ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវចរន្តភ្លើងបំឡែងពីភ្លើងអាគុយឆក់បណ្តាលឲ្យស្លាប់

ចែករំលែក៖

ខេត្តកណ្តាលៈ បុរសម្នាក់រាយខ្សែលួសភ្ជាប់ជាមួយចរន្តភ្លើងបំឡែងពីភ្លើងអាគុយ ដើម្បីការពារ​សត្វកណ្តុរចូលស៊ីពោត ដោយសារតែការធ្វេសប្រហែសមិនបានដោះក្រចាប់អាគុយពេល​ទៅត្រួតពិនិត្យខ្សែលួស បណ្តាលឲ្យរអិលដួលសង្កត់ពីលើខ្សែលួសឆក់ស្លាប់យ៉ាងអណោច​អធ័មនៅក្បែរចម្ការ ។ ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៥ព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រែកតាដួង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អេង ចាន់ថា ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកតាដួង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។

សមត្ថកិច្ចបានដកស្រង់សំដីស្ត្រីជាប្រពន្ធជនរងគ្រោះយ៉ាងដូច្នេះថា ជារៀងរាល់ថ្ងៃល្ងាច ប្តីរបស់គាត់ឈ្មោះ អេង ចាន់ថា តែងតែចេញពីផ្ទះទៅដីចំការពោតដើម្បី ឆក់ការ​ពារ​មិនអោយកណ្តុរចូលស៊ីពោត ។ ស្ត្រីជាប្រពន្ធបានបន្តថា បន្ទាប់ពីដាក់ឆក់ការពារសត្វកណ្តុរប្តី​របស់គាត់តែងតែត្រឡប់មកដេកផ្ទះវិញនៅវេលាម៉ោង៨យប់ ហើយត្រឡប់ទៅមើល​ឧបករ​ណ៍វិញនៅវេលាម៉ោង៤ព្រឹក ។

តាមការបំភ្លឺពីសាក្សីឈ្មោះ ហុង ខន បានអោយដឹងថា នៅវេលាម៉ោង៥ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ គាត់បានបិតចរន្តភ្លើងដើររើសសត្វកណ្តុរតាមខ្សែលួស ពេលនោះបានឃើញភ្លើងហ្វារបស់ជនរងគ្រោះ ចាំងឡើងលើត្រឹមចុងពោត ។ ភ្លាមនោះរូបគាត់ក៏បានដើរទៅ​មើលឃើញជនរងគ្រោះដេកផ្កាប់មុខនៅលើខ្សែលួស ទើបរូបគាត់ប្រញាប់យកដំបងឬស្សីរុញ​ខ្សែលួសចេញពីជនរងគ្រោះទើបមានចរន្តភ្លើង ក៏ប្រញាប់បន្តទៅដោះក្រចាប់អាគុយនៅរោង​ចាំចម្ការឯក្បាលដី ។ សាក្សីបានបញ្ជាក់ថា បន្ទាប់ពីដោះក្រចាប់អាគុយរួច គាត់បានប្រញាប់​មកធ្វើចលនាឲ្យជនរងគ្រោះ ដើម្បីសង្រ្គោះអាយុជីវិត តែទោះបីជាបែបណាមិនអាចសង្រ្គោះ​ជនរងគ្រោះបានឡើយ បានត្រឹមតែរត់ត្រឡប់ទៅភូមិវិញប្រាប់ប្រពន្ធនិងក្រុមគ្រួសារជនរង​គ្រោះ ។

សមត្ថកិច្ចជំនាញបច្ចេកទេស និងវិទ្យាសាស្ត្រស្រុកកោះធំបានបញ្ជាក់ថា នៅលើជើងខាងឆ្វេងពីក្រោមជង្គង់ដល់ភ្លៅមានស្នាមឆេះខ្លោចខ្មៅប្រវែង២០ស.ម ទំហំប៉ុនខ្សែលួស ,នៅលើប្រអប់ជើងខាងឆ្វេងមានស្នាមឆេះខ្លោចខ្មៅ ទំហំប៉ុនខ្សែលួស ប្រវែង០៨ស.ម .នៅម្រាមដៃខាងស្តាំ ផ្នែកខាងក្នុងម្រាមដៃមានស្នាមឆេះខ្លោចខ្មៅ ទំហំប៉ុនខ្សែលួសចំនួន៣ម្រាមដៃ ។ ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ ពាក់ព័ន្ធទៅនឹងករណីឃាតកម្មទ្បើយ ជនរង​គ្រោះពិតជាត្រូវបានខ្សែលួសឆក់ប្រាកដមែន៕ ស្អាងជ័យ


ចែករំលែក៖