ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីថៃព្រមានក្រុមអ្នកគាំទ្រលោកស្រី យីងឡាក់

ចែករំលែក៖

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់ អូចា កាលពីថ្ងៃទី២៤ ខែកក្កដា បានព្រមាន ដល់ក្រុមអ្នកគាំទ្រអតីតនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត្រា ថានឹងប្រឈមនៅ មុខច្បាប់ ប្រសិនបើប្រមូលផ្តុំគ្នានៅទីសាធារណៈ ក្រោយតុលាការសម្រេចសាលក្រមនៅថ្ងៃទី២៥ ខែសីហាខាងមុខ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២១ ខែកក្កដា លោកស្រី យីងឡាក់ បានទៅ កាន់តុលាការជាលើកចុងក្រោយ នៅក្នុងសវនាការនយោបាយដែលមានវិវាទបំផុតនៅក្នុងប្រទេសថៃ។ កម្លាំងប៉ូលិសទាហាន រាប់ពាន់នាក់បានការពារសន្តិសុខខ្លាច ក្រុមអ្នកគាំទ្រធ្វើបាតុកម្ម។

ក្រោយការកាត់ទោសលើកចុងក្រោយមេដឹកនាំក្រុមអាវក្រហមថៃបានប្រកាសថា នឹងធ្វើមហាបាតុកម្មជាទ្រង់ទ្រាយធំ ដើម្បីបង្ហាញការគាំទ្រដល់លោកស្រី យីង ឡាក់ ដែលអាចប្រឈមនឹងការជាប់ពន្ធ នាគារ១០ឆ្នាំ ពីបទខ្វះការទទួលខុសត្រូវ ចំពោះការចំណាយទៅលើជំនួយតម្លៃទិញស្រូវ របស់ពលរដ្ឋធ្វើឲ្យខាតបង់ជាច្រើន។

តាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា រដ្ឋាភិបាលយោធា នឹងផ្តល់អាទិភាពក្នុងការរក្សាសន្តិសុខសណ្តាប់ ធ្នាប់នៅទីសាធារណៈ។

នៅពេលជាមួយគ្នានេះដែរ អគ្គមេបញ្ជា ការកងទ័ពជើងគោក លោក Chalemchai Sitthisat បានបញ្ជាក់ផងដែរថា នឹងដាក់ ពង្រាយកម្លាំងដើម្បីទប់ស្កាត់ក្រុមអ្នកគាំទ្រលោកស្រី យីងឡាក់ នៅថ្ងៃទី២៥ ខែ សីហា។ នៅពេលនេះគេមិនទាន់ដឹងថា លោកស្រីនឹងត្រូវតុលាការសម្រេចបែបណានោះឡើយ៕ ម៉ែវ សាធី


ចែករំលែក៖