ភ្នំពេញ៖ អេស ស៊ី ជី ដែលជាក្រុមហ៊ុនអន្តរជាតិឈានមុខគេមួយនៅតំបន់អាស៊ាន បានបញ្ចេញរបាយការណ៍លទ្ធផលប្រតិបត្តិការបូកសរុប សម្រាប់ឆមាសទី១ នៃឆ្នាំ២០១៧ ដោយក្នុងនោះ នៅប្រទេសកម្ពុជា ក្រុមហ៊ុនរកប្រាក់ចំណូលពីការលក់បាន ៦៨៥ ពាន់លានរៀល (ឬ ១៧០ លានដុល្លារអាមេរិក) ដែលជាការថយចុះ ២ភាគរយ ធៀបនឹងឆ្នាំមុន ។
យោងតាមសេចក្តីប្រកាសចុងក្រោយនេះ ក្រុមហ៊ុន អេស ស៊ី ជី ដែលមានអាជីវកម្មក្នុងប្រទេសជាច្រើននៅតំបន់អាស៊ាន រកប្រាក់ចំណេញបានប្រហាក់ប្រហែលនឹងកាលពីឆ្នាំ២០១៦ដែរ សម្រាប់រយៈពេលប្រាំមួយខែដំបូងនេះ ។ ក្រុមហ៊ុនបានបង្ហាញទៀតថា យុទ្ធសាស្រ្តវិនិយោគប្រកបដោយនិរន្តរភាពនៅតំបន់អាស៊ាន កំពុងមានដំណើរការទៅស្របតាមផែនការ ។
លោក Roongrote Rangsiyopash ប្រធាន និងអគ្គនាយកក្រុមហ៊ុន អេស ស៊ី ជី បានមានប្រសាសន៍ថា “ក្រុមហ៊ុន អេស ស៊ី ជី បន្តពង្រីកអាជីវកម្មនៅក្នុងតំបន់អាស៊ាន ។
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន អេស ស៊ី ជី បានអនុម័តគម្រោងវិនិយោគរោងចក្រគីមីឥន្ធនៈ ដំបូងគេនៅវៀតណាម គឺក្រុមហ៊ុន Longsan Petrochemicals Limited (LSP) ដែលក្នុងនោះចំណែកភាគហ៊ុនរបស់ អេស ស៊ី ជី មាន ៧១% ឬស្មើនឹងទឹកប្រាក់ ៥.៤០០ លានដុល្លារអាមេរិក ។ ខ្សែសង្វាក់ផលិតកម្មពីរោងចក្រថ្មីនេះ នឹងផលិតផលបាននូវហ្វាយប័រអូឡេហ្វីន (Olefin) ចំនួន ១,៦ លានតោនក្នុងមួយឆ្នាំ ។
គម្រោងសាងសង់នេះ នឹងចំណាយពេលបួនឆ្នាំកន្លះ ហើយរោងចក្រអាចនឹងចាប់ផ្តើមដំណើរការនៅឆមាសទី១ នៃឆ្នាំ២០២២ ។”លោកបានបន្ថែមទៀតថា “ក្រុមហ៊ុន អេស ស៊ី ជី ក៏ទើបនឹងបានបើកសម្ពោធ “មជ្ឈមណ្ឌលអភិវឌ្ឍ Open Innovation Center” ដែលនឹងជួយបង្កើនកិច្ចសហការផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាមួយស្ថាប័នស្រាវជ្រាវ និងសាជីវកម្មនៅទូទាំងពិភពលោក ។ នេះគឺជាកិច្ចប្រឹងប្រែងព្យាយាមច្របាច់បញ្ចូលគ្នានូវគំនិតច្នៃប្រឌិតផ្សេងៗ និងបង្កើតផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិតសម្រាប់ទីផ្សារ ក៏ដូចជាដើម្បីពង្រឹងសមត្ថភាពរបស់យើងក្នុងការដោះស្រាយតម្រូវការរបស់អតិថិជនបានឆាប់រហ័ស និងប្រកបដោយភាពជាក់លាក់ ។”
សេចក្តីប្រកាសនេះ ក៏បង្ហាញផងដែរថា សម្រាប់ឆមាសទី១នេះ នៅក្នុងតំបន់អាស៊ាន (មិនរាប់បញ្ចូលប្រទេសថៃ) ក្រុមហ៊ុនរកបានចំណូលពីការលក់ស្មើនឹងទឹកប្រាក់ ៦.០៤៧ ពាន់លានរៀល (ឬ ១.៤៩៨ លានដុល្លារអាមេរិក) ដែលជាការកើនឡើង ៥% ធៀបនឹងឆ្នាំមុន និងស្មើនឹង ២៤% នៃប្រាក់ចំណូលពីការលក់សរុបរបស់ក្រុមហ៊ុន អេស ស៊ី ជី ទាំងមូល ។ គិតត្រឹមថ្ងៃទី៣០ មិថុនា ឆ្នាំ២០១៧ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន អេស ស៊ី ជី ទាំងមូល គឺមានចំនួនទឹកប្រាក់ ៦៦.៥៥១ ពាន់លានរៀល (ឬ ១៦.២៥៤ លានដុល្លារអាមេរិក) ។
សម្រាប់សកម្មភាពសង្គមនៅកម្ពុជាវិញ កាលពីពេលថ្មីៗកន្លងទៅ ក្រោមកិច្ចសហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រុមហ៊ុនបានរៀបចំព្រឹត្តិការណ៍បាល់ទាត់សប្បុរសធម៌ SCG Muangthong United ASEAN Tour ឆ្នាំ២០១៧ ដែលជាការប្រកួតលក្ខណៈមិត្តភាពសារជាថ្មី រវាងក្រុមបាល់ទាត់ SCG Muangthong United និង K-Cement Cambodia All Stars នៅឯពហុកីឡាដ្ឋានជាតិអូឡាំពិក ក្នុងរាជធានីភ្នំពេញ ។
ព្រឹត្តិការណ៍នោះមានគោលបំណងលើកស្ទួយកីឡាបាល់ទាត់នៅកម្ពុជា និងអភិវឌ្ឍកីឡាករបាល់ទាត់កម្ពុជាឲ្យឈានឡើងមួយកម្រិតទៀត ហើយមូលនិធិទាំងអស់ដែលប្រមូលបានពីការលក់សំបុត្រ និងវត្ថុអនុស្សាវរីយ៍ក្នុងអំឡុងពេលប្រកួត នឹងត្រូវប្រគល់ទៅឲ្យសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ៕ វឌ្ឍនា