ព័ត៌មានទាន់ហេតុការណ៍៖

ហ្វេសប៊ុកណាត់ប្រពន្ធមិត្តភក្តិទៅឡើងឋានសួគ៌នៅផ្ទះសំណាក់ ពេលទៅដល់ឃើញសុទ្ធតែប៉ូលិសចាប់ដាក់ខ្នោះល្មម

ចែករំលែក៖

ភ្នំពេញ ៖ ពិតជាមិនធម្មតាដែលយុវជនម្នាក់ឆបោកម៉ូតូមិត្តភក្តិបានម៉ូតូមួយគ្រឿងជាងមួយខែមកហើយមិនអស់ចិត្តថែមទាំងប្រើឆាតតាមហ្វេសប៊ុកល្បួងលួងលោមប្រពន្ធមិត្តភក្តិជាម្ចាស់ម៉ូតូនោះឡើងផ្ទះសំណាក់រួមភេទទៀត តែទីបំផុតត្រូវជាប់អន្ទាក់សមត្ថកិច្ច ចាប់ខ្លួនបានកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៣ កក្កដា ២០១៧ ស្ថិតនៅមុខផ្សារកាណាស៊ីធី ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ មឿន សុខណា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករជាងដែក នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។ ចំណែកជនរងគ្រោះ ឈ្មោះ ធា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរម៉ូតូឌុប ស្នាក់ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវជាមិត្តភក្តិរបស់ជនសង្ស័យដែលមាន ប្រពន្ធឈ្មោះស្រីដែន អាយុ២០ឆ្នាំ ។ ដោយឡែកម៉ូតូដែលមិត្តភក្តិយកទៅបាត់ម៉ាក ហុងដា សេ១២៥ ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខប៉ៃលិន 1A-9744 ។ ជនសង្ស័យរូបនេះក្រោយពីឆបោកមូតូជនរងគ្រោះបានសម្រេចហើយនោះបានរត់គេចខ្លួនទៅសម្ងំលាក់ខ្លួននៅផ្ទះជួលមួយកន្លែង តាមផ្លូវភ្នំពេញ-ហាណូយ ក្នុងភូមិដីថ្មី សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ។

ទាក់ទិនរឿងរ៉ាវខាងលើនេះ ជនរងគ្រោះបានប្រាប់សមត្ថកិច្ចឲ្យដឹងថា រូបគេនិងជនសង្ស័យជាមិត្តភក្តិចិត្តមួយថ្លើមមួយ គ្រាស្នាក់នៅរកស៊ីនៅស្រុកកំរៀង ខេត្តបាត់ដំបង ។លុះនៅវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី៦ មិថុនា ២០១៧ ជនសង្ស័យបានខ្ចីម៉ូតូជិះមួយភ្លែតគាត់យល់ព្រមឲ្យ តែបែរជាយកទៅបាត់រហូត ទើបគាត់បានទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋានស្រុកកំរៀងហើយដែរ។ ចាប់ពីពេលនោះរហូតមកគាត់បានដើរស្វែងរកជនសង្ស័យគ្រប់កន្លែងគ្រាដែលជននេះបិទលេខទូរស័ព្ទមិនឲ្យទូរស័ព្ទចូលហើយក៏នៅតែរកមិនឃើញឡើយ។លុះទើបតែមួយរយៈចុងក្រោយនេះ ប្រពន្ធរបស់គាត់ ឈ្មោះ ស្រីដែន ដឹងថាជនសង្ស័យនិយមលេងហ្វេសប៊ុកក៏ប្រើល្បិចបង្កើតគណនីហ្វេសប៊ុកថ្មីមួយដើម្បី បន្លំចូលលេងឆាតជាមួយហ្វេសប៊ុករបស់ជនសង្ស័យ ។

ជនរងគ្រោះបន្តថា ទោះបីជាស្គាល់ស្ត្រីខាងលើថាជាប្រពន្ធរបស់មិត្តភក្តិក៏ដោយ ក៏ជនសង្ស័យរូបនេះនៅតែបំពាន លេងឆាត សុំស្រឡាញ់ប្រពន្ធរបស់គាត់អត់អៀនខ្មាសរហូតដល់គាត់ទ្រាំលែងបានក៏រៀបអន្ទាក់ឲ្យប្រពន្ធប្រើល្បិចធ្វើជាបាក់ចិត្តស្រឡាញ់ជនសង្ស័យហើយ អន្ទងចិត្តគេឲ្យស្លុងលង់សម្តីនឹងប្រពន្ធរួចណាត់ជួបគ្នានៅមុខផ្សារកាណាស៊ីធី នាព្រឹក ថ្ងៃទី២៣ កក្កដាឆ្នាំ២០១៧គ្រាដែលជនសង្ស័យប្រាប់ថានឹងនាំប្រពន្ធរបស់គាត់ទៅរួមភេទនៅផ្ទះសំណាក់មួយកន្លែង។យ៉ាងណារូបគាត់ជាប្តីបានទៅប្តឹងនគរបាល រដ្ខបាលចោមចៅហើយជាស្រេចលុះជនសង្ស័យបានមកតាមការណាត់ជួបក៏ត្រូវចាប់ខ្លួនជាប់បញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅតែម្តង ។

ក្រោយពេលឃាត់ខ្លួនជនកំហូចនេះបាន ជននេះសារភាពថា ម៉ូតូដែលឆបោកពីជនរងគ្រោះត្រូវជាមិត្តភក្តិចិត្តមួយថ្លើមមួយ ខ្លួនគេ ជិះមកដល់ខេត្តពោធិ៍សាត់ក៍ ដាក់បញ្ចាំបានលុយ៦០ម៉ឺនរៀល រួចបន្តដំណើរបង្ហួសមកទីក្រុងភ្នំពេញ សម្ងំលាក់ខ្លួននៅ ខណ្ឌសែនសុខតែម្តង។ចំពោះការលេងហ្វេសប៊ុកជាមួយប្រពន្ធជនរងគ្រោះនោះ ខ្លួនមានចេតនាព្យាយាមលួងលោមសុំស្នេហ៍ និងបបួលទៅរួមភេទនៅផ្ទះសំណាក់ពិតប្រាកដមែនព្រោះខ្លួនលួចស្រលាញ់តាំងពីនៅបាត់ដំបងមកម្ល៉េះ ។

ចំណែកមន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅវិញបាននិយាយថា រឿងរ៉ាវខាងលើនេះ សមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យបានទាក់ទងទៅកាន់នគរបាលស្រុកកំរៀង ខេត្តបាត់ដំបងមកទទួលយកជនសង្ស័យ ទៅសាកសួរនៅខាងខេត្តបាត់ដំបងវិញ ព្រោះកើតហេតុនៅទីនោះ ៕ ប្រាថ្នា


ចែករំលែក៖