត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានមុខរបរផ្សេងៗពីគ្នា ខ្លាះធ្វើចំការដាំដំណាំអាស្រ័យផលជាច្រើនឆ្នាំ រស់នៅកកើតជាកូន ពូនជាចៅ មានជីវភាពសមរម្យ ឬមិនសមរម្យក្តី ពេលនេះ កំពុងភ័យព្រួយ ព្រោះតែពួកគាត់ត្រូវបានក្រុមហ៊ុន ថៃហេងឡុង ដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តព្រះសីហនុចោទថា បានរំលោភបំពានចូលកាន់កាប់ដីក្រុមហ៊ុនទៅវិញ ។

តាមរយៈឈ្មោះ វែង សម្បត្តិ តំណាងក្រុមហ៊ុនថៃហេងឡុង ដែលបានដាក់ពាក្យប្តឹងទៅសាលាដំបូងខេត្តព្រះសីហនុ ពេលនេះ មន្ត្រីនៅក្រសួងការពារជាតិម្នាក់ត្រូវបានឃាត់ខ្លួន នៅក្នុងសំណុំរឿងថា បានរំលោភចូលកាន់កាប់អចលនទ្រព្យអ្នកដទៃ ។ ករណីនេះ ប្រជាពលរដ្ឋ២៤គ្រួសារអះអាងថា ការចាប់មន្ត្រីម្នាក់នោះ គឺជាការបំបាក់ស្មារតីពួកគាត់ ។

ប្រជាពលរដ្ឋទាំង២៤គ្រួសារ ដែលកំពុងរស់នៅ និងកាន់កាប់ដីសរុបជាង៤៧ហិកតា បានអាស្រ័យផលពីដំណាំសព្វបែបយ៉ាងនៅជុំវិញគេហដ្ឋាន ក៏ដូចនៅដីចំការ ។ ពួកគាត់បានមករស់នៅទីនេះតាំងពីឆ្នាំ១៩៩៣ ។ ស្រាប់តែថ្មីៗនេះ សាលាដំបូងខេត្តព្រះសីហនុបានកោះហៅប្រជាពលរដ្ឋទៅសួរនាំ យោងតាមបណ្តឹងរបស់លោក វែង សម្បត្តិ តំណាងឲ្យក្រុមហ៊ុនថៃហេងឡុង ។

ប្រជាពលរដ្ឋទាំង២៤គ្រួសារ បាននិយាយថា វាជារឿងអយុត្តិធម៌សម្រាប់ពួកគាត់ដែលបានរស់នៅលើដីកម្មសិទ្ធិស្របច្បាប់តាំងពីឆ្នាំ១៩៩៣ ស្រាប់តែពេលនេះ ខាងក្រុមហ៊ុនថា ជាដីរបស់ខ្លួន ។ ពេលនេះប្រជាពលរដ្ឋកំពុងរស់នៅក្នុងភាពភ័យខ្លាច បន្ទាប់ពីមន្ត្រីក្រសួងការពារជាតិម្នាក់ ដែលមានទីលំនៅនៅតំបន់នោះត្រូវបានចាប់ខ្លួន ក្នុងសំណុំរឿងនេះ ។ ប្រជាពលរដ្ឋលើកហេតុផលថា ក្រុមហ៊ុនអាចមានការយល់ច្រឡំចំពោះទីតាំងដីរបស់ខ្លួន ក៏ព្រោះថា បើពិនិត្យស្រាវជ្រាវទៅលើប្រវត្តីដីខាងក្រុមហ៊ុន ស្ថិតនៅឯតំបន់ចំណោទរៀមឯណោះទេ ហេតុអ្វីបានជាមកប្តឹងប្រជាពលរដ្ឋនៅភូមិគគីរ ឃុំបិទត្រាំង ឯណេះទៅវិញ ។

មេឃុំបិទត្រាំង លោកឡាក់ គៀន បានឲ្យដឹងថា ប្រជាពលរដ្ឋឃុំបិទត្រាំងសរុប៧៤គ្រួសារ ហើយមានចំនួន២៤គ្រួសារបានរងការចោទប្រកាន់ពីខាងក្រុមហ៊ុន ។ លោកថា លោកមិនដែលបានចុះហត្ថលេខាលើដីក្រុមហ៊ុនក្នុងភូមិសាស្ត្រឃុំ បិទត្រាំងនេះទេ ។ លោកមេឃុំទទួលស្គាល់ថា ប្រជាពលរដ្ឋមករស់នៅកាន់កាប់អាស្រ័យផលមានផ្ទះសម្តែង ដំណាំដាំដុះ ហេដ្ឋារចនាសម្ព័ន្ធតាំងពីឆ្នាំ១៩៩៣មកម្ល៉េះ ទើបតែពេលនេះ ស្រាប់តែក្រុមហ៊ុនចេញមុខមកប្តឹង ។

មេធាវីខាងក្រុមហ៊ុន ថៃហេងឡុង ហាក់ដូចជាមានការលាក់លៀមក្នុងការផ្តល់ឯកសារពាក់ព័ន្ធករណីវិវាទខាងលើ នៅពេលដែលអ្នកកាសែតសុំឲ្យបង្ហាញដើម្បីបញ្ជាក់អំពីការពិតក្នុងការផ្សព្វផ្សាយព័ត៌មាន ។

ប្រជាពលរដ្ឋទាំង២៤គ្រួសារ ដែលកំពុងប្រឈមនឹងក្តីកង្វល់ជាមួយវិវាទខាងលើនេះ សំណូមពរដល់ប្រមុខរាជរដ្ឋាភិបាលសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត្យ មេត្តាជួយអន្តរាគមន៍ដល់ពលរដ្ឋក្រីក្រ ដើម្បីផ្តល់យុត្តិធម៌សម្រាប់ពួកគាត់ដែលបានមករស់នៅលើដីនេះមិនតិចជាង២០ឆ្នាំទៅហើយនោះ ៕ ហេង សូរិយា


ចែករំលែក៖