ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនម្នាក់បើករថយន្តឈប់ចាំស្តុបត្រូវក្រុមចោរខ្ទើយបើកទ្វារយកកាបូបអស់លុយជិត៨ពាន់ដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់បើករថយន្តឡិចសុីសមកឈប់រង់ចាំស្តុប ត្រូវក្រុមចោរខ្ទើយ ៣នាក់ជិះម៉ូតូមកឈប់ក្បែរ ហើយបក្ខពួកគេ២នាក់ចុះមកធ្វើសកម្មភាពបើកទ្វារលួចយកកា បូបរួចនាំគ្នារត់ឡើងជិះម៉ូតូគេចខ្លួន ត្រូវជនរងគ្រោះ បើករថយន្តដេញបុកបណ្ដាលឲ្យដួល ម៉ូតូរួចត្រូវបានប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ចាប់វាយឡើងទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៤៥នាទីយប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវព្រះសីហនុ កែងនឹងផ្លូវ ១៦៣ ត្រង់ចំណុចស្តុបវត្តមហាមន្ត្រី ស្ថិតក្នុងសង្កាត់ អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ សាវឌី ភេទទីបី អាយុ២៤ឆ្នាំ មុខរបរលក់គ្រឿងក្រអូប ស្នាក់នៅ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ចំណែក២នាក់ទៀតដែលរត់គេចខ្លួនមាន ឈ្មោះ អាកា និង អាឡិន ។

ចំណែកជនរងគ្រោះ មានឈ្មោះ Liu Hongda ជនជាតិចិន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ Business ស្នាក់នៅ APARTMENT ។

ប្រភពព័ត៌មានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានចេញមកពីញាំអីនៅហាងចិនមួយកន្លែងម្ដុំផ្សារអូឡាំពិក ដោយបើករថយន្តមួយគ្រឿងម៉ាក ឡិចសុីស ពណ៌ទឹកមាស ពាក់ស្លាកលេខ តាកែវ 2L-2089 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីហនុ ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើ រថយន្តបានឈប់ចាំសញ្ញាភ្លើងស្តុប ពណ៌ ខៀវ ខណៈ ដែលកំពុងឈប់ចាំនោះ ក៏ស្រាប់តែមានក្រុម ខ្ទើយដែលជាជនសង្ស័យមានគ្នា៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកស្គុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CO-4779 ជិះឌុបគ្នាមកឈប់ក្បែរ រថយន្ត ជនរងគ្រោះរួចគ្នាគេពីរនាក់បានចុះមកធ្វើសកម្មភាពបើករថយន្តដោយម្នាក់បើកទ្វារខាងមុខ និងម្នាក់ទៀតបើកទ្វារក្រោយ ហើយបានយកកាបូបលុយដែលមានលុយជិត8000ដុល្លារ និងឯកសារសំខាន់ៗមួយចំនួន រួមទាំងប៉ាស្ពរ័មួយស្លឹក រួចពួកគេបានរត់ឡើងជិះម៉ូតូបំណងគេចខ្លួន តែត្រូវជនរងគ្រោះបើករថយន្តដេញតាមរហូតមកដល់ ផ្លូវ២៨៤ ជាប់របងវត្តមហាមន្ត្រី ខាងត្បូង ទើបបុកពីក្រោយម៉ូតូបណ្ដាលឲ្យដួលហើយត្រូវបានប្រជាពលរដ្ឋជួយចាប់បានម្នាក់ រួចស្វាគមន៍មួយដៃមួយជើងឡើងទ្រមខ្លួន ចំណែកពីរនាក់ទៀតបានរត់គេចខ្លួនចូលក្នុងវត្តមហាមន្ត្រីបាត់ស្រមោល ដោយយកទាំងកាបូបទៅជាមួយផងដែរ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំយកជនសង្ស័យមក សាកសួរនៅប៉ុស្តិ៍នគរបាលអូឡាំពិកហើយ ជនរងគ្រោះបានដាក់ពាក្យប្ដឹង បន្ទាប់សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅអធិការដ្ឋានខណ្ឌចំការមន ចាត់ការបន្តតាមច្បាប់ ។ រីឯរថយន្តសមត្ថកិច្ចប្រគល់ឲ្យម្ចាស់យកទៅជួសជុលដោយខ្លួនឯង ៕ដោយ៖ភារ៉ា ដង្កោ


ចែករំលែក៖