ភ្នំពេញ៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍លំដាប់ពិភពលោកគឺកម្មវិធីប្រឡងបវរកញ្ញាពិភពលោកMiss Global 2017នៅចុងឆ្នាំនេះ។ ព្រឹត្តិការណ៍ដ៏ភ្ញាក់ផ្អើលនិងជាទីមោទនភាពនេះនឹងអាចបង្ហាញពីមុខមាត់កម្ពុជាក្នុងឆាកអន្តរជាតិ ពិសេសការជំរុញឲ្យមានចំណាប់អារម្មណ៍ខ្ពស់ពីភ្ញៀវទេសចរណ៍នៅជុំវិញពិភពលោក។
ការបញ្ជាក់នេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៣ កក្កដា មុននេះនៅក្នុងវេទិកាសន្និសីទសារព័ត៌មាននាសណ្ឋាគារហ៊ីម៉ាវ៉ារី។
លោក Ratanak Roth Oeurnដែលជាអ្នកសម្របសម្រួលកម្មវិធីខាងលើបានបញ្ជាក់ថាព្រឹត្តិការណ៍ Miss Global ត្រូវបានរៀបចំ៤លើកមកហើយ ដោយលើកទី៥ក្នុងឆ្នាំ២០០៧នេះ គឺសម្រេចធ្វើឡើងនៅប្រទេសកម្ពុជា។លោកថា ក្រុមការងារព្យាយាមសម្របសម្រួលឲ្យគណកម្មការរៀបចំកម្មវិធីមកពិនិត្យមើលលទ្ធភាពនៅកម្ពុជាហើយក្រោយពិនិត្យ និងស្វែងយល់គឺកម្ពុជាអាចមានលទ្ធភាពក្នុងការរៀបចំបាន។
លោកថា អ្វីដែលជាកត្តាសំខាន់គឺសន្តិសុខ សុវត្ថិភាព និងសមត្ថភាពរបស់អ្នកផលិតកម្មវិធីនៅកម្ពុជាផងដែរ។លោកថា ព្រឹត្តិការណ៍នេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី១ វិច្ឆិកា ដោយការប្រកួតធំនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៨ វិច្ឆិកា។ កញ្ញាឯកតំណាងឲ្យ៥០ទៅ៨០ប្រទេស នឹងបង្ហាញខ្លួនប្រកួតប្រជែងនៅក្នុងប្រទេសកម្ពុជា ដោយគណកម្មការមានការរំពឹងថា វត្តមានប្រកួតប្រជែងរបស់ Miss Global ពិភពលោកនេះ គឺពិតជាធ្វើឲ្យកម្ពុជាកាន់តែមានមោទនភាព និងចំណេញផ្នែកទេសចរណ៍។
ព្រឹត្តិការណ៍នេះប្រកាសផ្សាយផ្ទាល់នៅលើទូរទស្សន៍ងហង្សមាស ដោយស្ថាប័នហង្សមាស ក៍ត្រូវរៀបចំការប្រកួត Miss Global Cambodia នៅខែតុលា ខាងមុខ ដើម្បីស្វែងរកបេក្ខនារីតំណាងឲ្យកម្ពុជាមួយរូប ដើម្បីចូលប្រលងសម្រស់ក្នុងព្រឹត្តិការណ៍នេះ ជាមួយ Miss Global មកពីប្រទេសផ្សេងៗលើពិភពលោក។ លោកបញ្ជាក់ដែរថា កម្មវិធីព្រឹត្តិការណ៍ប្រឡងបវរកញ្ញាពិភពលោកMiss Global 2017នឹងត្រូវចំណាយថវិការប្រមាណ៥០ម៉ឺនដុល្លារអាមេរិកដែលការចំណាយមានការរួចំណែកពីក្រុមហ៊ុនដៃគូជាច្រើនចូលរួម។
មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៍ បានស្នើឲ្យគណកម្មការ Miss Global ពិភពលោក ដែលបានសម្រេចជ្រើសរើសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជួយផ្សព្វផ្សាយពីប្រាសាទអង្គរវត្ត និងប្រាសាទព្រៃគុគ ដើម្បីឲ្យពិភពលោកកាន់តែស្គាល់ពីវប្បធម៍របស់កម្ពុជា។ គណកម្មការរៀបចំបានស្នើឲ្យបេក្ខនារីដែលមានសម្រស់ស្រស់ស្អាត និងចំណេះដឹងល្អ ធ្វើការដាក់ពាក្យប្រកួត Miss Global Cambodia នៅខែតុលានេះ ឲ្យបានច្រើន ដើម្បីឲ្យកម្ពុជាមានជម្រើសកាន់តែល្អក្នុងការប្រកួតប្រជែង Miss Global International 2017 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីដើមខែវិច្ឆិកា និងបញ្ចប់ការបំពាក់ម្កុដនៅសាលមហោស្រពកោះពេជ្រ នៅថ្ងៃទី១៨ ក្នុងខែដដែល។
អ្វីដែលកាន់តែរំភើបគឺអ្នកផលិតភាពយន្តខ្មែរអាមេរិកលោក Daron Ker នៃក្រុមហ៊ុនផលិតភាពយន្ត Water Buffalo Picture និងក្រុមការងារ មកពីហូលីវូដនឹងផលិតភាពយន្តឯកសារដែលមានចំណងជើងថា “ខ្ញុំពិតជាស្អាតអស្ចារ្យ” ដែលថតយកសកម្មភាពរបស់បវរកញ្ញាឯកពិភពលោក ឆ្នាំនេះសម្រាប់ចាក់បញ្ចាំងនៅកម្ពុជានិងនៅបរទេសផងដែរ៕ វឌ្ឍនា