ខេត្តសៀមរាប៖ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅនេះ ការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ ជាតិពុល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយអធិការដ្ឋាននគរបាលក្រុង-ស្រុក ដែលកន្លងមក បានប្រមូលសំណល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលសល់ពីសង្រ្គាមចំនួន០៩គ្រាប់នោះ ត្រូវបានប្រគល់ឱ្យ អង្កការ ស៊ីម៉ាក់ និង ហេឡូត្រាស់ ដើម្បីយកទៅកម្ទេចចោល។
តាមប្រភពពីសមត្ថកិច្ចនគរបាលជំនាញបានប្រាប់នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ថា ដោយមានការចូលរួម ដល់ល្អ ពីប្រជាពលរដ្ឋ និងសមត្ថកិច្ចនគរបាលមូលដ្ឋានតាម ស្រុក ក្រុង មួយចំនួននៅក្នុងខេត្តសៀមរាប ទើបកម្លាំងជំនាញបានផ្សព្វផ្សាយជូនពួកគាត់ ដើម្បីឱ្យបានយល់ដឹង អំពីគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលនៅសេសសល់ពីសម័យសង្រ្គាម រហូតកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានប្រមូលយកមកចំនួន៩គ្រាប់ រួមមាន៖ ទី១- ស្រុកក្រឡាញ់ចំនួន០២គ្រាប់ ប្រភេទគ្រាប់បែកដៃផ្លាស្ទិចចិនចំនួន០១គ្រាប់និងគ្រាប់ប្រភេទ60mm ចំនួន០១គ្រាប់ ទី២- ស្រុកស្វាយលើប្រមូលបានចំនួន០៤គ្រាប់ មានប្រភេទ60mm ចំនួន 2គ្រាប់ ; ប្រភេទB40 ចំនួន01គ្រាប់ ; ប្រភេទB62 ចំនួន01គ្រាប់ស្ថិតក្នុងភូមិអង្កាញ់ ឃុំស្វាយលើ និង ទី៣- ក្រុងសៀមរាបប្រមូលបានចំនួន០២គ្រាប់ មាន ប្រភេទ81mm ចំនួន01គ្រាប់ ; ប្រភេទ76mmចំនួន01គ្រាប់ ៕ ប៊ុន រិទ្ធី