ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តនិងម៉ូតូបុកគ្នាទាំងព្រឹករបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀងៈ យុវជនម្នាក់បានរងរបួសធ្ងន់ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ ខណះដែលជិះម៉ូតូក្នុងល្បឿនលឿនទៅបុក និងរថយន្តហ៊ីយ៉ានដាយទិសដៅបញ្ច្រាសគ្នាពេញទំហឹង កាលពីព្រឹកវេលាម៉ោង១០ព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ​១ ស្ថិតក្នុងភូមិតាបិប​ សង្កាត់ បាវិត ក្រុងបាវិត។

បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា បុរសដែលរងរបួសមាន ឈ្មោះអ៊ុក វ៉ាន់ឌី ប្រុស អាយុ២០ឆ្នាំ មានទីលំនៅសង្កាត់ បាវិត ក្រុងបាវិត ខណៈជិះម៉ូតូម៉ាកស៊ីរូស ពណ៌ក្រហម លាយខ្មៅ ពាក់ស្លាកលេខ វៀតណាម ៧០-F១៨២៣៨ ខូចខាតផ្នែកខាងមុខទាំងស្រុង។

ចំណែកអ្នកបើករថយន្តមិនត្រូវបានស្គាល់ឈ្មោះនោះទេ បើករថយន្តម៉ាកហ៊ីយ៉ានដាយ ពណ៌ខៀវ ពាក់ស្លកលេខកំពង់ស្ពឺ ២A០៥៩១។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុឃើញយុវជនម្នាក់បានជិះម៉ូតូពីកើតមកលិច ស្រាប់តែមានរវាងរថយន្ត ដែលបើកបញ្ច្រាសគ្នាល្បឿនលឿនដូចគ្នា ក៏បុកពេញទំហឹងលាន់សូរប្រ៉ាវបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាអ្នកធ្វើដំណើរឈប់ និងចោមរោមមើល និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកយកជនរងគ្រោះដឹកមកកាន់មន្ទីរពេទ្យ និងវាស់វែងព្រមទាំងយកម៉ូតូ និងរថយន្តអូសទៅកាន់អធិការដ្ឋាននគរបាលក្រុងបាវិតដោះស្រាយតាមច្បាប់។

សមត្ថកិច្ចនគរបាលបញ្ជាក់ថា មូលហេតុរថយន្តបើកបរឆ្លងកាត់ថ្នល់ និងម៉ូតូប្រើប្រាស់ល្បឿនលឿនទើបជួបគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងបែបនេះ ៕ យឹមសុថាន


ចែករំលែក៖