ព័ត៌មានទាន់ហេតុការណ៍៖

ជោគវាសនាកូនមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជាមួយកញ្ញា វ៉ាន់ នីឡា តុលាការប្រកាសសាលក្រមថ្ងៃទី១៥ខែសីហា

ចែករំលែក៖

ភ្នំពេញ៖ រឿងក្តីជនជាប់ចោទ គុយ សិទ្ធិសក្តិ កូនប្រុសលោក គុយ ប៊ុនសន អតីតអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ជាមួយកញ្ញាវ៉ាន់ នីឡា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ លើកយកមកបើកសវនាការជំនុំជម្រះ ដោយអវត្តមានជនជាប់ចោទនិងដើមបណ្ដឹងរដ្ឋប្បវេណី ។

ក្រោយការសួរដេញដោល លោក កោ វណ្ឌី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ បានលើកពេលប្រកាសសាលក្រមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះវិញ ។ មជ្ឈដ្ឋានមួយចំនួនរង់ចាំមើលថា តើជោគវាសនាជនជាប់ចោទ គុយ សិទ្ធិសក្តិ នឹងត្រូវតុលាការសម្រេចយ៉ាងណា ។

ជនជាប់ចោទ គុយ សិទ្ធិសក្តិ ត្រូវបានចោទប្រកាន់ពីបទ «ហិង្សាដោយចេតនានិងចែកចាយរូបភាពអាសអាភាស» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៦ តាមមាត្រា២១៧នៃក្រមព្រហ្មទណ្ឌ និង មាត្រា៣៨ និងមាត្រា៣៩ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។

ទោះបីអវត្តមានជនជាប់ចោទ គុយ សិទ្ធិសក្តិ ក្នុងពេលសវនាការក៏ដោយ ក្រឡាបញ្ជីសវនាការបានអានចម្លើយរបស់គុយ សិទ្ធិសក្តិ នៅដំណាក់កាលចៅក្រមស៊ើបសួរ ដោយបញ្ជាក់ថា គុយ សិទ្ធិសក្តិ បានស្គាល់ សុខ ចិន្តា ហៅ វ៉ាន់ នីឡា តាមហ្វេសប៊ុកកាលពីឆ្នាំ២០១៤ហើយដល់ឆ្នាំ២០១៥បានស្រលាញ់គ្នាហើយក៏បាននាំទៅលេងផ្ទះនិងជួបប៉ាម៉ាក់។ចំណែករឿងដែលចោទថា គុយ សិទ្ធិសក្តិ បង្ហោះរូបអាសអាភាស គឺជនជាប់ចោទមិនបានដឹងទេ និងសុំឲ្យតុលាការជួយរកយុត្តិធម៌ ។

ដោយឡែកលោក នួន បូរ៉ា មេធាវីការពារសិទ្ធិឲ្យដើមបណ្តឹងបាននិយាយនៅពេលសវនាការថា កាលពីថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០១៦ លោក គុយ សិទ្ធិសក្តិ និង ដើមបណ្តឹង សុខ ចិន្តា ហៅ វ៉ាន់ លីឡា បានឈ្លោះគ្នាហើយ គុយ សិទ្ធិសក្តិ បានវាយ វ៉ាន់ នីឡា ។ ពេលនោះជនរងគ្រោះ បានបើកឡានចេញឲ្យគេជួយ ហើយពេលនោះ គុយ សិទ្ធិសក្តិ បានបើកឡានរបស់ជនរងគ្រោះចេញទៅ ហើយនៅក្នុងឡាននោះក៏មានកាបូបទូរស័ព្ទរបស់ជនរងគ្រោះផងដែរដោយរយៈពេលជិត១០ថ្ងៃ ទើបគុយ សិទ្ធិសក្តិ បានយកមកប្រគល់ឲ្យវ៉ាន់ នីឡា វិញ។

លោកមេធាវី បន្តថា ចំណែករូបដែលបានបង្ហោះនោះគឺដោយសារតែការស្រលាញ់គ្នានិងគិតថាបានគ្នាជាប្តីប្រពន្ធទើបមានការថតផ្ញើឲ្យគ្នាមើលដោយសារតែ គុយ សិទ្ធិសក្តិនៅរៀនឯបរទេស។ក្នុងរឿងក្ដីនេះ ដើមបណ្ដឹងរដ្ឋប្បវេណីទាមទារសំណងជំងឺចិត្តចំនួន៥០ម៉ឺនដុល្លារ ។

លោក សេង ហៀង ជាតំណាងអយ្យការ នៅតែសន្និដ្ឋានរក្សាបទចោទប្រកាន់លើជនជាប់ចោទ គុយ សិទ្ធិសក្តិ ដដែល ហើយស្នើតុលាការសម្រេចតាមច្បាប់ ៕ចេស្តា


ចែករំលែក៖