ព័ត៌មានទាន់ហេតុការណ៍៖

ធ្វើសកម្មភាពលួចយកថង់ខោអាវមួយស្បោងធំ ត្រូវម្ចាស់គេឃើញទាន់ចាប់ក្របួចឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលដែលប្រចាំការនៅក្នុងផ្សារធំថ្មី បានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីរូបគេ បានធ្វើសកម្មភាពលួចយកស្បោងខោអាវរបស់ជនរងគ្រោះមួយស្បោងធំ បានសម្រេចហើយប្រុងរត់គេចខ្លួន តែត្រូវជនរងគ្រោះឃើញទាន់ ក៏ចាប់ក្របួចឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ។

ករណីឃាត់ខ្លួនចោរលួចខោអាវខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចតូបលេខI.041 ស្ថិតក្នុងផ្សារធំថ្មី សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ។

បុរសសង្ស័យឈ្មោះ សុខ វាសនា អាយុ២១ឆ្នាំ មុខរបរនិងទីកន្លែងស្នាក់នៅមិនពិតប្រាកដស្នាក់នៅមិនពិតប្រាកដ ។ ចំណែកឯជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណ គ្រាន់តែដឹងថា(ភេទស្រី)ក្រោយកើតហេតុមិនបានដាក់ពាក្យបណ្ដឹងនោះទេ ។

ប្រភពព័ត៌មានពីមន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺជនសង្ស័យបានដើរចូលទៅក្នុងផ្សារធំថ្មីតាំងពីព្រឹក លុះដើរមកដល់ចំណុចតូបកើតហេតុ ពេលនោះ ដោយរូបគេ (ជនសង្ស័យ) បានឃើញជនរងគ្រោះកំពុងតែរវល់រៀបចំខោអាវលក់ដូរ ឃើញឱកាសល្អជនសង្ស័យក៏បានធ្វើសកម្មភាពលួចយកថង់ខោអាវមួយស្បោងធំ ដែលនៅក្នុងថង់នោះមានអាវចំនួន២០អាវ ដាក់លើស្មាប្រុងរត់គេចខ្លួន ស្រាប់តែជនរងគ្រោះឃើញទាន់ បានសែ្រកឆោឡោថាចោរៗ បង្កឲ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ចដែលកំពុងប្រចាំការនៅក្នុងផ្សារមកជួយអន្តរគមន៍ចាប់បានជាក់ស្តែងតែម្តង ។

ក្រោយកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចប្រគល់ឲ្យនគរបាលប៉ុស្តិ៍ផ្សារថ្មីទី១ យកទៅសាកសួរ នឹងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីចាត់ការតាមច្បាប់៕ ស តារា


ចែករំលែក៖