ព័ត៌មានទាន់ហេតុការណ៍៖

ក្លឹបកីឡាបាញ់ធ្នូភូមិន្ទកម្ពុជាគាស់កកាយបេតិកភណ្ឌធ្នូខ្មែរនិងកំពុងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ

ចែករំលែក៖

ខេត្តសៀមរាប៖ ក្លិបកីឡាបាញ់ធ្នូ ភូមិន្ទកម្ពុជា បានគាស់កកាយ ចូលក្នុងបេតិកភណ្ឌធ្នូខ្មែរ និងកំពុងទាក់​ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្ដរជាតិឱ្យ មានចំណាប់អារម្មណ៍ ស្វែងយល់អំពីប្រភេទធ្នូបុរាណខ្មែរ និងបាញ់​សាកល្បងកំសាន្តរយៈពេល ៩០នាទីយ៉ាងសប្បាយរីករាយ។ ក្លឹបកីឡាបាញ់ធ្នូ ភូមិន្ទកម្ពុជា ជាជម្រុក​នៃកន្លែងកម្សាន្ដ​របស់ភ្ញៀវទេសចរណ៍គ្រប់ជាតិសាសន៍ ក្រៅពី​ដើរទស្សនា​ប្រាង្គ​ប្រាសាទអាច ធ្វើឱ្យ​​ភ្ញៀវទេសចរណ៍មានជម្រើសជាច្រើន​ទៀតសម្រាប់ដំណើរ​ការកម្សាន្ដ​របស់ពួកគាត់។ ក្លឹប​កីឡា​បាញ់​​ធ្នូ​ភូមិន្ទកម្ពុជា​ មាន​ទីតាំងស្ថិត​នៅភូមិ​សាលា​កន្សែង សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ។

លោក សា ឌីណា ប្រធាន​ក្លឹប​កីឡា​បាញ់ធ្នូភូមិន្ទកម្ពុជា បានឱ្យដឹង​ថា ​ក្លឹប​របស់លោក​បាន​បង្កើត​ឡើង​​កាល​ពី​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ២០១៦ ដោយមានសមាជិក​ចំនួន ១០រូប ក្លឹប​នេះ​មានគោល​ដៅ​បណ្ដុះ​បណ្ដាល​ធន​ធាន​កីឡាករ​បាញ់ធ្នូ ​ដើម្បីត្រៀម​ចូលរួមប្រកួត​ប្រជែង​ក្នុងព្រឹត្តិការណ៍​កីឡា​ថ្នាក់​ជាតិ និង​ព្រឹត្តិការណ៍ស៊ីហ្គេម​ឆ្នាំ​២០២៣ ដែលកម្ពុជានឹងរៀបចំធ្វើជាម្ចាស់ផ្ទះ។ ជាមួយគ្នានេះដែរ​ក្លឹបក៏មាន​គោល​ដៅ​ក្នុងការ​គាស់​កកាយ​ឡើងវិញ​នូវ​បេតិកភ័ណ្ឌ​ធ្នូ​បុរាណខ្មែរ ដែលបានបាត់​បង់​អស់រយៈកាល​ជា​យូរ​ឆ្នាំមកហើយផងដែរ។

លោក ទិល ចាន់លីន អ្នកឯកទេសស្រាវជ្រាវ​ធ្នូ​បុរាណ​ខ្មែរ និងជាសមាជិក​ក្លឹប​កីឡាបាញ់ធ្នូភូមិន្ទ​កម្ពុជា​​បាន​ឱ្យ​ដឹង​ថា លោក​មានបំណង​ចង់ឱ្យមហាជន​ស្គាល់ពីប្រភេទធ្នូបុរាណខ្មែរបាន​ទូលំទូលាយ។បើ​ ​​តាម​រយៈ​ការ​ស្រាវ​ជ្រាវ​រយៈពេល ៧ឆ្នាំ​កន្លងមកនេះ លោក​បានរកឃើញ​ និងផលិត​ធ្នូបុរាណ​បានចំនួន ២៥ និងជំហរ​បាញ់ធ្នូ​ប្រមាណ​៣០ជំហរ ការស្រាវជ្រាវ​ផ្ដោត​សំខាន់​ទៅលើ​ការសាកសួរ​ចាស់ៗ​តាម​បណ្ដាខេត្ត​ដែលលោក ​មានលទ្ធភាព​ទៅដល់ ការស្រាវជ្រាវ​តាមវចនានុក្រម តាមសារៈមន្ទីរ និង​​តាមជញ្ជាំ​ង​ប្រាសាទ។

លោក​បានបន្តទៀតថា រូបចម្លាក់នៅ​លើ​ជញ្ជាំង​ប្រាសាទ​អង្គរ​បានផ្ដល់​តម្រុយ​ជាច្រើន​ដល់ការ​ស្រាវ​ជ្រាវ​របស់លោកបើប្រៀបធៀបរវាងធ្នូបុរាណនិងធ្នូសម័យ ​វាមាន​ភាព​ខុស​គ្នា​តាំង​ពីវត្ថុធាតុដើម​ក្នុង​កា​រ​ផលិត និងការប្រើប្រាស់។ការផលិតធ្នូបុរាណមួយ យើងត្រូវចំណាយ​ពេលប្រមាណ១ខែ ហើយ​ត្រូវធ្វើ​ដោយ​ផ្ចិតផ្ចង់ងឆ្លងតាមដំណាក់​កាលនីមួយៗរហូតដល់ទៅ ៨ដំណាក់កាលឯណោះ ធ្នូ​បុរាណ​​ខ្មែរ​អាចបាញ់បានចម្ងាយប្រមាណ ២០០ម៉ែត្រ ខណៈធ្នូសម័យបាញ់មិនដល់នោះឡើយ។

ទន្ទឹម​នឹងការ​ផ្ដល់ជាទីតាំង​សម្រាប់ភ្ញៀវ​ទេសចរណ៍​បាញ់ធ្នូទាំង​ប្រភេទបុរាណ និងសម័យ ក្លឹប​កីឡា​បាញ់ធ្នូ​ភូមិន្ទកម្ពុជា​​កំពុង​តែបណ្ដុះ​បណ្ដាល​កីឡា​ករ​បាញ់ធ្នូសម័យចំនួន ៤រូប ក្លឹបគ្រោង​នឹង​ជ្រើស​រើស​យុវជន ជាពិសេស​កុមារា​ កុមារី មានជីវភាពក្រីក្ររ​ចំនួន​២០នាក់ដើម្បី​បណ្ដុះបណ្ដាល​បន្ថែម​ទៀត​ ៕ ប៊ុន រិទ្ធី


ចែករំលែក៖