ក្រុមឈ្មួញដែលរកស៊ីដឹកទំនិញពីប្រទេសថៃចូលក្រុងភ្នំពេញ ក៏ដូចជាអ្នករកស៊ីដឹកជញ្ជូនទំនិញផ្សេងៗខ្សឹបខ្សៀវថា បើទោះបីជាក្រសួងមហាផ្ទៃបញ្ជាឲ្យអគ្គស្នងការនគរបាលជាតិដកប៉ុស្តិ៍(កុងត្រូលជជុះ) ចេញពីតាមផ្លូវជាតិក៏ដោយ ក៏មិនមែនន័យថា ឈ្មួញបានរួចខ្លួនពីការបង់ប្រាក់ឲ្យសមត្ថកិច្ចនោះទេ ។ មានន័យថា បើទោះបីជាមិនដាក់ប៉ុស្តិ៍ដូចជាបញ្ជរបង់ប្រាក់ក៏ដោយ ក៏ឈ្មួញរកស៊ីនៅតែបង់ប្រាក់ឲ្យសមត្ថកិច្ច។
នៅខេត្តបាត់ដំបងក្រោមអំណាចចាត់ចែងលោកចាន់ សុធា ប្រធានក្រុមបង្ក្រាបបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃថ្មីៗនេះបានបញ្ចេញកម្លាំងពិសេសឲ្យចាំទារប្រាក់ពីឈ្មួញដឹកជញ្ជូនទំនិញ គ្រាដែលឈ្មួញខ្លះអះអាងថា បើទោះបីជាលោក ចាន់ សុធា មិនដាក់ប៉ុស្តិ៍ក៏ពួកគេបង់ប្រាក់ឲ្យដែរ។ ប៉ុន្តែដើម្បីលាភសក្ការគ្រប់ច្រកល្ហកក្នុងខេត្តបាត់ដំបងនោះ លោកចាន់ សុធា បានបញ្ជូនមនុស្សរបស់ខ្លួនឲ្យស្វែងរកប្រយោជន៍ពីបទល្មើសក្នុងទឹកដីខេត្តបាត់ដំបងបន្ថែមទៀត។
ប្រភពរាយការណ៍ថា លោកចាន់ សុធា បានល្មើសទៅនឹងបទបញ្ជាក្រសួងមហាផ្ទៃក្នុងការបញ្ជូនមន្ត្រីដៃជើងរបស់ខ្លួន ឲ្យទៅរកលាភសក្ការពីឈ្មួញនៅខេត្តបាត់ដំបង។ គេរាយការណ៍ថា ឈ្មួញខ្លះមានមនោសញ្ចេតនា បានបង់ប្រាក់, វេរប្រាក់ជូនលោកចាន់ សុធាមិនដែលខកខាន បើទោះបីជាលើកមុនលោកបានដកមន្ត្រីចេញពីប៉ុស្តិ៍ក៏ដោយ។ ពេលនេះ លោកបានបញ្ជូនកម្លាំងស្ងាត់ៗដើម្បីរកប្រយោជន៍ថែមទៀត ៕