ខេត្តត្បូងឃ្មុំ ៖ សៃវៀនលេងល្បែងជល់មាន់និងអាប៉ោងមួយកន្លែងត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បង្ក្រាប កាលពីវេលាម៉ោង៣និង១៥នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ស្ថិតនៅភូមិអណ្តូងប្រក់ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
សម្មត្ថកិច្ចបានឲ្យដឹងថា ដោយសាររៀបចុះទៅបង្រ្កាបហើយបែកការណ៍ទើបអ្នកលេងរត់អស់ នៅសល់តែវត្ថុតាង។
ចំពោះវត្ថុតាងដកហូតបានរួមមានៈ តុលេងល្បែងមួយ, ចានគ្របអាប៉ោងមួយ, តង់ប្រក់សៃវៀន កន្លែងជល់មាន់ ស៊ុមក្រុងមាន់ចំនួន៤។
សូមជម្រាបដែរថា នៅខេត្តត្បូងឃ្មុំបើទោះបីមានការបង្ក្រាបជាបន្តបន្ទាប់ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច តែល្បែងស៊ីសង បៀរ អាប៉ោង ជល់មាន់ ឆ្នោតវៀតណាមជាដើមនៅតែកើតមានយ៉ាងពេញបន្ទុក ខណៈទីតាំងខ្លះត្រឹមអាជ្ញាធរខេត្តគឺមិនហ៊ានទៅក្បែទេ ដូចជាទីតាំងល្បែងជល់មាន់ និងល្បែងស៊ីសងដ៏ធំចំនួនពីរ កន្លែងនៅឃុំអន្លង់ជ្រៃ ជាប់ផ្លូវជាតិលេខ៨ជាដើម។ មិនហ៊ានទៅក្បែព្រោះអ្នកបើកបានយកឈ្មោះថ្នាក់ដឹកនាំជាន់ខ្ពស់ និងអ្នកមានអំណាចមកកាង ដូច្នេះហើយទើបបិតត្រចៀក ភ្នែក និងមាត់ ខណៈបើហ៊ានខ្លាចអស់បុណ្យអស់សក្តិ ៕វណ្ណះ