ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មាន ហាស្សាន់៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឥស្លាមដំបូងគេនៅកម្ពុជា នឹងដំណើរការបើកនៅចុងឆ្នាំ២០១៧នេះ

ចែករំលែក៖

ភ្នំពេញ ៖ លោក អូស្មានហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយក រដ្ឋមន្រ្តី បានបញ្ជាក់ថា៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឥស្លាមAmanah Ikhtiyar Microfinance របស់ប្រទេសម៉ាឡេស៊ី នឹងបើកដំណើរការនៅកម្ពុជា ក្នុងពេលឆាប់ៗនេះ បន្ទាប់ពី បានធ្វើការសិក្សាស្វែងយល់អស់រយៈពេលមួយឆ្នាំកន្លងទៅ ហើយពិនិត្យឃើញថាវិស័យមីក្រូហិរញ្ញវត្ថុ គឺជាផ្នែកមួយដែលកំពុងដើរតួរយ៉ាងសំខាន់ក្នុងការលើកកំពស់សេដ្ឋកិច្ចនៅកម្ពុជា ហើយក៏កំពុងតែផ្តល់នូវភាពជោគជ័យទៅកាន់ភាគីវិនិយោគទាំងមីក្រូហិរញ្ញវត្ថុ និងធនាគារផងដែរ ។

លោក អូស្មានហាស្សាន់ មានប្រសាសន៍បែបនេះ ក្នុងឱកាសដែលលោក ទទួលជួប គណៈប្រតិភូស្ថាប័នមីក្រូ ហិរញ្ញវត្ថុម៉ាឡេស៊ីដឹកនាំដោយ លោក SAYED HAS SAN AL SAGAFFប្រធានគម្រោងធនាគារអភិវឌ្ឍន៍ឥស្លាម (IDB)ដែលជាដៃគូរដាក់ទុនវិនិយោគជាមួយ Amanah Ikhtiyar Microfinance កាលពីថ្ងៃទី២៧ កក្ដដា ឆ្នាំ២០១៧នៅស្នាក់ការកណ្ដាលអង្គការមូលនិធិអភិវឌ្ឍន៏មុស្លិមកម្ពុជា។

លោក អូស្មានហាស្សាន់ បានបញ្ជាក់ថា៖Amanah Ikhtiyar Microfinance កំពុងសហការជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជាហើយគ្រោងនឹងដំណើរការក្នុងពេលឆាប់ៗនេះដែលនឹងចូលរួមក្នុងការទ្រទ្រង់ការផ្តល់ហិរញ្ញប្បទានលក្ខណៈជាទ្រង់ទ្រាយតូចសិន ហើយការផ្តល់ហិរញ្ញប្បទាន គឺនឹងផ្អែកទៅលើក្របខណ្ឌសាសនាឥស្លាម ដែលមិនមាន យកការប្រាក់ឡើយគ្រាន់តែបង់ថ្លៃសេវា សមរម្យប៉ុណ្ណោះ។

លោកបន្តថា៖ គ្រឹះស្ថានបែបនេះ ពិតជានឹងដំណើរការល្អប្រសើរជាមិនខាន វាជាផ្នែកមួយនៃការលើកស្ទួយ និងទ្រទ្រង់ដល់សហគ្រិនវ័យក្មេង ដែលពុំសូវមានដើមទុន អាចមានគំនិត្យចាប់ផ្តើមការវិនិយោគរបស់ខ្លួន ក្នុងទំហំ សាច់ប្រាក់រឺដើមទុនតូចល្មមព្រមទាំងមិនមានហានិភ័យខ្ពស់ស្តីពីបញ្ហាសងប្រាក់បំណុលឡើយព្រោះកម្ចីមិនត្រូវបានគិតពីការប្រាក់ទេ។

លោក SAYED HAS SAN AL SAGAFF បាន បញ្ជាក់ថា៖ ទោះបីក្នុងជំហានដំបូងយើងនឹងចាប់ផ្តើមពីការផ្តល់កម្ចីដើមទុនធនតូច តែគ្រឹះស្ថាននេះនឹងវិវត្តជាបណ្តើរៗ ខណៈ ជាអ្នកទទួល បទពិសោធន៍ផង និងប្រើពេលវេលា ផង ដើម្បីស្វែងរកដៃគូរវិនិយោគអោយកាន់តែមានទំហំ ធំ បន្ថែមទៀត សម្រាប់យកធ្វើជាដៃគូរ ។

លោកSAYED HAS SAN AL SAGAFF ក៏បានស្នើឲ្យភាគីដៃគូរនៅកម្ពុជា គឺអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បន្ដជ្រើសរើសបុគ្គលិកបម្រុង១០រូបជាជំហានដំបូង ត្រៀមខ្លួនចេញទៅសិក្សាជំនាញមីក្រូហិរញ្ញវត្ថុឥស្លាមនៅប្រទេសម៉ាឡេស៊ី ដែលគ្រោងនឹងចេញដំណើរនៅខែតុលាឆ្នាំ២០១៧ខាងមុខនេះ ក្នុង គោលបំណង ពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ត្រៀមអនុវត្ថ ក្នុងពេល គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឥស្លាមដំបូង ដំណើរការ នៅកម្ពុជា ៕ សំរិត


ចែករំលែក៖