ភ្នំពេញៈ រដ្ឋបាលរាជធានីបានសម្រេចឧបត្ថម្ភថវិកា១០,០០០ដុល្លារក្នុងមួយខែជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ សម្រាប់ទិញថ្នាំពេទ្យក្នុងការចុះពិនិត្យជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
ការសម្រេចបែបនេះបានធ្វើឡើងក្នុងកិច្ចប្រជុំរបស់អាជ្ញាធររាជធានីភ្នំពេញ និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ កាលពីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ដើម្បីរកគន្លិះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្រីក្រ ដោយមិនគិតថ្លែនៅរាជធានីភ្នំពេញក្រោមការដឹកនាំដោយលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងអាជ្ញាធរខណ្ឌទាំង១២ ។
លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា នៅភ្នំពេញរបស់យើង មានកម្មករកម្មការិនីរោងចក្រប្រមាណ៧០ទៅ៨០ភាគរយ មកពីបណ្តាខេត្តមករស់នៅទីក្រុងភ្នំពេញ ដើម្បីបំពេញការងាររបស់ខ្លួន ហើយកម្មករកម្មការិនីរោងចក្រ នេះមិនបានគិតចូលជាមួយកម្មករ កម្មការិនីដែលបម្រើការងារនៅតាមហាងនានាផង ដែលអ្នកទាំងអស់គ្នាជាមុខសញ្ញាដែលយើងត្រូវជួយពួកគាត់ ពិសេសលើការចុះជួយពិនិត្យព្យាបាលជំងឺដោយមិនគិតថ្លៃ ។
ក្នុងឱកាសនោះដែរ លោកអភិបាលរាជធានី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ដែលបានជួយចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋកន្លងមក។ដោយហេតុនេះហើយទើបរដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចឧបត្ថម្ភថវិកាចំនួន១០,០០០ដុល្លារក្នុងមួយខែជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ សម្រាប់យកទៅទិញថ្នាំពេទ្យពិនិត្យព្យាបលជំងឺជូនប្រជាពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ។ចំពោះខណ្ឌទាំងអស់ត្រូវចូលរួមជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះដល់ផ្ទះប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវដឹងពីទុក្ខធុរៈរបស់ពួកគាត់ បើគាត់មានជំងឺមធ្យមអាចព្យាបាលនៅផ្ទះ ហើយបើធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យណាដែលមានឧបករណ៍ទំនើបព្យាបាលជូនគាត់៕ ប្រាថ្នា