ខេត្តសៀមរាប៖ ជនបង្ក ប្រុស ស្រី ២នាក់ ដែលជាបុគ្គលិកក្រុមហ៊ុនស្កាយ អង្គរអាយ វេរ(Sky Angkor airline) បំរើការនៅលើយន្តហោះ ខណៈបាននាំគ្នាបង្ហោះក្នុងសង្គមហ្វេសប៊ុក តៗគ្នាថា មានយន្តហោះ ធ្លាក់នៅក្នុងទឹកដីខេត្តសៀមរាប នោះ ត្រូវបានលោកប្រធាន ក្រុមហ៊ុនស្កាយ អង្គរអាយ វេរ(Sky Angkor airline) បានប្រគល់ខ្លួនឱ្យសមត្ថកិច្ចនគរបាលការិយាល័យសន្តិសុខផ្ទៃក្នុង នៃស្នងការនគរបាលខេត្តសៀមរាប យកមកសួរនាំ នៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧នោះ ត្រូវបានឱ្យធ្វើកិច្ចសន្យា ដោះលែងឱ្យត្រឡប់ទៅផ្ទះវិញហើយ។
បន្ទាប់ពីមានព័ត៌មានមួយបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកថា មានយន្តហោះមួយគ្រឿងបានធ្លាក់នៅលើទឹកដីខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ បានធ្វើឱ្យមានមនុស្សជាច្រើន ចាប់អារម្មណ៍ និងបាននាំគ្នាshare បន្តពេញពិភពសង្គម ហ្វេស ប៊ុក។
លោកវរសេនីយ៍ទោ ភឹង សម្បិត្ត ប្រធានការិយាល័យសន្តិសុខផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រាប់តាមទូរស័ព្ទនៅវេលាម៉ោង១១និង០២នាទីព្រឹក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ថា ដោយមានការសហការគ្នាពីខាងប្រធានក្រុមហ៊ុនស្កាយ អង្គរអាយ វេរ(Sky Angkor airline) បានប្រគល់ខ្លួនឱ្យសមត្ថកិច្ចនគរបាលការិយាល័យសន្តិសុខផ្ទៃក្នុង នៃស្នងការនគរបាលខេត្តសៀមរាប យកមកសួរនាំ នៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ បន្ទាប់ពីមានព័ត៌មានមួយបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ថា មានយន្តហោះមួយគ្រឿងបានធ្លាក់នៅលើទឹកដីខេត្តសៀមរាប បានធ្វើឱ្យមានមនុស្សជាច្រើន ចាប់អារម្មណ៍ និងបាននាំគ្នាshare បន្តពេញពិភពសង្គម ហ្វេស ប៊ុក។
លោកបានបន្តថា ក្រោយពីសមត្ថកិច្ចសួរនាំពីករណីជនបង្ក បាននាំគ្នាបង្ហោះនៅក្នុងសង្គមហ្វេសប៊ុក ពីរឿងធ្លាក់យន្តហោះនៅខេត្តសៀមរាប រួចមក ជនបង្ក ឈ្មោះ ផាវ សុជុំ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបុគ្គលិក ក្រុមហ៊ុនស្កាយ អង្គរអាយ វេរ(Sky Angkor airline) មានស្រុកកំណើតនៅភូមិកំពង់តាយ៉ង ឃុំពួក ស្រុកពួក ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប បានបកស្រាយនៅចំពោះមុខសមត្ថកិច្ចថា «មុនដំបូង ខ្ញុំបាទ បានឃើញនៅក្នុងហ្វេសប៊ុករបស់មិត្តភ័ក្តិ រួមការងារ របស់ខ្ញុំ ឈ្មោះ ពន្លឺ លាភា ភេទស្រី អាយុ៣១ឆ្នាំ បុគ្គលិកបំរើការងារនៅលើយន្តហោះជាមួយគ្នា មានទីលំនៅភូមិបន្ទាយចាស់ សង្កាត់ស្លាក្រាម ក្រុងសៀមរាប រួចខ្ញុំក៏បាន share បន្ត ប៉ុន្តែ រូបខ្ញុំមិនបានភ្លេចគិត ពីអ្នកចូលចិត្តលេងហ្វេសប៊ុក ទាំងអស់ ដូច្នេះខ្ញុំបាទ សុំអភ័យទោស ដល់លោក អគ្គស្នងការនគរបាលជាតិ និងលោក ស្នងការខេត្តសៀមរាប ព្រមទាំងសុំទោស ជាសាធារណៈ ដល់ប្រជាពលរដ្ឋដែលចូលចិត្តនិយមលេងសង្គមហ្វេសប៊ុកទាំងអស់ មេត្តាអនុគ្រោះដល់ខ្ញុំបាទផង»។
ក្រោយមានការបង្ហោះ រូបភាពនេះ បានមួយរយៈពេលខ្លី រូបគេ ក៏បានលុបរូបភាពនោះចោលវិញ ភ្លាមៗផងដែរ និងបានប្តូរនូវរូបភាព Profile របស់ខ្លួនវិញ។
សូមបញ្ជាក់ផងដែរថា បន្ទាប់ពីព័ត៌មានដ៏ក្តៅគគុកមួយនេះ ល្បីសុះសាយពេញហ្វេសប៊ុក បានធ្វើឲ្យមនុស្សគ្រប់ស្រទាប់វណ្ណៈនាំគ្នាតាមដាន យ៉ាងជក់ចិត្ត។ ក្នុងនោះក៏មានcomments មួយចំនួនបាននិយាយថា ជារឿងមិនពិត ព្រោះយន្តហោះនោះធ្លាក់នៅប្រទេសគេទេ៕ ប៊ុន រិទ្ធី