ព័ត៌មានទាន់ហេតុការណ៍៖

តុលាកាសម្រេចឃុំខ្លួនបុរសបើកបររថយន្តបុកអ្នកជិះម៉ូតូបណ្ដាលឲ្យស្លាប់និងរបួសធ្ងន់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ សាលាដំបូងខេត្តបោធិ៍សាត់អាចនឹងឃុំខ្លួនបុរសជាអ្នកបើកបរ រថយន្តម៉ាក ហាយឡែនឌ័រ ជាបណ្ណោះអាសន្ន នារសៀល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ខណៈដែលបុរសបង្កបានបើកបររថយន្តបុកអ្នកជិះម៉ូតូពីក្រោយពេញទំហឹង បណ្ដាលឲ្យស្លាប់ម្នាក់នៅពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ និងរងរបួសធ្ងន់ចំនួន ៣នាក់ផ្សេងទៀត ។ នេះបើតាមប្រភពបង្ហើបឲ្យដឹងពី(សាលាដំបូងខេត្ត) តាមទូរស័ព្ទនារសៀល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ដែលកំពុងបន្តនីតិវិធីលើបុរសបើកបររថយន្តបង្កនោះនៅឡើយ។

គួររំលឹកថា៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្រ្តីម្នាក់បានស្លាប់បាត់បង់ជីវិតនៅពេលបញ្ជូនទៅសង្រ្គោះ និងរងរបួសធ្ងន់ចំនួន ៣នាក់ដែរនោះ បានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ កន្លងមកថ្មីៗនេះ នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហមលេខ ៥៤ ស្ថិតក្នុងភូមិទី ៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ហេតុការណ៍ខាងលើត្រូវបានផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា បង្កឡើងដោយបុរសបើកបររថយន្តម៉ាក ហាយឡែនឌ័រ ពណ៏ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AE 1601 ប៉ុន្តែគេមិនបញ្ជាក់អំពីអតសញ្ញាណបុរសបង្កនោះឡើយ ហើយបានធ្វើចរាចរណ៍ក្នុងទិសដៅពីត្បូងឆ្ពោះទៅទិសខាងជើង លុះដល់ចំណុចកើតហេតុបានជ្រុលបុកម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ 1AE 1280 ពីក្រោយពេញទំហឹង ខណៈដែលកំពុងធ្វើដំណើរស្របទិសគ្នា(ត្បូងទៅជើង) បណ្ដាលឲ្យប៉ើងម៉ូតូជ្រុលទៅបុកកង់ចតស្ងៀមរងការខូចខាត និងរងរបួសធ្ងន់ចំនួន ៤នាក់ ហើយត្រូវបានគេបញ្ជូនទៅសង្រ្គោះភ្លាមៗនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ប៉ុន្តែជាអកុសលក៍បានស្លាប់ស្រ្តីម្នាក់ជាគ្រូបង្រៀនផងនោះយ៉ងរន្ធត់ ចំណែកជនរងរបួសផ្សេងៗទៀតបានបញ្ជូនបន្តទៅឯខេត្តបាត់ដំបង។

ប្រភពព័ត៌មានខាងលើបន្តថា ជនរងរបួសធ្ងន់ទី១ ឈ្មោះ វណ្ណ ចក់ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ(អ្នកបើកបរម៉ូតូរត់ឌុប) និងអ្នករួមដំណើរទី១ ឈ្មោះ ចែម ចិន ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀន(ស្លាប់)ទី២ ឈ្មោះ ស៊ិ គឹមយី ភេទស្រី អាយុ ១០ឆ្នាំ ជនជាតិខ្មែរ និងទី៣ ឈ្មោះ ស៊ិន គឹមម៉ិ ភេទស្រី អាយុ ២ឆ្នាំ ជនជាតិខ្មែរ ក្មេងស្រីទាំង ២នាក់ ជាកូនស្រ្តីជាគ្រូបង្រៀនដែលបានស្លាប់បាត់បង់ជីវិត ហើយជនរងគ្រោះទាំងអស់មានទីលំនៅភូមិត្រពាំងស្មាច់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់៕ ប៉ឹម ពិន


ចែករំលែក៖