ខេត្តតាកែវ៖ ក្រុមក្មេងទំនើង៣ នាក់ត្រូវបានឃាត់ខ្លួន បន្ទាប់ពីជិះម៉ូតូដេញកាប់គ្នាយ៉ាងអនាធិបតេយ្យ ។
ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី២២ ខែ កក្កដា ឆ្នាំ ២០១៧វេលាម៉ោង១៥:០០នាទី នៅចំណុច ភូមិត្រពាំងកប្បាសឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។
យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានឲ្យដឹងថា ក្មេងទំនើងដែលធ្វើការឃាត់ខ្លួននោះមាន ទី១ ឈ្មោះស៊ិន ទិវា ភេទប្រុស អាយុ១៧ឆ្នាំ (មុខសញ្ញាជួញដូរសាធាតុញៀន) រស់នៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ទី២ឈ្មោះសុខ លីហុង ភេទប្រុស អាយុ១៧ឆ្នាំ (មុខសញ្ញាសេពសារធាតុញៀន) រស់នៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ និងទី ៣ ឈ្មោះសេង ចាន់ម៉ា ហៅឆាង ភេទប្រុស អាយុ១៧ឆ្នាំ (មុខសញ្ញាសេពសារធាតុញៀន) រស់នៅភូមិព្រៃឈើទាលក្រោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។
របាយការណ៍ដដែលបានបន្តរទៀតថា ក្រោយពីទទួលបានដំណឹងពីប្រជាពលរដ្ឋថា មានក្មេងទំនើង២ក្រុម ជិះម៉ូតូដេញកាប់គ្នានៅចំណុចបណ្ដោយផ្លូវ១៣២ លើទឹកដីឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ កំលាំងអធិការរដ្ឋាននគរបាលស្រុកត្រាំកក់ បានចុះសហការជាមួយប៉ុស្ដិ៍នគរបាលជាងទង និងប៉ុស្ដិ៍នគរបាលតាភេមដេញ ស្ទាក់បានដល់ចំណុចភូមិត្រពាំងកប្បាស ឃុំតាភេម ស្រុកត្រាំកក់ ជនសង្ស័យចំនួន៣នាក់ប្រដាប់ដោយដាវសាំម៉ូរ៉ៃចំនួន៣ដើមជិះម៉ូតូ១គ្រឿង ម៉ាកAirblack ជិះបំបុកសម្ថកិច្ចហើយព្យាយាមជិះគេចខ្លួន ហើយបន្ថែមល្បឿនយ៉ាងលឿនបានប្រហែល១០០ម៉ែត្រក៏ធ្លាក់ជង្ហុកដួលខ្លួនឯងបណ្ដាលឲ្យរបួសធ្ងន់០១នាក់ ឈ្មោះស៊ិន ទិវា ភេទប្រុស ។ ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចដកហូតបាន ម៉ូតូ ១ គ្រឿង និងដាងសាំម៉ូរៃ ៣ ដើម។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមច្បាប់៕ ភ្នំដា