ព័ត៌មានទាន់ហេតុការណ៍៖

បំបែកសំណុំរឿងជួញដូរអាវុធធុនធ្ងន់ឆ្លងដែន ឃាត់ខ្លួន៣នាក់ ក្នុងនោះម្នាក់ជាម្ចាស់អាវុធ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ សហការនិងនគរបាលខេត្តបាត់ដំបងបានចេញប្រតិបត្តិការស្រាវជ្រាវស៊ើបអង្កេត ឈានទៅដល់បំបែកសំណុំរឿងជួញដូរអាវុធធុនធ្ងន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃនោះហើយ ឃាត់ខ្លួនជនសង្ស័យខ្មែរ៣នាក់ ក្នុងនោះមានជនសង្ស័យម្នាក់ជាមន្រ្តីបំរើការងារក្នុងអង្គភាពស៊ីម៉ាកខេត្តបាត់ដំបង ដែលជាម្ចាស់អាវុធ។

ការបង្រ្កាបឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ ធ្វើឡើងកាលពីថ្ងៃចុងសប្តាហ៍កន្លងទៅថ្មីៗនេះថ្ងៃទី២១ និង២២ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងភូមិសាស្រ្តស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ការឃាត់ខ្លួនជនសង្ស័យ ក្រោយពីមានករណីជួញដូរអាវុធធុនធ្ងន់ពីកម្ពុជានៅក្នុងភូមិសាស្រ្តស្រុកម៉ាឡៃ ចូលទៅប្រទេសទេសថៃ ហើយតម្រួតថៃបង្រ្កាបចាប់ឃាត់ខ្លួនជនជាតិថៃ៥នាក់ រថយន្ត៣គ្រឿង និងអាវុធធ្វើសឹកសង្រ្គាមមួយចំនួនកាលពីថ្ងៃយប់អធ្រាត្រ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចស្ថានីយ៍ប្រេងឥន្ធៈមួយកន្លែងក្នុងភូមិ៧ ឃុំស្រះខ្វាន់ ស្រុកមឿង ស្រះកែវ ខេត្តស្រះកែវ ប្រទេសថៃ ខណៈដែលរថយន្តរបស់មុខសញ្ញាដឹកផ្ទុកអាវុធ ចំនួន៣គ្រឿង បានបង្ហាញខ្លួននៅកន្លែងស្ថានីយ៍ប្រេងឥន្ធនៈនោះ។

កម្លាំងនគរបាលទាំង២ខេត្តចេញបង្រ្កាបឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើនោះ ក្រោយពីនាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិបានបញ្ជាលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងការដឹកនាំកម្លាំងស្រាវជ្រាវស៊ើបអង្កេតផ្ទាល់ឈានដល់ការបង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានសម្រេចតែម្តង។ ក្នុងនោះក៏មានការសហការផ្តល់ព័ត៌មានមុខសញ្ញាជនជាប់ពាក់ព័ន្ធពីតម្រួតថៃផងដែរ។

ករណីមានការជួញដូរអាវុធធុនធ្ងន់ឆ្លងដែនខុសច្បាប់ទៅកាន់ប្រទេសថៃនោះដែរ សេចក្តីរាយារណ៍ឱ្យដឹងថា មេទាហានឈុតខ្មៅថៃម្នាក់ពាក់សក្តិ៤ មានឋានៈជាអនុប្រធានកងអនុសេនាធំទាហានឈុតខ្មៅចំណុះឱ្យកងវរៈសេនាធំលេខ១២ ដែលគ្រប់គ្រងក្នុងភូមិសាស្រ្តព្រំដែនថៃឈមនិងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យបានរងការដកហូតពីតំណែង ក្រោយពីមានការធ្វេសប្រហែសឱ្យមានការជួញដូរអាវុធឆ្លងដែនខុសច្បាប់ក្នុងភូមិសាស្រ្តដែលមេទាហានឈុតខ្មៅរូបនោះគ្រប់គ្រង។

លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យប្រាប់ឱ្យដឹងថា ក្រោយពីមានការបង្រ្កាបការជួញដូរអាវុធឆ្លងដែនខុសច្បាប់នៅក្នុងប្រទេសថៃរួចហើយនោះ ។ លោកឧត្តមសេនីយ៍ទោ អាត់ ខែមស្នងការនគរបាលខេត្តបន្ទាយមានជ័យក៏បានចាត់លោក និងលោកស្នងការរងអ៊ុំ សុផល ទៅខេត្តស្រះកែវប្រទេសថៃ ដើម្បីសហការជាមួយស្នងការតម្រួតថៃខេត្តស្រះកែវ។

បន្ទាប់មកក៏មានការផ្តល់ព័ត៌មាននិងមុខសញ្ញាពីតម្រួតថៃពាក់ព័ន្ធនិងជនជាតិខ្មែរក្នុងការជួញដូរអាវុធទាំងនោះ។ទើបនៅថ្ងៃទី២១ និង២២ ខែកក្កដា ឆ្នាំ២០១៧ លោកក៏បានដឹកនាំកម្លាំងក្រោមអនុវត្តតាបទបញ្ជាលោកឧត្តមសេនីយ៍ស្នងការ អាត់ ខែម ចុះទៅស្រាវជ្រាវស៊ើបអង្កេតហើយដឹងថា មុខសញ្ញាក្រុមជួញដូរអាវុធនៅខេត្តបាត់ដំបង ក៏សុំការសហការជាមួយនិងកម្លាំងនគរបាលខេត្តបាត់ដំបងហើយឈានដល់ការឃាត់ខ្លួនជនសង្ស័យ៣នាក់ជាបន្តបន្ទាប់ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។

លោកស្នងការរងប្រាប់ឱ្យដឹងទៀតថា ជនសង្ស័ទាំង៣នាក់មានឈ្មោះ១,ជឹម លីន ភេទ ប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិឈើទាល ឃុំសិរីមានជ័យ ស្រុកសំពៅលូន ជននេះជាអ្នកទិញអាវុធនិងនាំឆ្លងលក់ទៅកាន់ប្រទេសថៃ២, យឹម សាវី ភេទប្រុសអាយុ៣៨ឆ្នាំ រស់នៅភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ជននេះជាអ្នកលីសែងអាវុធដើម្បីឆ្លងដែនទៅកាន់ប្រទេសថៃ ៣,អប់ វីរៈហៅឡេង ភេទប្រុសអាយុ៤៨ឆ្នាំ ជាបុគ្គលិកស៊ីម៉ាក រស់នៅភូមិអញ្ចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ជននេះជាម្ចាស់អាវុធ។

លោកស្នងការរងបានប្រាប់ឱ្យដឹងទៀតថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះជឹម លីន ដែលជាអ្នកទិញអាវុធនាំឆ្លងដែនទៅប្រទេសថៃ បានឆ្លើយសារភាពថាអាវុធធុនធ្ងន់ដែលតម្រួតថៃបង្រ្កាបបាននោះគឺគេទិញពីឈ្មោះអប់ វីរៈហៅឡេងជាបុគ្គលិកស៊ីម៉ាកនូវកាំភ្លើងត្បាល់២ដើមប្រភេទដេកា៨២mm និងដេកា៨១ mm ១ដើម ទិញ១ដើម៣២០០ដូល្លាសរុប៣ដើម លក់ទៅឱ្យថៃ១ដើមប្រហែលជាង៥ពាន់ដូល្លា អាវុធទាំងនោះខាងជនជាតិថៃគេទិញយកឱ្យកងទ័ពឧន្ទាមភូមា។

ជនសង្ស័យរូបនេះឱ្យដឹងទៀតថា រូបគេបានធ្វើការជួញដូរអាវុធ៣លើកមកហើយរាប់ទាំងលើកចុងក្រោយនេះ។លើកទី១និងលើកទី២ក៏បានទិញកាំភ្លើងអាការម្តង១០ដើមសរុបទាំង២លើក២០ដើមពីឈ្មោះ អប់ វិរៈ ហៅឡេង មន្រ្តីស៊ីម៉ាក ក្នុងតម្លៃ១ដើមចន្លោះពី២២០ដូល្លាទៅ២៦០ដូល្លា។លុះការជួញដូរអាវុធធុនធ្ងន់លើកទី៣ ក៏ត្រូវរងការបង្រ្កាបពីសមត្ថកិច្ចថៃតែម្តង។ដោយឡែកជនសង្ស័យឈ្មោះ ឈ្មោះ អប់ វិរៈ ហៅឡេង មន្រ្តីស៊ីម៉ាក សារភាពឱ្យដឹងថា អាវុធទាំងនោះគឺរូបគេបានមកពីការប្រមូលរក្សាទុកសេសសល់តាំងពីសម័យសង្រ្គាមដែលប្រជាពលរដ្ឋយកមកប្រគល់ឱ្យ។ក្រោយមកមានការទំនាក់ទំនងទិញអាវុធរូបគេក៏បានលក់អាវុធទាំងនោះតែម្តង គឺលក់សម្រាប់ឱ្យតែការនាំចេញទៅកាន់ប្រទេសថៃប៉ុណ្ណោះ។អាវុធទាំងនោះទៅប្រទេសថៃពួកគេធ្វើឡើងតាមច្រករបៀងលួចលាក់នៅពេលយប់ដោយលីនិងសែងនាំឆ្លងអូរព្រំដែនព្រៃរបោះនិងកាត់ចំការអំពៅក្នុងភូមិសាស្រ្តឃុំ បឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកស្នងការរងបញ្ជាក់ឱ្យដឹងទៀតថា អាវុធធុនធ្ងន់ដែលរងការបង្រ្កាបពីតម្រួតថៃ កាលពីយប់ថ្ងៃទី១៨ ខែក្កដា ឆ្នាំ២០១៧ នៅខេត្តស្រះកែវនោះរួមមានៈកាំភ្លើងផ្លោងដេកា៨២ mm ចំនួន២ដើម, កាំភ្លើងដេកា៨១mm ចំនួន១ដើម,គ្រាប់កាំភ្លើងដេកា៨២ mm ៣គ្រាប់,ឧបករណ៍បង្កៃគ្រាប់បែកចំនួន៣ឈុត និងរថយន្តថៃ៣គ្រឿង។

ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានកម្លាំងនគរបាលការិយាល័យចំនាញខេត្តបានចាប់បញ្ជូនយកទៅកាន់តុលាការខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមផ្លូវច្បាប់នោះហើយ៕ សំ វិច្ឆិកា


ចែករំលែក៖