ខេត្តសៀមរាប៖ អាជ្ញាធរខេត្តសៀមរាបគ្រោងបន្ថែម ដាក់កាមរ៉ា សុវត្ថិភាព ចំនួន៣០គ្រាប់បន្ថែមទៀតនៅជុំវិញ បរិវេណផ្លូវផាប់ស្ទ្រីត និងផ្លូវស៊ីវុត្ថា នៅពេលឆាប់ៗខាងមុខនេះ។
លោក នួន ពុទ្ធារ៉ា នាយករដ្ឋបាលសាលាខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី២២ខែកក្កដាឆ្នាំ២០១៧នេះថា អាជ្ញាធរខេត្តសៀមរាបគ្រោងនឹងបង្កើនកាមរ៉ាសុវត្ថិភាពចំនួន ៣០ នៅពេលឆាប់ៗខាងមុខនេះ បន្ថែមទៀត លើកាមរ៉ាចំនួន ២៣ ដែលមានស្រាប់កំពុងដាក់នៅតាមទីតាំងសំខាន់ៗជុំវិញតំបន់ផាប់ស្ទ្រីត។ ការដាក់បន្ថែមកាមរ៉ាសុវត្ថិភាពបានកើនសរុបដល់ ៥៣ទីតាំង គឺដើម្បីពង្រឹងការគ្រប់គ្រងសន្ដិសុខ និងសណ្ដាប់ធ្នាប់នៅតំបន់ដែលមានភ្ញៀវទេសចរគ្រប់ជាតិសាសន៍ទៅលេងកម្សាន្ដនាពេលរាត្រី។
ចំណែក អ្នកស្រី ដួង ថាវរី ស្នងការរងនគរបាលខេត្តសៀមរាប ទទួលបន្ទុកប្រធានក្រុមទី៧ នៃទីបញ្ជាការស្រាលឈរជើងនៅតំបន់ផាប់ស្ទ្រីតបានឱ្យដឹងនៅរសៀលថ្ងៃទី២២ខែកក្កដាឆ្នាំ២០១៧នេះថា ការដាក់កាមរ៉ាសុវត្ថិភាពនៅជុំវិញតំបន់ផាប់ស្ទ្រីតពិតជាមានសារៈសំខាន់សម្រាប់ការងារគ្រប់គ្រងសន្ដិសុខ សណ្ដាប់ធ្នាប់នៅតំបន់នេះ ព្រោះកងកម្លាំងប្រចាំការអាចស្រាវជ្រាវឡើងវិញនូវរឿងហេតុដែលកើតឡើងដូចជាការបាត់បង់ទ្រព្យសម្បត្តិរបស់ភ្ញៀវទេសចរជាដើម។ ជាមួយគ្នានេះ កាមរ៉ាសុវត្ថិភាពក៏បានផ្ដល់ភាពងាយស្រួលក្នុងការបញ្ជូនព័ត៌មានពីការកកស្ទះចរាចរណ៍ផងដែរ។
គួរបញ្ជាក់ថា ក្នុងមួយរាត្រីមានភ្ញៀវទេសចរទាំងជាតិ និងអន្ដរជាតិ ទៅលេងកម្សាន្ដនៅតំបន់ផាប់ស្ទ្រីតចន្លោះពី៣ ទៅ៥ពាន់នាក់ ហើយប្រសិនបើថ្ងៃបុណ្យទានធំៗចំនួនភ្ញៀវទៅលេងតំបន់ភ្លើងចម្រុះពណ៌នេះនឹងកើនឡើងដល់រាប់ម៉ឺននាក់ នេះបើតាមការបញ្ជាក់បន្ថែមពីលោក នួន ពុទ្ធារ៉ា នាយករដ្ឋបាលសាលាខេត្តសៀមរាប៕ ប៊ុនរិទ្ធី