ព័ត៌មានទាន់ហេតុការណ៍៖

យោធាសឹករងស្រុកបន្ទាយអំពិលបណ្តេញពលរដ្ឋឲ្យរុះរើផ្ទះចាកចេញពីដីកម្មសិទ្ធិមូលហេតុដីមានហាងឆេង

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ ពលរដ្ឋ១៤គ្រួរសារ ដែលរស់នៅតាមបន្ទាត់ព្រំដែនខ្មែរ ថៃនៅក្នុងភូមិជប់គគីខាងកើត ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កំពុងតែទទួលរងនូវការបណ្តេញចេញ និងរុះរើលំនៅឋានពីទីតាំងដែលពួកគាត់ធ្លាប់រស់នៅ ពីសំណាក់អាជ្ញាធរស្រុកបន្ទាយអំពិល ដែលត្រូវរ៉ូវគ្នាជាមួយនឹងយោធាសឹករង។

ពលរដ្ឋបានរាយការណ៍មកថា នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ មានកងកម្លាំងយោធាសឹករងស្រុកបន្ទាយអំពិលប្រមាណជិត20នាក់ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រីតុនញៀណមេបញ្ជាការសឹករងខេតតឧត្តរមានជ័យ បានឲ្យទៅរុះរើផ្ទះរបស់ពលរដ្ឋចំនួន១៤គ្រួសារ និងបណ្តេញចេញពីដីកម្មសិទ្ធិ ដែលពួកគាត់បានអាស្រ័យ និងរស់នៅស្ទើរពាក់កណ្ដាលជីវិតមកហើយ ដោយខាងកងកម្លាំងយោធាសឹករងបានចោទពួកគាត់ថា បានមករស់នៅក្នុងតំបន់ស និងនៅពីមុខខ្សែត្រៀម។

ប្រជាពលរដ្ឋរទាំង១៤គ្រួសារបានឆ្លើយដូច្នេះថា៖ កាលពីព្រឹត្តការណ៍ព្រំដែនប្រាសាទព្រះវិហារ ប្រាសាទតាម៉ន ប្រាសាទតាក្របី លោកអភិបាលស្រុកបន្ទាយអំពិល និងលោកមេភូមិបានប្រាប់ជាការងារសម្ងាត់ដល់ពួកគាត់ថា ឲ្យពួកគាត់នាំគ្នាមករស់នៅតាមបន្ទាត់ព្រំដែនឲ្យបានច្រើនដើម្បីជួយធ្វើជារបងដើម្បីការពារទឹកដីកុំឲ្យមានការឈ្លានពាន។

ប្រជាពលរដ្ឋម្នាក់លើកឡើងថា កាលពីមុន ខ្សែត្រៀមនៅខាងក្រោយផ្ទះរបស់ពួកគាត់ ពេលព្រឹត្តការណ៍ព្រំដែនបានកើតឡើងបានសុំពួកគាត់មកជីកខាងមុខផ្ទះម្ដង ថែមទាំងសសរផ្ទះពួកគាត់នៅសេសសល់ធ្វើជាគម្របត្រង់សេទៀតផង។

ដោយពួកគាត់បញ្ជាក់ថា ដីតំបន់ពួកគាត់រស់នៅត្រូវបានលោកឧកញ៉ាមានប្រាក់ចង់បាន ដោយប្រើប្រាស់កងកម្លាំងយោធា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់មកធ្វើបាបពួកគាត់ជាជនក្រីក្ររកព្រឹកខ្វះល្ងាច ស្លាប់ដូចពស់រស់ដូចកង្កែប។

លោកអនុសេនីយ៍ទោមិន គឿន មេបញ្ជាការកងអនុសេនាធំការពារព្រំដែនលេខ១០នៃសឹករង ស្រុកបន្ទាយអំពិលបានឲ្យដឹងថា ការបង្ខិតបង្ខំឲ្យពលររដ្ឋរុះរើផ្ទះចេញនេះ ជាបទបញ្ជារបស់ថ្នាក់លើ ដោយមូលហេតុពលរដ្ឋទាំង១៤គ្រួរសារនេះ រស់នៅខាងមុខខ្សែត្រៀមប្រយុទ្ធ និងជាតំបន់ស។

លោកហាំង ម៉េង អភិបាលស្រុកបន្ទាយអំពិលបានមានប្រសាសន៍ដូចនឹងលោកមេបញ្ជាការនេះដែរ គឺបំណងតម្រូវឲ្យពលរដ្ឋចាកចេញពីតំបន់ខាងលើនេះតែម្ដង។ ដោយពលរដ្ឋចោទថា ខាងយោធា និងអាជ្ញាធរបានត្រូវរ៉ូវគ្នា និងបំណងតែមួយ គឺយកដីរបស់ពួកគាត់លក់ឲ្យក្រុមហ៊ុនកាស៊ីណូ។ ពេលមានសង្រាមហៅពួកគាត់មក នៅពេលដីមានហាងឆេង ដេញពួកគាត់ចេញ ៕ ប៉ែន នួន


ចែករំលែក៖