ភ្នំពេញ៖ រដ្ឋបាលរាជធានីនឹងចាត់វិធានការតាមច្បាប់ចំពោះក្រុមហ៊ុន ឬបុគ្គលណាដែល នៅតែទារកម្រៃពីប្រជាពលរដ្ឋលើការ តភ្ជាប់បណ្តាញលូចេញពីផ្ទះប្រជាពលរដ្ឋទៅកាន់បណ្តាញលូមេ ។ នេះ បើតាមការបញ្ជាក់ឲ្យដឹងពី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោកម៉េត មាសភក្ដី ក្នុងឱកាសដែល លោក ឃួង ស្រេង អភិបាលរាជធានី កោះប្រជុំពិភាក្សាជាមួយវិស័យឯកជន ដើម្បីពង្រឹងនិងជំរុញគុណភាព ក្នុងការអភិវឌ្ឍ ហេដ្ឋា រចនាសម្ព័ន្ធ ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ។
លោក ម៉េត មាសភក្ដី បានបញ្ជាក់ថា អ្វីដែល អាជ្ញាធរបានកោះអញ្ជើញអាជ្ញាធរគ្រប់ខណ្ឌទាំង១២មន្ទីរជំនាញពាក់ព័ន្ធមួយចំនួន និងក្រុមហ៊ុនឯកជននានាដែលកំពុងអនុវត្តគម្រោងក្នុងរាជធានីនោះគឺដើម្បីពិភាក្សា ជំរុញ និងពង្រឹងគុណ ក្នុងផែនការអភិវឌ្ឍរាជធានីភ្នំពេញ ឲ្យមានភាពប្រសើរឡើងថែមទៀត។
លោក ម៉េត មាសភក្តី បានបញ្ជាក់ថា ពាក់ព័ន្ធការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុងភ្នំពេញនេះ លោកអភិបាលរាជធានីភ្នំពេញក៏ជំរុញឲ្យក្រុមហ៊ុនដែលស្ថាបនាផ្លូវ ដាក់ប្រព័ន្ធលូ ជីកប្រឡាយក្នុងរាជធានីភ្នំពេញទាំងចាស់ ទាំងថ្មី ត្រូវតែពន្លឿនការស្ថាបនាឲ្យហើយតាមផែនការដែលបានគ្រោងទុក ពិសេសកាត់បន្ថយឲ្យបានការរំខានដល់ប្រជាពលរដ្ឋរស់នៅក្បែរខាងនិងការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ។ ដើម្បីដោះស្រាយបញ្ហារំខានទាំងនេះនាពេលដល់ខ្លីខាងមុខនេះអាជ្ញាធររាជធានីភ្នំពេញនឹង តម្រូវឲ្យរាល់ការដ្ឋានទាំងអស់ដែលកំពុងដំណើរការត្រូវអនុវត្តការស្ថាបនា ឬសាងសង់ប្ដូរពីពេលថ្ងៃទៅពេលយប់វិញ។ចំពោះក្រុមហ៊ុនឯកជននិងអង្គភាពរដ្ឋទាំង អស់ដែលទទួលបានគោលការណ៍អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធត្រូវតែសរសេរលើប៉ាណូពីចំងាយផ្លូវឬការជីកដាក់ប្រព័ន្ធលូមានប្រវែងប៉ុន្មានគ្រោងស្ថាបនាឬកសាងរយៈពេលប៉ុន្មានខែរួចរាល់ឱ្យពលរដ្ឋក្នុងមូលដ្ឋាននិងមុខផ្ទះបានដឹងពិសេសត្រូវដាក់ស្លាកសញ្ញាសុវត្ថិភាពទាំងពេលថ្ងៃនិងពេលយប់ប្រាប់អ្នកដំណើរឱ្យបានដឹងថានៅខាងមុនការដ្ឋានកំពុងដំណើរការពីផ្លូវត្រូវវាងនិងកន្លែងគ្រោះថ្នាក់ជាមុន។
លោកបានបន្តថា ក្នុងពេលដំណើរការដ្ឋាននីមួយៗទាំងក្រុមហ៊ុនឯកជននិងអង្គភាពរដ្ឋត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន សង្កាត់ ខណ្ឌដែលខ្លួនកំពុងអនុវត្តមិនមែនបានទទួលគោលការណ៍ពីសាលារាជធានីភ្នំពេញហើយជិះសេះលែងដៃមិនឱ្យអាជ្ញាធរមូលដ្ឋានដឹងឮឬចូលមើលបាននោះទេ។ចំណែកអាជ្ញាធរមូលដ្ឋានសង្កាត់និងខណ្ឌដែលមានទីតាំងការដ្ឋានកំពុងដំណើរការក៏ត្រូវសហការជាមួយក្រុមហ៊ុននិង អង្គភាពដែលកំពុងអនុវត្តគម្រោងនោះដែរជាការណ៍សហការគ្នាដោះស្រាយបញ្ហដែលអាចកើតឡើងដូចជាស្ទះចរាចរ បង្វៀងឬបញ្ជៀសចរាចរណ៍ជាដើម។ ជាមួយគ្នានោះ រដ្ឋបាល រាជធានី ក៏បានណែនាំដល់តំណាងក្រុមហ៊ុនដែលបានចូលរួមក្នុងកិច្ចប្រជុំវិញបានសន្យានឹងមិនឲ្យមានករណីជំទារប្រាក់ពីប្រជា ពលរដ្ឋទៀតឡើយជុំវិញការសុំភ្ជាប់បណ្តាញលូនេះ ហើយប្តេជ្ញាស្ថាបនាដោយធានាបានស្តង់ដាគុណ ភាព ដើម្បីអាចប្រើប្រាស់បានយូរជាប្រយោជន៍សម្រាប់សង្គម។
លោកម៉េត មាសភក្តី បានបញ្ជាក់ថា៖ ក្នុងកិច្ចប្រជុំនោះដែរទាក់ទិនការទារកម្រៃពីប្រជាពលរដ្ឋជាថ្នូរភ្ជាប់លូចូលផ្ទះនោះលោកអភិបាលរាជធានីបានបញ្ជាក់ថា៖រដ្ឋបាលរាជធានីភ្នំពេញគ្មានគោលការណ៍យកកម្រៃសេវាពីប្រជាពលរដ្ឋដែលសុំភ្ជាប់បណ្តាញលូចេញផ្ទះរបស់ខ្លួនមកកាន់ប្រព័ន្ធលូមេសាធារណៈឡើយ បើក្រុមហ៊ុនឬបុគ្គលណាដែល នៅតែចំរិតទារប្រាក់ពីប្រជាពលរដ្ឋលើការ តភ្ជាប់បណ្តាញលូចេញពីផ្ទះប្រជាពលរដ្ឋទៅកាន់បណ្តាញ លូមេទៀត រដ្ឋបាលរាជធានីភ្នំពេញនិងចាត់វិធានការច្បាប់។ប៉ុន្តែបើក្នុង ករណីប្រើប្រាស់កម្លាំងពលកម្មនិងសម្ភារៈមួយចំនួន គឺតម្រូវឲ្យមានការបង់ប្រាក់ជាមួយនឹងក្រុមហ៊ុន ម៉ៅការស្ថាបនាបណ្តាញលូនោះ វាជារឿងធម្មតា។
អ្នកនាំពាក្យបន្តថា៖ចំពោះបុគ្គលនិងក្រុមហ៊ុនឬអង្គភាពរដ្ឋណាមួយពាក់ព័ន្ធករណីជំរិតទារប្រាក់ពីប្រជាពលរដ្ឋជុំវិញការសុំភ្ជាប់បណ្តាញលូសាធារណៈនេះគឺជាទង្វើខុសច្បាប់ ដែលរដ្ឋបាលរាជធានីភ្នំពេញ ស្នើឲ្យបញ្ឈប់ករណីនេះជាបន្ទាន់ បើពុំដូច្នេះទេនិងចាត់វិធានការតាមផ្លូវច្បាប់។
លោកបញ្ជាក់ថា៖ ការសម្រេចចាត់វិធានការណ៍ដូច្នេះ គឺឆ្លើយតបទៅនឹងសំណើពាក្យបណ្តឹងរបស់ប្រជា ពលរដ្ឋដែលមានការថ្នាំងថ្នាក់កន្លងមក។ប៉ុន្តែលោកថាករណីនេះពុំមែនប្រព្រឹត្តដោយមន្រ្តីរដ្ឋបាលរាជធានីភ្នំពេញឡើយ គឺវាកើតឡើងរវាងបុគ្គលិកក្រុមហ៊ុនមួយចំនួនដែលអនុវត្តប្រាសចាកពីកិច្ចសន្យា លួចកេងចំណេញពីប្រជាពលរដ្ឋ៕ សំរិត