ព័ត៌មានទាន់ហេតុការណ៍៖

ធ្វើសកម្មភាពលួចកង់តម្លៃជាង១០០ដុល្លារ ម្ចាស់ឃើញទាន់ចាបវាយឡើងទ្រមខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានធ្វើសកម្មភាពលួចយកកង់១គ្រឿង ដែលមានតំលៃជាង១០០ដុល្លារជិះរត់គេចខ្លួន តែរត់មិនរួច ត្រូវម្ចាស់ និងប្រជាពលរដ្ឋឃើញទាន់ នាំគ្នាដេញចាប់បានវាយឡើងទ្រមខ្លួនទើបយកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លា។

ករណីនេះ កើតឡើងកាលពីវេលាម៉ោង១២និង៤៥នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យមានឈ្មោះ ស៊ូ ដារ័ត្ន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅជាមួយពួម្តុំត្រឡោកបែក ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក និងមានស្រុកកំណើតភូមិ១ឧសភា ឃុំកំពង់កណ្តាល ស្រុកកំពង់បាយ ខេត្តកំពត។ ចំណែកម្ចាស់កង់មានឈ្មោះ យាន ដារ៉ា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ប្រភពឲ្យដឹងថា នៅពេលកើតហេតុម្ចាស់កង់បានដាក់កង់១គ្រឿងខាងលើនោះ នៅមុខផ្ទះមួយសន្ទុះក្រោយមកស្រាប់តែឃើញជនសង្ស័យបានដើរចុះដើរឡើងតែពួកគាត់ស្មានថា មានគេមករកជួលបន្ទប់ស្នាក់នៅ ព្រោះឃើញជនសង្ស័យមានស្ពាយសាក់កាដូពីក្រោយផងនោះ។ ភ្លាមនោះ ស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពលួចយកកង់នោះជិះចេញទៅហើយម្ចាស់ឃើញទាន់ ក៏ឆោឡោឡើងថា ចោរៗហើយបានអ្នកជិតខាងនាំគ្នាជួយដេញចាប់បានវាយម្នាក់មួយដៃម្នាក់មួយជើងទើបយកមកប្រគល់ឲ្យប៉ូលីសប៉ុសិ៍កាកាបខណ្ឌពោធិ៍សែនជ័យ ប៉ុន្តែដោយសារកន្លែងកើតហេតុក្នុងទឹកដីខណ្ឌសែនសុខទើបប៉ូលីសប៉ុស្តិ៍កាកាបទាក់ទងទៅប៉ូលីសប៉ុស្តិ៍ទឹកថ្លាឲ្យមកយកទៅសាកសួវិញ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយថាខ្លួនពិតជាបានធ្វើសកម្មភាពលួចយកកង់ខាងលើពិប្រាកដមែនព្រោះខ្លួនស្មានថា គេទុកចោល ម្យ៉ាងទៀតដោយសារតែខ្លួនគ្មានការងារពិតប្រាកដផង ទើបបែកគំនិតលួចបែបនេះ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខចាត់ការតាមផ្លូវច្បាប់៕ តុង សីហា


ចែករំលែក៖