ព័ត៌មានទាន់ហេតុការណ៍៖

រួមរ័កតាំងអាយុ១៤ឆ្នាំ មានផ្ទៃ៥ខែ ចង់ដោះដៃចោលអូន ទីបំផុតជាប់ខ្នោះ

ចែករំលែក៖

ខេត្តកណ្តាលៈ យុវជនម្នាក់លួចទំនាក់ទំនងស្នេហាជាមួយក្មេងស្រីវ័យ១៤ឆ្នាំ រហូតជ្រុលជ្រួសធ្វើឲ្យ​នាងមានផ្ទៃពោះ៥ខែ ចង់ដោះដៃមិនព្រមចូលស្តីដណ្តឹង ធ្វើឲ្យឪពុកម្តាយខាងស្រីផ្ទុះក្តីខឹងសម្បា​ក៏សម្រេចចិត្តប្តឹងសមត្ថកិច្ចនគរបាលស្រុកមុខកំពូល ឲ្យជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមច្បាប់ ។ ជនសង្ស័យរូបនេះត្រូវបានសមត្ថកិច្ចនគរបាលស្រុកមុខកំពូល ចាប់​ខ្លួន កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ តាមការឯកភាពពីលោកព្រះរាជ​អាជ្ញាអមសាលាដំបូងខេត្តកណ្តាល ពីបទរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ។

មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ើ ស្មាឯល ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិជ្រោយមេត្រីលើឃុំឬស្សីជ្រោយ ស្រុកមុខ​កំពូល ។ ចំណែកឯក្មេងស្រីឈ្មោះ ហ ហ.ល.ស អាយុ១៤ឆ្នាំ ជាជន​ជាតិខ្មែរឥស្លាម ។

ប្រភពដដែលបានបន្តថា ជនសង្ស័យ និងក្មេងស្រីរងគ្រោះបានទំនាក់ទំនងស្រលាញ់តាំង​ពីអំឡុងឆ្នាំ២០១៥មកម្លេះ ។ លុះមកដល់អំឡុងដើមឆ្នាំ២០១៧ ជនសង្ស័យនិងក្មេងស្រីរង​គ្រោះ​ព្រមព្រៀងរួមភេទជាមួយគ្នាដោយលួចលាក់មិនឲ្យន៎ណាដឹងនោះ រហូតឈានដល់មានផ្ទៃ​ពោះ​ចំនួន៥ខែ ទើបបែកធ្លាយដឹងដល់ម្តាយឪពុកក្មេងស្រីរងគ្រោះ ។ បន្ទាប់ពីបានដឹងថា កូនស្រីមាន​ផ្ទៃពោះ ម្តាយឪពុកក្មេងស្រីរងគ្រោះបានទៅចរចារដល់ផ្ទះឪពុកម្តាយខាងប្រុស ដើម្បីឲ្យឪពុក​ម្តាយខាងប្រុសចូលស្តីដណ្តឹងរៀបមង្គលការតាមប្រពៃណី ។

អ្វីដែលធ្វើឲ្យឪពុកម្តាយក្មេងស្រីរងគ្រោះខឹងសម្បានោះ គឺឪពុកម្តាយ និងកូនប្រុសបាន​ឆ្លើយបដិសេធមិនទាន់គិតគូ ដោយតម្រូវឲ្យនាំក្មេងស្រីរងគ្រោះយកកូនចេញ ។ បន្ទាប់ពីចរចារ​មិនត្រូវធ្វើឲ្យបាក់មុខយ៉ាងខ្លាំងនោះ ឪពុយកម្តាយក្មេងស្រីរងគ្រោះបាននាំគ្នាត្រឡប់មកផ្ទះវិញ​ទាំងក្តីក្តៅក្រហាយ ។ ក្រោយមកបានមួយថ្ងៃទើបឪពុកម្តាយជនសង្ស័យដឹងខ្លួនខុស បាននាំគ្នា​ទៅសុំទោសឪពុកម្តាយក្មេងស្រីរងគ្រោះដល់លំនៅឋាន តែទោះបីជាបែបណាឪពុកម្តាយក្មេង​ស្រី​រងគ្រោះមិនអាចអត់អោនឲ្យបានទេ ក៏សម្រេចចិត្តដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចនគរបាល​ស្រុកមុខកំពូលនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងនៅ​រសៀលថ្ងៃដដែល សមត្ថកិច្ចបានហៅឪពុកម្តាយ និងជនសង្ស័យយកទៅធ្វើការសាកសួរនៅ​អធិការដ្ឋាននគរបាលស្រុក ។

ក្រោយពីស្តាប់ចម្លើយសារភាពជនសង្ស័យ រួចមកសមត្ថកិច្ចបានសុំការឯកភាពពី​លោក​ព្រះរាជ​អាជ្ញាអមសាលាដំបូងខេត្តកណ្តាល ចាប់ខ្លួនជនសង្ស័យរូបនេះ ពីបទរួមភេទជាមួយ​អនីតិជនអាយុក្រោម១៥ឆ្នាំ ដើម្បីចាត់ការតាមច្បាប់ ។

មន្ត្រីនគរបាលស្រុកមុខកំពូលបានបញ្ជាក់ថា ការទំនាក់ទំនងស្នេហារវាងជនសង្ស័យ និងក្មេងស្រីរងគ្រោះ ត្រូវឪពុកម្តាយទាំងសងខាងបានដឹងថា ពួកគេទាំង២នាក់ស្រលាញ់គ្នា តែ​មិនដឹងថា ពួកគេថ្លើមធំហ៊ានទុំមុនស្រគាលនោះទេ រហូតក្មេងស្រីរងគ្រោះមានផ្ទៃពោះ៥ខែ ទើប​ឪពុកម្តាយបានដឹង តែមិនប្រកាន់ទោសពៃអ្វីឡើយ ពោលគឺសុខចិត្តកាន់កេរ្តិ៍កាត់ខ្មាស់ទៅចរចារ​ជាមួយឪពុកម្តាយខាងប្រុសដល់ផ្ទះ តែដោយសារពាក្យសំដីនិងកាយវិការរបស់ឪពុកម្តាយ និង​ជនសង្ស័យមិនព្រមទទួលសុខត្រូវ ទើបឪពុកម្តាយក្មេងស្រីរងគ្រោះសម្រេចចិត្តដាក់ពាក្យបណ្តឹង​យ៉ាងដូច្នេះ ៕ ស្អាងជ័យ


ចែករំលែក៖