ភ្នំពេញ៖ រថយន្តកុងតឺន័រមួយគ្រឿង បើកយ៉ាងលឿន ហើយវាក់អើនឹងម៉ូតូឆ្លងកាត់ពីមុខ តៃកុងជាន់ហ្រ្វាំងអូសរថយន្តបោកទៅផ្នែកខាងស្តាំ ហើយរេទៅបុកសំយ៉ាប់ផ្ទះប្រជាពលរដ្ឋពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង១០និង២០នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវបេតុងចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B,3036 ជាក្រុមហ៊ុនដឹកជញ្ជូន សីុថប ដែលបើកបរក្នុងទិសដៅពីត្បូងទៅជើង លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែមាន ម៉ូតូ២គ្រឿង ជិះបត់ឆ្លងផ្លូវ ក្នុងទិសដៅពីកើតទៅត្បូង ហើយរថយន្តបង្កខាងលើបានជាន់ហ្រ្វាំងអូសបណ្ដាលឲ្យបោករេចង្កូតទៅផ្នែកខាងស្តាំហើយទៅបុកសំយ៉ាបផ្ទះប្រជាពលរដ្ឋពេញទំហឹងចំនឹងកញ្ចក់រថយន្តបែកខ្ទេច តែមិនបង្ករងរបួសដល់អ្នកបើកបរឡើយ។ ចំណែកឯផ្ទះខូចសំយ៉ាបខាងមុខយ៉ាងខ្លាំង និងប្រេះសរស ជាច្រើនកន្លែង។
បន្ទាប់មកអ្នកបើកបររថយន្តខាងលើមានការភ័យខ្លាចប្រជាពលរដ្ឋវាយហើយបើកទ្វារចុះរត់គេចខ្លួនបាត់បន្សស់ទុករថយន្តនៅកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុ មានភាគីតំណាងខាងរថយន្តបង្កខាងលើ មកដោះស្រាយនៅកន្លែងកើតហេតុ តែដោយមានការខូចខាតច្រើនពេក ខាងតំណាងរថយន្តបានប្រគល់ឲ្យជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ វាស់វែង និងយកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយ៕ សុខាសែនជ័យ