ភ្នំពេញ៖ ករណីភូមិគ្រឹះរបស់ឧកញ៉ា ហួត វ៉ាន់ថន ដែលសាងសង់របងនិងធ្វើសួន ដាំផ្កាអមរបងរំលោភលើចិញ្ចើមផ្លូវសាធារណៈចម្ងាយជាង១០០ម៉ែត្រ ស្ថិតនៅលើផ្លូវ លេខ២៤០កែងផ្លូវលេខ១៩ ក្រោយវត្តបទុមវតី ត្រូវបានមន្រ្តីមូលដ្ឋាន រុញដាក់គ្នាទៅវិញទៅមកដោយពុំទទួល ខុសត្រូវ ។
មន្ត្រីសាលារាជធានី មន្ត្រីសាលាខណ្ឌ និងមន្ត្រីសាលាសង្កាត់សុទ្ធតែបកស្រាយថា មិនដឹងរឿងច្បាស់ហើយប្រើត្រឹមតែ មន្ត្រីភូមិដែលគ្មានសិទ្ធិសម្រេចនិងគ្មាន អំណាចចាប់បង្ខំឲ្យទៅពិនិត្យមើល ។
ចៅសង្កាត់រងចតុមុខអ្នកស្រី ខៀវ សំអុន បានឲ្យដឹងថា អ្នកស្រីមិនបានដឹង រឿងច្បាស់នោះទេ ព្រោះការងារនេះអ្នកស្រីបានប្រគល់ឲ្យក្រុមប្រឹក្សាភូមិជាអ្នកចុះមើល។ អ្នកស្រីបានបន្តថា «ខ្ញុំបានចាត់ឲ្យក្រុមប្រឹក្សាភូមិចុះទៅត្រួតពិនិត្យមើលករណី ហ្នឹងហើយគឺអ្នកស្រី ម៉ៅ អាយ គាត់បាន ចុះទៅពិនិត្យមើលហើយ» ។
អ្នកស្រី ម៉ៅ អាយ ក្រុមប្រឹក្សាភូមិ និងបានចុះទៅពិនិត្យមើលជាក់ស្តែងករណី ភូមិគ្រឹះឧកញ៉ា ហួត វ៉ានថន ដែលបាន សាងសងរបងនិងធ្វើសួនដាំផ្កាអមជាប់នឹង របងរំលោភលើចិញ្ចើមផ្លូវនេះបានប្រាប់ថា អ្នកស្រីថ្វីដ្បិតតែជាអ្នកចុះពិនិត្យនិងមើលមែនឃើញថាខុសតែអ្នកស្រីមិនមែនជា អ្នកសម្រេចទេ ព្រោះអ្នកស្រីបានធ្វើរបាយការណ៍ទៅចៅសង្កាត់ហើយសុំសួរចៅ សង្កាត់។ អ្នកស្រីថ្លែងថា «ខ្ញុំបានចុះទៅ ពិនិត្យមើលហើយឃើញថាខុសមែនហើយ ខ្ញុំមិនអាចនិយាយច្រើនបានទេ ខ្ញុំបានរាយការណ៍ទៅលោកចៅសង្កាត់ហើយសូម សួរទៅលោក សៅ ចន្ថា ដែលជាចៅសង្កាត់ ចតុមុខវិញ» ។
ចំណែកចៅសង្កាត់ចតុមុខលោក សៅ ចន្ថា បានទទួលស្គាល់ថា ការសង់របងនោះ ពិតជាខុសច្បាប់តែលោកមិនមែនជាអ្នកសម្រេចទេត្រឹមនាមជាចៅសង្កាត់នោះ ហើយលោកនឹងធ្វើរបាយការណ៍ទៅថ្នាក់លើដើម្បីពិនិត្យ និងសម្រេច ។
លោកលើកឡើងថា «ខ្ញុំបានទទួលព័ត៌មានពីលោកស្រីចៅសង្កាត់រងនិងក្រុម ប្រឹក្សាភូមិ។ ខ្ញុំបានពិនិត្យមើលថា ការសាង សង់របងនិងធ្វើសួនដាំផ្កានៅលើចិញ្ចើម ផ្លូវគឺខុសច្បាប់មែន ប៉ុន្តែខ្ញុំមិនបានដឹងរឿងនេះច្រើនទេ។ ពិតទាល់តែថ្នាក់លើជាអ្នកសម្រេចចិត្តខ្ញុំនឹងធ្វើរបាយការណ៍ជូនទៅថ្នាក់លើដើម្បីពិនិត្យមើលភូមិគ្រឹះនេះ ហើយទុកឲ្យថ្នាក់លើជាអ្នកសម្រេចចុះ ករណីនេះ» ។
ការសាងសង់របង និងព័ទ្ធរបងដោយ បាំងស័ង្កសីហើយធ្វើសួនដាំផ្កាអមជញ្ជាំងរបងដោយរំលោភលើចិញ្ចើមផ្លូវសាធារណៈ នេះអស់រយៈពេលជាងដប់ឆ្នាំ ហើយអាជ្ញាធរខណ្ឌដូនពេញអន្តរាគមន៍មិនឲ្យរុះរើចេញ ឡើយបើទោះដឹងថា ជាការសង់ខុសច្បាប់រំលោភលើចិញ្ចើមផ្លូវសាធារណៈក៏ដោយ។
លោក យស យុទ្ធី អភិបាលរងខណ្ឌដូន ពេញបានអះអាងថា លោកនឹងពិភាក្សាជា មួយមន្ត្រីសំណង់ និងភូមិបាលដើម្បីរកវិធីដោះស្រាយបញ្ហានេះ។ លោកបានបន្តថា «ប្រសិនជាភូមិគ្រឹះរបស់ឧកញ៉ា ហួត វ៉ានថន បានរំលោភលើចិញ្ចើមផ្លូវមែននិងខុសច្បាប់ មែនខាងខណ្ឌដូនពេញយើងខ្ញុំនឹងមាន វិធានការវាយកម្ទេចចោល និងឲ្យម្ចាស់ភូមិគ្រឹះធ្វើកិច្ចសន្យាដើម្បីកុំឲ្យមានការរំលោភលើចិញ្ចើមលើផ្លូវសាធារណៈនេះបន្តទៀត។ បើខាងភូមិគ្រឹះមិនស្តាប់ការណែនាំពីខាងអាជ្ញាធរនោះទេ ខាងខណ្ឌនឹងមានវិធានការផ្សេងទៀតចំពោះម្ចាស់ភូមិគ្រឹះនេះ»។
អ្នកនាំពាក្យសាលារាជធានីភ្នំពេលោក ម៉េត មាសភក្តី បានឲ្យដឹងដែរថា លោកដឹង បញ្ហាមួយនេះមិនសូវច្បាស់ទេ ប៉ុន្តែប្រសិន ជាមានពាក្យបណ្តឹងមកកាន់សាលារាជ ធានី ឬខណ្ឌនិងនៅតាមសង្កាត់សាលា រាជធានីនឹងចាត់កម្លាំងឲ្យអាជ្ញាធរចុះទៅ ពិនិត្យមើលភ្លាម ។
សូមបញ្ជាក់ថា ច្បាប់ស្តីពីផ្លូវថ្នល់ដែលត្រូវបានរដ្ឋសភាបានអនុមតកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៤ ត្រង់មាត្រា៦៤ ចែង ថា ជនណាដែលធ្វើកិច្ចការសាធារណៈទាំង ឡាយនៅក្នុងតួផ្លូវ ទ្រូងផ្លូវ ជាយផ្លូវ គែម ផ្លូវ និងដីនៅសល់នៃដីចំណីផ្លូវដោយគ្មានការអនុញ្ញាតពីសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ ត្រូវពិន័យអន្តរការជាទឹកប្រាក់ចំនួន ៥០០.០០០រៀល ។
មាត្រា៦៦នៃច្បាប់ដដែលបានចែងថា ជនណាដែលធ្វើការលើចំណីផ្លូវសម្រាប់ធ្វើផ្លូវចេញចូលគេហដ្ឋាន អគារ រោងចក្រ សហគ្រាស ឬកន្លែងផ្សេងៗដែលជាប់ផ្លូវ ថ្នល់ដោយគ្មានការអនុញ្ញាតពីសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ត្រូវពិន័យអន្តរការណ៍ជាប្រាក់ចំនួន៥០០.០០០រៀល។ ក្នុងករណីដែលទទួលរងការពិន័យអន្តរការម្តងរួចមក ហើយនៅតែបន្តប្រព្រឹត្តល្មើសទៀត ត្រូវពិន័យអន្តរការជាប្រាក់ទ្វេដង ៕ ហេង សូរិយា