ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញនឹងមានវិធានការបិទទីតាំងកន្លែងបើកអុីនធើណេតនានាណាដែលលួចបង្កប់ល្បែងសុីសងខុសច្បាប់។ អាជ្ញាធរ រាជធានីនឹងចាត់ វិធានការបែបនេះ គឺក្រោយពីមានប្រជាពលរដ្ឋជាច្រើនបានលើកឡើងពីបញ្ហាដែលកន្លែងបើកអុីនធើណេតមួយចំនួនបានលួចបង្កប់ល្បែងសុីសងខុសច្បាប់ បំភ័ន្នភ្នែកសមត្ថកិច្ច ។
នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំមួយកាលពីរសៀលថ្ងៃទី២៦ កក្កដា ឆ្នាំ២០១៧ ជាមួយអាជ្ញាធរខណ្ឌទាំង១២ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដូចជាតំណាំងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ជាដើម នៅសាលារាជធានីភ្នំពេញពិភាក្សារកវិធានការដើម្បីលុបបំ បាត់ ល្បែងសុីសងតាមប្រព័ន្ធអនឡាញនេះឲ្យបាន។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានបញ្ជាក់ថា តាមពិតទៅការអនុញ្ញាតច្បាប់អោយបើកអុីនធើណេតនេះ គឺដើម្បីបម្រើសេវាធម្មតាទេ ប៉ុន្តែបើតាមការលើកឡើងរបស់ប្រជាពលរដ្ឋថា កន្លែងបើកអុីនធើណេតទាំងនោះបែរជាមានបង្កប់ល្បែងសុីសងខុសច្បាប់ ទៅវិញ។ ដោយហេតុនេះហើយទើបរដ្ឋបាលរាជធានី កោះប្រជុំជាមួយអាជ្ញាធរ និងក្រសួងពាក់ព័ន្ធឈានទៅដល់ការបង្ក្រាប។
លោក ម៉េត មាសភក្ដី បានបន្ដថា អាជ្ញាធររាជធានីភ្នំពេញ បានជំរុញឲ្យ ខណ្ឌទាំងអស់ត្រូវចុះមើលទីតាំងបើកអុីនធើណេតនៅក្នុងមូលដ្ឋានរបស់ខ្លួន បើមានបញ្ហាលួចបង្កប់ល្បែងសុីសងខុសច្បាប់ ត្រូវតែមានវិធានការច្បាប់ គឺបិទទីតាំងនោះចោលតែម្តង។ ទោះបីទីតាំងនោះមានច្បាប់ចេញពីក្រសួងពាក់ព័ន្ធក៏ដោយក៏ យើងសុំទៅក្រសួងទាំងនោះលុបច្បាប់អនុញាតនោះចេញដែរ។ ដោយឡែកទីតាំងដែលមិនមានច្បាប់គឹយើងបិទអាជីវកម្មជាស្វ័យប្រវត្តិតែម្តង។
លោក ម៉េត មាសភក្ដី បានបន្ថែមថា ការងារនេះមិនមែនសម្រាប់តែអាជ្ញាធរខណ្ឌបំពេញប៉ុណ្ណោះទេ តែខាងស្នងការរាជធានី កងរាជអាវុធហត្ថរាជធានីក៏ជាដែនសមត្ថកិច្ចក្នុងបង្ក្រាបករណីលួចបង្កប់ល្បែងសុីសងខុសច្បាប់នៅក្នុងអុីនធឺណែតកាហ្វេនេះដែរ។
ក្រៅពីនេះរដ្ឋបាលរាជធានីក៏បានស្នើរទៅក្រសួងពាក់ព័ន្ធ ដូចជាក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ក្រសួងព័ត៌មាន និងក្រសួងវប្បធម៏និងវិចិត្រសិល្បៈ មុននៃការចេញច្បាប់អោយគេបើកអាជីវកម្មតាមប្រព័ន្ធអន ឡាញនេះត្រូវតែត្រួតពិនិត្យអោយបានច្បាស់ជាមុនសិន ដើម្បីជៀសវាងបើកទីតាំងអុីនធឺណែតសោះតែមានបង្កប់ល្បែងសុីសង ខុសច្បាប់ដែលសង្គមស្អប់ខ្ពើមទៅវិញ៕ សំរិត