ភ្នំពេញ៖ អង្កការស៊ីប៉ាប្រកាសជាផ្លូវការ ពីការពង្រីកភាពជាដៃគូជាមួយក្រុមហ៊ុន ស្មាតអាស៊ីតា ដើម្បីគាំទ្រសកម្មភាពអំណានតាមរយៈបច្ចេកវិទ្យាព័តមាន នៃទូរគមនាគមន៍(ICT)នៅតាមសហគមន៍ ។
ពិធីប្រកាសជាដៃគូនេះ បានប្រព្រឹតិ្តទៅនៅបណ្ណាល័យជាតិ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ ជូនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា និងមានការចូលរួមពីដៃគូនានារបស់អង្កការស៊ីប៉ា និងក្រុមហ៊ុនស្មាត ដែលគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនិងអនក្ខរភាព។
នាយកអង្កការស៊ីប៉ា លោក ហុក សុទ្ធិ បានលើកឡើងថា ការប្រកាសភាពជាដៃគូនេះ គឺចំពេលដែលអង្កការស៊ីប៉ា ប្រារព្វខួប៣៥ឆ្នាំនៃសកម្មភាពរបស់ខ្លួន ក្នុងការជួយប្រជាជនកម្ពុជា ដែលគ្មាឱកាស ដោយផ្តល់តំលៃដល់ការបង្កើតថ្មី ការផ្ទេរចំណេះដឹង និងការអភិវឌ្ឍន៍។
លោកថា តាមរយៈសកម្មភាព ដែលផ្តោតជាសំខាន់ លើកាបង្កើតទំលាប់នៃការអាន និងលើកស្ទួយអក្ខរភាពនៅកម្ពុជា អង្កការស៊ីប៉ា បាននិងកំពុងធ្វើការងារជាច្រើន ដោយមានកម្មវិត្ថុច្បាស់លាស់មួយ គឺធ្វើយ៉ាងណាឱ្យសៀវភៅក្លាយជាឧបករណ៍ពិសេស សំរាប់អប់រំ និងនាំសៀវភៅ ទៅដល់ដៃជនដែលមិនសូវមានឱកាស។
បើតាមលោក ហុក សុទ្ធិ បច្ចេកវិទ្យា អាចជាឧបករណ៍ល្អមួយ សំរាប់អង្កការស៊ីប៉ា ក្នុងការលើកទឹកចិត្តមនុស្សជំនាន់ថ្មីឱ្យរីករាយជាមួយនិងការអាន ដូច្នេះកិច្ចសហការជាមួយក្រុមហ៊ុនស្មាត និងជួយឱ្យបណ្ណាល័យចល័តទាំង៨ មាន Ipad សំរាប់កុមារអាន និងស្វែងយល់ពីបច្ចេកវិទ្យាថ្មីៗ។
លោក ថូម៉ាសហ៊ុន នាយកប្រតិបត្តិក្រុមហ៊ុន ស្មាត អាស៊ីតា បានលើកឡើងថា ក្នុងក្របខណ្ឌនៃកិច្ចសហការថ្មីនេះ ក្រុមហ៊ុនស្មាតនិងក្លាយជាដៃគូផ្លូវការ ផ្នែកទូរគមនាគមន៍របស់អង្កការស៊ីប៉ា តាមរយៈការគាំទ្រកម្មវិធីនិងគំនិតផ្តួចមួយចំនួន។
លោកថា ភាពជាដៃគូ រវាងអង្កការស៊ីប៉ា និងក្រុមហ៊ុនស្មាត គឺជាការបន្តកិច្ចសហការ កាលពីឆ្នាំកន្លងទៅ ដែលទទួលបានលទ្ធផលជោគជ័យ តាមរយៈការបំពាក់ការប្រើប្រាស់ បច្ចេកវិទ្យាព័តមាន និងទូរគមនាគមន៍(ICT)ក្នុងការឱ្យរថយន្តចល័តរបស់អង្កការស៊ីប៉ា ចំនួន២គ្រឿង។
កិច្ចសហការជំហានដំបូងនេះ បានធ្វើឱ្យកុមារប្រមាណ១ពាន់នាក់ ក្នុង១សប្តាហ៍ មានឱកាសរីករាយ ជាមួយការអានតាមរយៈIPAD ដែលភ្ជាប់បណ្តាញអ៊ីនធើណិត ដែលផ្តល់ដោយក្រុមហ៊ុនស្មាត។ បើតាមលោក ថូម៉ាស ហ៊ុន ក្រុមហ៊ុនស្មាត ពិតជាពេញចិត្តចំពោះ ការពង្រីកភាពជាដៃគូ ជាមួយអង្កការស៊ីប៉ា នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកំពស់កម្មវិធីមួយចំនួនរបស់អង្កការស៊ីប៉ា ខណះការអប់រំគឺជាប្រធានបទស្នូល នៃការទទួលខុសត្រូវនៃសង្គមរបស់យើង។
លោកបណ្ឌិតសភាចារ្យ ហង់ ជូនណារ៉ុន បង្ហាញការអបអរសាទរ ដែលក្រុមហ៊ុនស្មាតបានបន្តប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រវិស័យអប់រំ និងអភិវឌ្ឍន៍ការអាន ជាមួយអង្កការស៊ីប៉ា ដែលជាដៃគូយូរលង់ របស់ក្រសួងអប់រំយុវជននិងកីឡា។ ភាពដៃគូ រវាងក្រុមហ៊ុនស្មាត និងអង្កការស៊ីប៉ា និងធ្វើឱ្យអ្នកទទួលផលពីគំរោងដឹងថា តាមរយៈការប្រើប្រាស់ឧបករណ៍ ឌីជីថលថ្មីនេះ និងជម្រុញឲ្យកាន់តែប្រសើរឡើងនូវភាពស្មគ្រ័ចិត្ត និងការទទួលខុសត្រូវ សង្គមនៃផ្នែកផ្សេងៗទៀត៕ វឌ្ឍនា