ព័ត៌មានទាន់ហេតុការណ៍៖

ស្គាល់គ្នាតាមទូរស័ព្ទ ហ៊ានក្បត់ប្តី បណ្តោយ​ខ្លួនឱ្យ​គេនាំយក​ទៅរំលោភ​បាន​សម្រេច ក្នុងព្រៃឧទ្យានអង្គរ

ចែករំលែក៖

ខេត្តសៀមរាប៖ បុរសម្នាក់ទាក់ទងប្រពន្ធគេរួចបបួលទៅលេងម្តុំអង្គរ​ដោយឃើញមានឱកាសល្អ ក៏ជិះម៉ូតូចូលព្រៃចាប់រំលោភរហូតបានសម្រេច រួចដឹកមកផ្ទះរៀងៗខ្លួនវិញ ស្រាប់តែដឹងដំណឹងដល់ ឪពុក ម្តាយ ខាងស្រី ក៏ទៅ ប្តឹងនគរបាលស្រុកឱ្យឃាត់ខ្លួនតែម្តង។

ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ ក្នុងភូមិកន្សែង ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប។

លោកវរសេនីយ៍ត្រី ហេង សំណាង អធិការរងទទួលបន្ទុកព្រហ្មទាណ្ឌ​ស្រុកសូទ្រនិគម បានឱ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែកក្កដាថា ដោយយោងទៅតាមបណ្តឹងរបស់គ្រួសារជនរងគ្រោះ ទើបកម្លាំងនគរបាលបានតាមឃាត់ខ្លួនជនសង្ស័យបានតែម្តង ឈ្មោះ សាត សិល ហៅ វណ្ណា ភេទប្រុស អាយុ២៣ឆ្នាំ ភូមិកន្សែងក្រោម ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ រីឯជនរងគ្រោះមានឈ្មោះ ធ .ច.ធ អាយុ១៩ឆ្នាំ ។​

លោកបានបញ្ជាក់ពី ដំណើររឿងគឺនៅថ្ងៃទី២០ ខែកក្កដា ជនរងគ្រោះ និងជនសង្ស័យបានទំនាក់ទំនងស្គាល់គ្នាតាមទូរស័ព្ទ ហើយនៅថ្ងៃទី២១ ខែកក្កដា ជនរងគ្រោះបានជិះម៉ូតូជាមួយប្អូនទៅលេងដល់ភូមិរបស់ជនសង្ស័យ ហើយបានជួបគ្នា និយាយលេងធម្មតា។ នៅថ្ងៃទី២២ ខែកក្កដា ពួកគេបានណាត់គ្នាទៅចូលរួមកម្មវិធីជប់លៀងនៅសៀមរាប ដោយមានការផឹកស្រវឹងទាំងអស់គ្នា ជនរងគ្រោះបានទូរស័ព្ទឱ្យ ប្តី មកយកទៅផ្ទះវិញ ។ រីឯជនសង្ស័យបានមកផ្ទះ ឯភូមិកន្សែងវិញដែរ។ លុះព្រឹកឡើងថ្ងៃទី២៣ ខែកក្កដា ជនរងគ្រោះ ព្រម​ទាំងប្តីបានទូរស័ព្ទឱ្យជនសង្ស័យទៅយក ដោយណាត់ជួបគ្នាផ្លូវ៦០ម៉ែត្រ ពេលជួបគ្នាហើយប្តី ក៏ឱ្យទៅធ្វើការបាត់ ទុកប្រពន្ធនៅជាមួយជនសង្ស័យតែ២នាក់។

ជនសង្ស័យក៏បានឌុប ជនរងគ្រោះ ទៅផ្លូវអង្គរ ហើយជិចូលផ្លូវព្រៃស្ងាត់ ព្រមទាំងបានធ្វើសកម្មភាពចាប់រំលោភ រហូតបានសម្រេចតែម្តង រួចទើបនាំគ្នាជិះចេញមកដល់ផ្ទះរៀងខ្លួនវិញ។

ក្រោយពេលមានព័ត៌មាននេះដឹងដល់ឪពុកម្តាយ ខាងសាម៉ីខ្លួន ខាងស្រី ក៏បានដាក់ទៅពាក្យប្តឹងឱ្យសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់ នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ រហូតឈានដល់ឃាត់ខ្លួនបានជនសង្ស័យតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនរងគ្រោះ និង ជនសង្ស័យ បានឆ្លើយបំភ្លឺ ហើយ ចម្លើយ ទាំង២នាក់ ក៏ ស៊ីសង្វាក់គ្នា អំពីសកម្មភាព ដែលសមត្ថកិច្ច បានសួរនាំនោះដែរ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញ រៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការ​នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ តាមច្បាប់៕ ប៊ុន រិទ្ធី​


ចែករំលែក៖