ខេត្តកណ្តាលៈ យ៉ាងហោចណាស់បុរសម្នាក់បានស្លាប់ ម្នាក់ទៀតរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូ កាលពីវេលាម៉ោង១៧ និង៤០នាទី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ២១B ត្រង់ចំណុចខាងមុខផ្ទះរបស់ឈ្មោះ ណាង សុខឈីង ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។
មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតនោះឈ្មោះ ង៉ែត សុខ ហាក់ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិកញ្ចិល ឃុំកំពង់រាប ស្រុកព្រៃកប្បាស់ ខេត្តតាកែវ ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខភ្នំពេញ1BE-3021 ។ ចំណែកឯជនរងគ្រោះរងរបួសធ្ងន់នោះឈ្មោះ ឡាច ឡា ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជិះម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ គ្មានស្លាកលេខ ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ បើកបរតាមបណ្តោផ្លូវជាតិលេខ២១B ក្នុងទិសដៅពីជើងទៅត្បូងដោយល្បឿនលឿន ។ លុះជិះដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកគ្នាជាមួយម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ដែលកំពុងបើកបរច្រាស់ទិសគ្នាពេញមួយទំហឹង បណ្តាលឲ្យភាគីម្ខាងស្លាប់បាត់បង់ជីវិត ម្ខាងទៀតរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។
ក្រោយពីមានហេតុការណ៍កើតឡើងសាកសពជនរងគ្រោះត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែកម៉ូតូត្រូវបានបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមច្បាប់ ។ មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កដោយភាគីម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ បើករំលោភចូលចំនែកផ្លូវរបស់ម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០១២៕ ស្អាងជ័យ